ឡាវគ្រោងចាប់ផ្ដើមដំណើរការសាងសង់ផ្លូវដែកឡាវ-វៀតណាម នៅឆ្នាំ ២០២១
សេដ្ឋកិច្ច October 18, 2019 Chan Sreyny

ប្រទេសឡាវនិងវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីពេលថ្មីៗនេះ ដើម្បីសិក្សា និងបញ្ចប់ការរចនាប្លង់ផ្លូវដែកយ៉ាងលម្អិត ដោយរដ្ឋាភិបាលឡាវបានប្រគល់ឲ្យក្រុមហ៊ុនសាជីវកម្មប្រេងឥន្ធនៈឡាវធ្វើការសិក្សាលទ្ធភាពលើគម្រោងផ្លូវដែកថ្មីនេះ។ ជាក់ស្ដែងផ្លូវដែកឡាវ-វៀតណាមនឹងរត់ចេញពីស្រុក Thakhaek ខេត្ត Khammuan ប្រទេសឡាវទៅកាន់ព្រំដែនប្រទេសវៀតណាមដើម្បីភ្ជាប់ជាមួយកំពង់ផែ Vung Ang នៅខេត្ត Ha Tinh ភាគកណ្តាលប្រទេសវៀតណាម។

ជាមួយគ្នានេះផ្លូវដែកថ្មីនឹងតភ្ជាប់ប្រទេសឡាវទៅកាន់តំបន់អាស៊ាន និងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការវិនិយោគពាណិជ្ជកម្ម និងកសិកម្មដែលផ្ដល់សក្ដានុពលដល់ប្រទេសឡាវដើម្បីក្លាយជាប្រទេសឧស្សាហកម្មទំនើបមួយ។ មិនតែប៉ុណ្ណោះផ្លូវនេះនឹងផ្លាស់ប្ដូរប្រទេសឡាវពីតំបន់ដែលមានដីគោកព័ទ្ធជុំវិញទៅជាប្រទេសដែលមានទំនាក់ទំនងទៅនឹងតំបន់ដែលភ្ជាប់ដោយផ្លូវដែកនេះ ដើម្បីសម្រេចបានផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

យ៉ាងណាមិញយោងតាមប្រសាសន៍ប្រធានក្រុមហ៊ុន PetroTrade បានឲ្យដឹងថាផ្លូវដែកនេះនឹងមានប្រវែងពី ២៤០ ទៅ ២៧០ គីឡូម៉ែត្រក្នុងនោះនៅក្នុងប្រទេសឡាវមានប្រវែងប្រហែល ១៥០ គីឡូម៉ែត្រ និង ១២០ គីឡូម៉ែត្រនៅខាងប្រទេសវៀតណាម។ ទន្ទឹមនឹងនេះវានឹងក្លាយជាផ្លូវដែកមួយខ្សែស្របតាមស្តង់ដារអន្តរជាតិដើម្បីដឹកជញ្ជូនទំនិញ និងដឹកអ្នកដំណើរដែលមានល្បឿនពី ៩០ ទៅ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាពីប្រទេសឥណ្ឌូនេស៊ី។ បន្ថែមពីនេះទៅទៀតបន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលវៀតណាម ក្រុមហ៊ុននឹងបន្តការស្ទាបស្ទង់ពីព្រំដែនវៀតណាមដល់កំពង់ផែ Vung Ang ។ ដោយការស្ទាបស្ទង់ និងការរចនានឹងត្រូវបញ្ចប់ក្នុងរយៈពេល ៨ ទៅ ១២ ខែ ហើយប្រសិនបើក្រុមហ៊ុនទទួលបានការអនុញ្ញាតជាផ្លូវការពីរដ្ឋាភិបាលឡាវនិងវៀតណាមការសាងសង់ផ្លូវដែកនេះនឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំ ២០២១ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤៕

អត្ថបទ៖ លីនី