ប្រទេសហុងគ្រីសន្យាបន្តគាំទ្រដល់កម្ពុជាលើរឿង EBA និងបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្តទៀត
សេដ្ឋកិច្ច October 16, 2019 Chan Sreyny

រដ្ឋាភិបាលហុងគ្រីបានសន្យានៅតែបន្តគាំទ្រដល់កម្ពុជា ជាពិសេសទាក់ទងទៅនឹងបញ្ហា EBA និងបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្តទៀត ដើម្បីមកសិក្សានៅប្រទេសហុងគ្រីឲ្យកាន់តែច្រើន។ ការសន្យានេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជេណូស អាឌឺ (Janos ADER) ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី ដែលធ្វេីឡេីងនៅវិមានប្រធានាធិបតី​ Sándor Palace។

នៅក្នុងជំនួបនោះផងដែរសម្តេចតេជោក៏បានពិភាក្សាជាមួយ​ ឯកឧត្តមប្រធានាធិបតីហុងគ្រី​ ទាក់ទងទៅនឹងបញ្ហានៃការគ្រប់គ្រងទឹក ដែលជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងកាលពីពេលថ្មីៗនេះ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ថា ដោយសារតែបញ្ហាទឹកនេះគឺជាបញ្ហាសំខាន់មួយរបស់ប្រទេសកម្ពុជា ហើយកាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជាក៏បានបាត់បង់នូវអគ្គិសនីប្រើប្រាស់ដោយសារតែបញ្ហានៃការខ្វះទឹកនេះផងដែរ ជាពិសេសវារីអគ្គិសនីរបស់កម្ពុជាដែលមិនមានទឹកគ្រប់គ្រាន់ក្នុងការបញ្ចេញនូវថាមពលអគ្គិសនី។

បន្ថែមពីនេះទៅទៀតសម្ដេចតេជោក៏បានលើកឡើងអំពីចំណុចពាក់ព័ន្ធទៅនឹងរឿង EBA ដោយសម្ដេចបានស្នើឱ្យឯកឧត្តមប្រធានាធិបតី​ បន្តគាំទ្រដល់កម្ពុជា ជាមួយនឹងសហភាពអឺរ៉ុប ហើយអ្វីដែលដែលកម្ពុជាចង់បាននោះ គឺចង់ឲ្យសហភាពអឺរ៉ុបមានដំណើរការ និងប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា។ ក្នុងចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូបញ្ជាក់ពីចំណុចសំខាន់នៃការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាងសហភាពអឺរ៉ុប និងអាស៊ានផងដែរ។

ជាការឆ្លើយតបឯកឧត្តមប្រធានាធិបតីហុងគ្រី បានសន្យានៅតែបន្តគាំទ្រកម្ពុជាបន្ថែមទៀត ព្រោះប្រទេសហុងគ្រី ជាមិត្តមួយរបស់ប្រទេសកម្ពុជា ហើយជាពិសេសទាក់ទងទៅនឹងកិច្ចប្រជុំស្ដីអំពីបញ្ហាទឹក ឯកឧត្តមប្រធានាធិបតីហុងគ្រី ពិតជាអរគុណជាអនេកចំពោះ​ សម្ដេចតេជោ ហ៊ុន សែន ដែលបានចែករំលែកនូវបទពិសោធន៍ ដូចជាស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ហើយឯកឧត្តមសង្ឃឹមថា នៅពេលដែល​ ឯកឧត្តម​ អញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម នឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការជជែកពិភាក្សាជាមួយសម្ដេចតេជោ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕