មន្រ្តីប៉ូលីសបានព្យាយាមបំបែរអារម្មណ៍ក្មេងស្រីតូចម្នាក់ បន្ទាប់ពីឪពុកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍
គំនិតអប់រំ October 17, 2019 Chan Sreyny

រឿងខ្លី៖ នៅពេលកំពុងបើកបរតាមបណ្តោយផ្លូវលេខ I-៧៦ ក្បែរផ្លូវ Buckley ក្នុងក្រុង Brighton រដ្ឋ Colorado មានរថយន្តប្រភេទ SUV បានបែកកង់បណ្តាលឲ្យអ្នកបើកបរបាត់បង់ការគ្រប់គ្រង និងរេពីឆ្វេងទៅស្តាំ។ រថយន្តប្រភេទ SUV បានក្រឡាប់ធ្លាក់ចេញពីផ្លូវ ២ ទៅ​ ៣ តង់ ហើយនៅទីបំផុតក៏ឈប់ដោយរថយន្តផ្ងារឡើងលើ។ មនុស្ស ៥ នាក់ក្នុងរថយន្តប្រភេទនេះមិនបានពាក់ខ្សែក្រវ៉ាត់កៅអីទេ ហើយសមាជិកគ្រួសារទាំង ៥ នាក់នោះត្រូវបានធ្លាក់ចេញពីយានយន្ត។ គ្រួសារនេះមកពីរដ្ឋ Illinois ប៉ុន្តែបានស្ថិតនៅរដ្ឋ Colorado នៅអំឡុងពេលវិស្សមកាល។ ជាអកុសលឪពុកបានទទួលមរណភាពនៅកន្លែងកើតហេតុចំណែកម្តាយនិងកូន ៣ នាក់ផ្សេងទៀតបានរងរបួស​ ដោយកូនៗទាំងនោះមានអាយុក្រោម ៥ ឆ្នាំ និងមានទារកក្នុងនោះទៀតផង។

ក្មេងដែលអង្គុយលើកៅអីមិនរងរបួសទេ ដូចដែលអ្នកបានឃើញពីរូបភាពខាងក្រោមនាងកំពុងត្រូវបានលួងលោមដោយប៉ូលីសដែលបានមកដល់កន្លែងកើតហេតុ ដោយលោក Nick Struck គឺជាមន្រ្តីទីបីដែលបានមកដល់កន្លែងកើតហេតុ។ ពេលមកដល់ភ្លាមគាត់បានរត់ទៅពរក្មេងស្រីតូចម្នាក់ដែលមានអាយុប្រហែល ២ ឆ្នាំ។ Struck ដែលមានកូនស្រីអាយុ ២ ឆ្នាំបានចាប់ផ្តើមច្រៀង Twinkle Twinkle Little Star ទៅកាន់ក្មេងស្រីតូចនេះដើម្បីបំបែរអារម្មណ៍នាង។ គាត់បាននិយាយថា៖ “ អញ្ចឹងតួនាទីដែលយើងធ្វើបន្ទាប់ គឺយើងត្រូវធ្វើឲ្យពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព ប្រសិនបើពេលនេះជាកូនស្រីរបស់ខ្ញុំ តើខ្ញុំចង់ឲ្យគេធ្វើបែបណា? ខ្ញុំដឹងថាសម្រាប់កូនស្រីរបស់ខ្ញុំ គ្រាន់តែមាននរណាម្នាក់នៅទីនោះហើយលួងលោមនាង។ វាដូចគ្នាសម្រាប់មនុស្សពេញវ័យ ប៉ុន្តែក្មេងៗ យើងត្រូវប្រើប្រាស់កម្រិតផ្សេងទៀតក្នុងការលួងលោមពួកគេ។ ពួកគេចង់បានការផ្តល់កម្លាំងចិត្តពីអ្នក ហើយខ្ញុំចាំថាពេលដែលខ្ញុំកាន់នាង នាងកំពុងយកដៃដាក់ពីក្រោយស្មារបស់ខ្ញុំ ដូចទៅនឹងអ្វីដែលកូនស្រីខ្ញុំធ្វើ ដោយគ្រាន់តែអង្អែលថ្នមៗ ជាមួយនឹងចម្រៀង ‘Twinkle, twinkle។ ខ្ញុំមានកូនស្រីអាយុ ២ ឆ្នាំហើយនាងជាកូនដំបូងរបស់ខ្ញុំ។ ដូច្នេះត្រូវចាំថា អ្វីដែលអ្នកត្រូវគិតមុនគេគឺកូនតូចរបស់អ្នក។ ខ្ញុំមិនមែនជាបុគ្គលិកពេទ្យទេ តែខ្ញុំដឹងពីរបៀបឱបអ្នកណាម្នាក់ ហើយអ្នកជឿជាក់ថាមន្រ្តីទាំងនោះដែលនៅនឹងកន្លែងនឹងធ្វើដូចគ្នា ” ។

ដូច្នេះតើអ្វីដែលជារឿងដ៏គួរឲ្យសោកស្ដាយ៖ ការពាក់ខ្សែក្រវ៉ាត់កៅអីអាចជួយសង្គ្រោះជីវិតមនុស្សគ្រប់រូបនៅក្នុងឡានរបស់អ្នក​ ដូច្នេះកុំរអ៊ូរទាំចំពោះច្បាប់ដ៏តឹងរឹងនេះ! វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់នៅពេលឃើញអ្វីដែលមន្រ្តីប៉ូលីសធ្វើសម្រាប់ពលរដ្ឋដែលពួកគេបានស្បថដើម្បីការពារ។ ទោះបីជាវាមិនចាំបាច់ការពារពួកគេពីអ្វីមួយក៏ដោយ តែមន្រ្តីរូបនេះបានចំណាយពេលដើម្បីលួងលោមក្មេងស្រីតូចនេះ និងការពារនាងពីព្រឹត្តិការណ៍រំជួលចិត្តបំផុតមួយដែលគ្រួសារនាងបានជួបប្រទះ៕

អត្ថបទ៖ លីនី