បញ្ជី Forbe 400 ដែលបានចាត់ចំណាត់ថ្នាក់អ្នកមានជាងគេបំផុតនៅអាមេរិកចំនួន ៤០០ នាក់បង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៨២ មកម្ល៉េះ។ ក្នុងនោះបើគិតមកទល់ពេលបច្ចុប្បន្នលោក Jeff Bezos, Bill Gates និង Warren Buffett បានឈរនៅលើគេក្នុងឆ្នាំថ្មីនេះក៏ពិតមែន ប៉ុន្តែមានតែមហាសេដ្ឋី ២ រូបប៉ុណ្ណោះដែលបានជាប់ក្នុងបញ្ជីជារៀងរាល់ឆ្នាំចាប់តាំងពីការចាប់ផ្ដើមដំបូងមកគឺលោក Philip Anschutz និង William Herbert Hunt ។
នៅលើតារាង Forbes 400 ដំបូងបង្អស់ក្នុងឆ្នាំ ១៩៨២ លោក Anschutz ដែលពេលនោះមានអាយុ ៤២ឆ្នាំ បានជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតទី ៧ នៅសហរដ្ឋអាមេរិកជាមួយទ្រព្យសម្បត្តិប្រមាណជាង ១ ពាន់លានដុល្លារ។ ខណៈពេលដែល William Herbert Hunt ដែលពេលនោះមានអាយុ ៥៣ឆ្នាំ ជាប់ចំណាត់ថ្នាក់លេខ ១០ ជាមួយទ្រព្យសម្បត្តិសុទ្ធប្រមាណ ១ ពាន់លានដុល្លារ។
មហាសេដ្ឋីលំដាប់ទី៧ របស់អាមេរិកក្នុងឆ្នាំ ១៩៨២ នៅតែជាមហាសេដ្ឋីដែលមានឥទ្ធិពលនាពេលបច្ចុប្បន្នក្នុងនាមជាម្ចាស់មហោស្រពតន្ត្រី Coachella និងក្រុមកីឡាធំចំនួន ២ ក្រុមជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ១១.៤ ពាន់លានដុល្លារអាមរិកបើយោងតាម Forbes ។ ចំនែកមហាសេដ្ឋីអាមេរិកដែលមានជាងគេទី១០ ក្នុងឆ្នាំ ១៩៨២ សព្វថ្ងៃរស់នៅក្នុងរដ្ឋតិចសាស់ និងមានក្រុមហ៊ុនប្រេងដ៏ធំមួយ ។ បច្ចុប្បន្នគាត់មានអាយុ ៩០ ឆ្នាំ ជាមួយទ្រព្យសម្បត្តិប្រមាណ ២.៦ ពាន់លានដុល្លារអាមេរិក និងមានក្រុមហ៊ុនប្រេង និងឧស្ម័នដែលមានមូលដ្ឋាននៅដាឡាសឈ្មោះ Petro-Hunt ដែលគ្រប់គ្រងដោយកូនប្រុសរបស់គាត់បីនាក់ ហើយគាត់ក៏ជាម្ចាស់រោងចក្រចម្រាញ់ប្រេងនៅរដ្ឋ Louisiana នេះបើយោងតាម Forbes៕

អត្ថបទ៖ លីនី


