ឡាវសាកល្បងដំណើរការទំបន់វារីអគ្គិសនី ២៦០ មេហ្គាវ៉ាត់នៅក្នុងខ្សែទឹកមេនៃទន្លេមេគង្គ ជាប់ព្រំប្រទល់ប្រទេសកម្ពុជា
សេដ្ឋកិច្ច October 16, 2019 Chan Sreyny

ឡាវ៖ កាលពីពេលថ្មីៗនេះប្រទេសឡាវបានសាកល្បងទួរប៊ីនទីមួយ នៃទំនប់វារីអគ្គិសនី ដនសាហុង ដែលជាគំរោងមួយក្នុងចំណោមគំរោងចំនួន ២ ដែលកំពុងសាងសង់ក្នុងខ្សែទឹកមេនៃទន្លេមេគង្គ។ យ៉ាងណាមិញការសាកល្បងមុនពេលកំណត់ ត្រូវបានគេចាត់ទុកថាជាសមិទ្ធិផលដ៏អស្ចារ្យរបស់ប្រទេស ដោយតាមផែនការគម្រោងវារីអគ្គិសនីនេះនឹងចាប់ផ្ដើមដំណើរការទាំងស្រុងនៅចុងឆ្នាំនេះ។

ជាមួយគ្នានេះផងដែរទំនប់វារីអគ្គិសនី ដនសាហុង បានបើកដំណើរការសាងសង់កាលពីខែមករា ឆ្នាំ ២០១៦ នៅតំបន់ស៊ីផេនដូន នៃស្រុកខុងភាគខាងត្បូងខេត្តចំប៉ាសាក់ នៅជាប់ព្រំដែនជាមួយប្រទេសកម្ពុជា ដោយរោងចក្រនេះមានសមត្ថភាពផលិត ២៦០ មេហ្គាវ៉ាត់។ ចំពោះការសាងសង់ត្រូវបានចំណាយទឹកប្រាក់ ៥០០ លានដុល្លារអាមេរិកដែលទទួលបានការវិនិយោគដោយក្រុមហ៊ុន Mega First Corporation Berhad មកពីប្រទេសម៉ាឡេស៊ីនិងក្រុមហ៊ុនរដ្ឋ EDL-Generation សាធារណៈរបស់ឡាវ។ យ៉ាងណាមិញ​នៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់ ត្រូវបានគេរំពឹងថា​នឹងបន្ធូរបន្ថយកង្វះខាតថាមពលអគ្គិសនីនៅក្នុងតំបន់ភាគខាងត្បូងរបស់ប្រទេសឡាវរួមទាំង​ខេត្តចំប៉ាសាក់ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។

គួរបញ្ជាក់ផងដែរថា​ប៉ុន្មានឆ្នាំនេះវិស័យវារីអគ្គិសនីរបស់ប្រទេសឡាវបានរីកចម្រើនយ៉ាងខ្លាំង ដោយក្នុងឆ្នាំ ២០១៥ ប្រទេសឡាវមានតែរោងចក្រវារីអគ្គិសនីចំនួន ៩ ប៉ុណ្ណោះដែលមានកម្លាំងសរុប ៦៨០ មេហ្គាវ៉ាត់។ ប៉ុន្តែតួលេខនេះបានកើនឡើង ៦៣ និង ៧,២០៧ មេហ្គាវ៉ាត់ ខណៈពេលដែលបច្ចុប្បន្នប្រទេសឡាវកំពុងសាងសង់គម្រោងចំនួន ៣៧ ផ្សេងទៀតដែលមានកម្លាំង ៥,១៧០ មេហ្គាវ៉ាត់ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២០ និង ២០២១។ ទន្ទឹមនឹងនេះប្រទេសឡាវក៏បានគ្រោងសាងសង់រោងចក្រចំនួន ៥៥ បន្ថែមទៀតដែលមានសមត្ថភាពសរុប ២,៥៧០ មេហ្កាវ៉ាត់ដោយមានគោលបំណងប្រែក្លាយប្រទេសទៅជា “មជ្ឈមណ្ឌលផលិតអគ្គិសនី” របស់អាស៊ីអាគ្នេយ៍៕

អត្ថបទ៖ លីនី​