ប្រទេសសិង្ហបុរី និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៩ និងអនុស្សារៈនៃការយោគយល់គ្នាក្នុងវិស័យផ្សេងៗដូចជា ការលុបកិច្ចសន្យាពន្ធគយ ការគ្រប់គ្រងកម្មសិទ្ធិបញ្ញា ការអប់រំ ការបង្កើតថ្មីនិងទំនាក់ទំនង និងការអភិវឌ្ឍន៍ទីក្រុងឆ្លាត។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JSBC) នៅទីក្រុង Chongqing កាលពីថ្ងៃទី ១៥ ខែតុលា។
ទន្ទឹមនឹងនេះរដ្ឋាភិបាលទាំងពីរក៏បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាការផ្លាស់ប្ដូរសេដ្ឋកិច្ច និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគីថ្នាក់រដ្ឋ។ មិនតែប៉ុណ្ណោះប្រទេសទាំងពីរក៏បានប្ដេជ្ញាចិត្តក្នងការធ្វើពាណិជ្ជកម្មសេរី និងប្រកាសយ៉ាងបើកចំហពីការចាប់ផ្ដើមសារជាថ្មីដើម្បីធ្វើឲ្យប្រសើរឡើងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសិង្ហបុរី និងចិន។ ខណៈពេលដែលសិង្ហបុរី និងចិនកំពុងប្រឈមបញ្ហានឹងបញ្ហាទូទៅរួមមានការការពារ បរិស្ថានសន្តិសុខ ស្បៀងអាហារ និងប្រជាជនវ័យចំណាស់៕
អត្ថបទ៖ លីនី


