កម្ពុជា និងប៊ុលហ្គារី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចប្រតិបត្តិកាសេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស រវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋាភិបាលប៊ុលហ្គារី ដើម្បីបង្កើនទំនាក់ទំនង និងមិត្តភាពជាប្រពៃណីរវាងភាគីទាំងពីរ ជាពិសេសការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យ សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។
កិច្ចព្រមព្រៀងនេះ គឺពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យសេដ្ឋកិច្ចរបស់ភាគីទាំងពីរ ដោយគ្រប់ដណ្ដប់លើវិស័យសំខាន់ៗជាច្រើន រាប់តាំងពីការធ្វើពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម កសិកម្ម សំណង់ ដឹកជញ្ជូន និភ័ស្តុភារ (Logistics) បរិស្ថាន ថាមពល សុខាភិបាល ទូរគមនាគមន៍ ព័ត៌មានវិទ្យា ពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce) បច្ចេកវិទ្យា អប់រំ ទេសចរណ៍ កម្មសិទ្ធបញ្ញា ហិរញ្ញវត្ថុ និងធនាគារ ធានារ៉ាប់រង វិទ្យាសាស្ត្រ និងការស្រាវជ្រាវ ព្រមទាំងកិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម ដើម្បីបម្រើការអភិវឌ្ឍកំណើនសេដ្ឋកិច្ចគ្នាទៅវិញទៅមក។
បន្ថែមពីនេះប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា-ប៊ុលហ្គារី បានឯកភាពគ្នាលើវិធានសម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមផងដែរ ជាពិសេសការលើកទឹកចិត្តក្នុងការបង្កើតធុរកិច្ចថ្មី និងការពង្រឹងទំនាក់ទំនងធុរកិច្ចដែលមានស្រាប់ ដើម្បីជំរុញទំនាក់ទំនង និងដំណើរទស្សនកិច្ចទៅវិញទៅមក របស់ឯកជន និងសហគ្រិន រួមទាំងការផ្លាស់ប្តូរព័ត៌មានធុរកិច្ច ការចូលរួមក្នុងការតាំងបង្ហាញសាធារណៈ និងពិព័រណ៍អន្តរជាតិ ផ្តល់ការជួយគាំទ្រ ក្នុងការរៀបចំព្រឹត្តិការណ៍សម្រាប់អ្នកតំណាងធុរកិច្ច កម្មវិធីសិក្ខាសាលាសន្និសីទវិទ្យាសាស្ត្រ និងកិច្ចប្រជុំនានា។
គួរបញ្ចាក់ផងដែរថាតាមរយៈការចុះកិច្ចព្រមព្រៀងថ្ងៃនេះ គេរំពឹងថានឹងជួយបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរថែមទៀត ខណៈដែលបច្ចុប្បន្នការធ្វើពាណិជ្ជកម្មនៅមានចំនួនតិចតួចនៅឡើយ ពោលគឺចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំពាក់កណ្តាលឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហុងគ្រី មានចំនួនជាង ៣០លានដុល្លារ អាមេរិកប៉ុណ្ណោះ។ ក្នុងនោះកម្ពុជា នាំចេញទៅប៊ុលហ្គារីមានទឹកប្រាក់ ២៥លានដុល្លារអាមេរិក និងនាំចូលមានទឹកប្រាក់ជាង ៥.៥ លានដុល្លារអាមេរិក៕


អត្ថបទ៖ លីនី


