គោលដៅទី៤នៃសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៩របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​
ហិរញ្ញវត្ថុ October 18, 2019 Samrith Choung

កាលពីថ្ងៃ​ទី១៧​​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​ក្រុមហ៊ុន​​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ បានសហការជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលា ដើម្បី​ចែករំលែក​ចំណេះ​ដឹង​ ​ជំនាញ​ បទប្បញ្ញាត្តិ ​ក៏ដូចជា​បទពិសោធន៍សម្បូរបែប​ទាក់ទងនឹងការវិនិយោគរបស់ខ្លួន​នៅ​ខេត្ត​កំពង់ឆ្នាំង ដែលជាគោល​ដៅ​ទី​៤​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២​០​១​៩ ក្រោមអធិបតីឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការ​មូលបត្រ​កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការ​មូលបត្រ​កម្ពុជា និងឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។​ ​ជាមួយនឹងប្រធាន​បទ​ ​«​អ្វី​ជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​៖​ ​ការ​ត្រៀម​ខ្លួន​ ​ការ​វិនិយោគ​ ​និង​ការយល់​ដឹង​ពាក់ព័ន្ធ​?​»​ ​សិក្ខាសាលា​តាម​បណ្ដា​ខេត្តឆ្នាំ២០១៩​ ផ្ដោ​ត​សំខាន់ទៅលើ​ការ​ផ្សព្វផ្សាយ​ និង​ពង្រីក​ការយល់​ដឹង​អំពី​ការ​វិនិយោគ​លើ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ការវិវត្តនៃទីផ្សារឧបករណ៍និស្សន្ទ ការ​បង្កើន​ទំនុក​ចិត្ត​របស់​វិនិ​យោគិន​ ​និងការ​ជួយ​ឱ្យវិនិយោគិនមានភាព​រួចរាល់​ក្នុង​ការ​វិនិយោគ​លើ​ឧបករណ៍​និស្សន្ទ ​ដែល​ជា​ផលិតផល​ហិរញ្ញវត្ថុ​ដ៏​ពេញ​និយម​មួយ​នៅលើសកលលោក។​ ​សិក្ខាសាលា​នៅខេត្តកំពង់ឆ្នាំងនេះ បានទាក់ទាញសិក្ខាកាមជាង១៥០នាក់។

​ឯកឧត្ដម​ ​សុខ​ ​ដារ៉ា​ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​ផ្ដល់​កិត្តិយស​ប្រកាស​បើក​កម្មវិធី​សិក្ខាសាលា​នៅគោលដៅទី៤ក្នុងឆ្នាំ២០១៩នេះ​។​ ​ឯកឧត្ដម​ ​បាន​គូស​បញ្ជាក់​ពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា​បេសកកម្ម​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការ​ពង្រឹង​បទប្បញ្ញត្តិ​ គោលការណ៍​ការពារ​វិនិ​យោគិន និងស្ដង់ដារនៃការអនុវត្តការជួញដូរ។ ជាមួយគ្នានេះដែរ ឯកឧត្ដម​ ​បានលើកទឹកចិត្ត​វិនិ​យោគិនឱ្យ​បង្កើន​ចំណេះ​ដឹង​ ​អភិវឌ្ឍ​ខ្លួនឱ្យ​រួចរាល់​ ​ក៏ដូចជា​ជ្រើសរើស​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញា​ប​ណ្ណ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ដើម្បី​គ្រប់គ្រង​ហា​និ​ភ័យ​នៅពេលវិនិយោគ។​ ​ឯកឧត្ដម​ សុខ ដារ៉ា ​ក៏បានបង្ហាញពីភាពសប្បាយរីករាយក្នុងការសហការជាមួយ​ក្រុមហ៊ុនខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដែលជាក្រុមហ៊ុនសមភាគីកណ្ដាលឈានមុខ និងតែងតែមាន​ភាព​សកម្ម​ក្នុង​ការ​ជំរុញ​ការផ្ដល់ចំណេះជំនាញវិនិយោគដល់សាធារណៈជនកម្ពុជា និងលើកមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។​

លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បង្ហាញ​ពីក្ដីសង្ឃឹម និង​សុទិដ្ធិ​និយម​ទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​និង​ជឿជាក់​ថា​ ​វា​នឹងក្លាយជា​ទុន​ដ៏​សំខាន់​សម្រាប់​វិនិ​យោគិន​ក្នុង​ការ​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និស្សន្ទ​។​ ​លោក​ ​Law​r​e​nc​e​ Kook ​ក៏បាន​ប្ដេជ្ញា​អភិវឌ្ឍ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​​ តាមរយៈការនាំមកនូវបច្ចេកវិទ្យាទំនើបចុងក្រោយ កម្មវិធីជួញដូរប្រកបដោយភាពរលូននិងតម្លាភាព ភាពសម្បូរបែបនៃផលិតផលជួញដូរ គោលការណ៍ការពារវិនិយោគិនប្រកបដោយប្រសិទ្ធភាព គុណភាពនៃសេវាកម្ម ការបណ្ដុះបណ្ដាលផ្ដល់ចំណេះដឹងនិងជំនាញ ការបង្ហាញឱកាសវិនិយោគល្អៗ និងការបង្កើនតួអង្គក្នុងទីផ្សារជាដើម។

ស្របជាមួយគ្នានេះដែរ ឯកឧត្តម ស្រ៊ន សំឬទ្ធី បានផ្ដល់កិត្តិយសថ្លែងបិទកម្មវិធីសិក្ខាសាលានៅខេត្តកំពង់ឆ្នាំង និងបានអរគុណដល់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ដែលបាននាំយកសិក្ខាសាលាផ្ដល់ចំណេះដឹងទាក់ទងនឹងការវិនិយោគដល់ប្រជាជននៅក្នុងខេត្តមួយនេះ។ ឯកឧត្តម ក៏បានរំលឹកសិក្ខាកាមឱ្យវិនិយោគជាមួយតែក្រុមហ៊ុនជំនាញ និងអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីបង្ការហានិភ័យ។ គិតមកដល់បច្ចុប្បន្ននេះ ​ក្រុមហ៊ុន​​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និងគណៈកម្មការ​មូលបត្រ​កម្ពុជា បានសហការរៀបចំសិក្ខាសាលាជាមួយរដ្ឋបាលខេត្តនៅតាមបណ្ដាខេត្ត​ចំនួន ​៩ ​រួចមក​ហើយ​ដែលក្នុងនោះរួម​មាន​៖​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​កំពង់ចាម​ ​ខេត្ត​សៀមរាប ​ខេត្ត​បន្ទាយ​មានជ័យ​ ​ខេត្ត​បាត់​ដំបង​ ​ ​ខេត្ត​តាកែវ​ ​​ខេត្ត​កំពត​ ខេត្តកែប និងខេត្តកំពង់ឆ្នាំងនេះតែម្ដង។​
*ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.cdx.com.kh ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange ឬទូរស័ព្ទមកលេខ 023 22 7777។