យោងតាមក្រសួងពាណិជ្ជកម្មប្រទេសវៀតណាមបានឲ្យដឹងថាឧស្សាហកម្មរថយន្តក្នុងស្រុកកំពុងប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីការនាំចូលរថយន្តពីបណ្ដាប្រទេសនៅក្នុងអាស៊ានដូចជា កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។ ដោយចាប់ពីខែមករា ដល់ខែកញ្ញាការលក់រថយន្តនាំចូលបានកើនឡើង ១៥០% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងចំនួនជិត ៩៣,៦០០ គ្រឿង ខណៈដែលរថយន្តតម្លើងក្នុងស្រុកបានធ្លាក់ចុះ ១៣% ស្មើនឹង ១៣៦,៨០០ គ្រឿង។
ប្រភពដែលបានបន្តថាការនាំចូលរថយន្តនឹងបន្តកើនឡើងដោយសារតែតម្រូវការក្នុងស្រុក និងដោយសារប្រទេសវៀតណាមបានលុបចោលពន្ធនាំចូលលើរថយន្តដែលផលិតនៅក្នុងបណ្ដាប្រទេសអាស៊ានដែលមានអត្រាធ្វើមូលដ្ឋានីយកម្មយ៉ាងតិច ៤០% ចាប់តាំងពីឆ្នាំមុន។ បន្ថែមពីនេះដោយសារកង្វះអ្នកផ្គត់ផ្គង់សម្ភារៈ និងអ្នកផលិតគ្រឿងបន្លាស់ខ្នាតធំនាំឲ្យតម្លៃឡើងថ្លៃបើប្រៀបធៀបនឹងរថយន្តដែលនាំចូល ដែលជាហេតុធ្វើឲ្យទីផ្សាររថយន្តក្នុងស្រុកពិបាកក្នុងការប្រកួតប្រជែង។
យ៉ាងណាមិញបើគ្មានដំណោះស្រាយដើម្បីបង្កើនអត្រាមូលដ្ឋាននីយកម្មទេក្រុមហ៊ុនផលិតក្នុងស្រុកត្រូវប្រឈមមុខនឹងការប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាងក្នុងតំបន់។ ខណៈពេលដែលបច្ចុប្បន្នមានក្រុមហ៊ុនប្រហែល ៤០ កន្លែងនៅក្នុងប្រទេស ដែលមានសមត្ថភាពដំឡើងនិងផលិតយានយន្តបានចំនួន ៦៨០,០០០ គ្រឿងក្នុងមួយឆ្នាំ៕

អត្ថបទ៖ លីនី


