រដ្ឋបាលរាជធានីភ្នំពេញដាំដើមឈើប្រណិត​បីប្រភេទជាង ៣០០ ដើមនៅសងខាងគល់ស្ពានជ្រោយចង្វារ ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង និងផ្ដល់ជាម្លប់សម្រាប់អ្នកធ្វើដំណើរ
សេដ្ឋកិច្ច October 16, 2019 Chan Sreyny

ភ្នំពេញ៖ ឯកឧត្តម​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញ​ដឹកនាំដាំដើមឈើបន្ថែមនៅគល់ស្ពានជ្រោយចង្វារទាំង​សងខាងចំនួន ៣០២ ដើមក្នុងនោះមានដើមគគីរ ដើមធ្នង់ និងដើមក្រញូង ដោយមានការចូលរួមដាំពីសំណាក់មន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌដូនពេញ​។

ការដាំដើមឈើនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ កន្លងទៅនេះក្នុងគោលបំណងដើម្បីធ្វើឲ្យតំបន់គល់ស្ពានជ្រោយចង្វារប្រែក្លាយជា ឧទ្យានបៃតង ជួយលើកកម្ពស់សោភណ្ឌភាពទីក្រុង ក៏ដូចជាផ្ដល់ជាម្លប់សម្រាប់អ្នកធ្វើដំណើរទាំងអស់ផងដែរ។ យ៉ាងណាមិញ ឯកឧត្តម​ក៏បានស្នើសុំ​ឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សា និងការពារ ក្រោមពាក្យមួយឃ្លាថា៖ « ស្រលាញ់ដើមឈើ ដូចស្រលាញ់កូនចៅ! ស្រលាញ់កូនចៅ ដូចស្រលាញ់ដើមឈើ! »៕