ស្ដេចមួយអង្គទៅរកតាឥសីហើយបានសួរ ៣ សំណួរ តែឥសីមិនឆ្លើយហើយមិនខ្វល់រហូតដល់ស្អែកឡើងបន្ទាប់ពីរឿងមួយបានកើតឡើងទើបឥសីប្រាប់ចម្លើយ
គំនិតអប់រំ October 14, 2019 Chan Sreyny

កាលពីយូរយាណាស់មកហើយនៅក្នុងនគរមួយ មានឥសីម្នាក់រស់នៅក្នុងព្រៃដែលអ្នកណាៗក៏ស្គាល់ ដោយសារតែប្រាជ្ញារបស់គាត់ មនុស្សគ្រប់គ្នាតែងតែមករកគាត់ដើម្បីសុំជំនួយ។ ដោយសារភាពល្បីល្បាញរន្ទឺពេញនគរ ថ្ងៃមួយស្ដេចបានបន្លំខ្លួនធ្វើជាមនុស្សធម្មតា​ដើម្បីទៅជួបនឹងឥសី។ នៅពេលដែលស្ដេចទៅដល់កន្លែងឥសីគាត់បានឃើញថាឥសីកំពុងជីកដីនៅខាងមុខខ្ទមរបស់គាត់ ហើយនៅពេលដែលស្ដេចយាងមករកគាត់ តាឥសីបានសួរនាំស្ដេច ហើយក៏បន្តជីកដីទៀត។

ឥសីពិតជាស្គម ហើយទន់ខ្សោយហើយរាល់ពេលដែលគាត់បោះប៉ែលទៅក្នុងដីម្ដងៗ គាត់ត្រូវប្រើកម្លាំងខ្លាំង ហើយដកដង្ហើមទាំងហត់ដង្ហក់ ពេលនោះស្ដេចក៏បានចូលទៅជិតគាត់ហើយនិយាយថា៖ ” ខ្ញុំមកទីនេះដើម្បីសុំជំនួយពីអ្នក ខ្ញុំមានសំណួរ ៣ តើអ្នកអាចប្រាប់ខ្ញុំនូវចម្លើយចំពោះសំណួរទាំងនេះទេ? ” ។ ស្ដេចបានបន្តដោយសួរទៀតថា ៖

” សំណួរទី១ តើពេលណាដែលយើងគួររងចាំ និងពេលណាដែលមិនគួរ ដើម្បីកុំឲ្យមានការស្ដាយក្រោយនៅថ្ងៃមុខ? ”
” សំណួរទី២ តើមនុស្សប្រភេទណាដែលសំខាន់សម្រាប់យើងហើយគួរនៅក្បែរ និងមនុស្សប្រភេទណាដែលមិនគួរនៅក្បែរ? ”
” សំណួរទី៣ តើអ្វីជាការខិតខំប្រឹងប្រែងដ៏សំខាន់បំផុត ហើយដូច្នេះតើមួយណាដែលយើងគួរប្រើជាមួយអ្នកដទៃ? ”

ឥសីបានស្ដាប់សំនួររបស់ស្ដេចតែមិនបានឆ្លើយនោះទេ ហើយបន្តជីកដីទៀត នៅពេលឃើញបែបនេះស្ដេចបានមានបន្ទូលថា៖ ” ហុចប៉ែលមក! ខ្ញុំនឹងជីក​ដីនេះវិញ ” ភ្លាមនោះឥសីបានហុចប៉ែលឲ្យទៅស្ដេច ហើយបានអង្គុយចុះនៅលើដី។ នៅពេលជីកបានមួយម៉ោងស្ដេចបានសួរសំណួរដដែលទៅកាន់ឥសីម្ដងទៀត តែឥសីមិនបានឆ្លើយដដែល ហើយនិយាយ៖ ” ឥឡូវអ្នកសម្រាកចុះ ចាំខ្ញុំជីកម្ដង ” ប៉ុន្តែស្ដេចមិនបានឲ្យប៉ែលទៅគាត់នោះទេ ហើយបន្តជីកដដែល។

ភា្លមៗនោះពួកគេបានលឺសម្លេងនរណាម្នាក់ដែលរត់មករកពួកគេ នៅពេលពួកគាត់ក្រឡេកមើលជុំវិញក៏បានឃើញបុរសម្នាក់រត់ចេញពីព្រៃទាំងដៃអោបពោះប្រលាក់ដោយឈាមពេញខ្លួន។ បុរសម្នាក់នោះបានរត់ទៅរកស្ដេចហើយក៏ដួលសន្លប់នៅលើដី នៅពេលដែលស្ដេច និងឥសីពិនិត្យមើលពួកគាត់ទាំងពីរបានឃើញស្នាមរបួសយ៉ាងធំនៅលើពោះរបស់បុរសនោះ។ ឃើញដូច្នេះស្ដេចបានចាប់ផ្ដើមព្យាបាលបុរសនោះ ហើយបន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាស្ដេចអាចបញ្ឃប់ឈាមនៅលើមុខរបួសនោះបាន ក្រោយមកបុរសនោះក៏ដឹងខ្លួនហើយបានសុំទឹកដើម្បីផឹក ស្ដេចក៏បា​នទៅទន្លេដួសទឹកមកឲ្យបុរសនោះ។

ពេលវេលាចេះតែកន្លងទៅមុខព្រះអាទិត្យក៏ចាប់ផ្ដើមលេច ស្ដេច និងឥសីបានគ្រាបុរសនោះចូលទៅសម្រាកនៅក្នុងខ្ទមទាំងលំបាកលំបិនទម្រាំទៅដល់លើគ្រែ បន្ទាប់មកស្ដេចក៏បានលង់លក់ ដោយសារការហត់នឿយពីការងារពេញមួយថ្ងៃ។ លុះដល់ព្រឹកឡើងស្ដេចបានភ្ញាក់ ហើយក៏ក្រោកទៅមើលអាការៈរបស់បុរសនោះ ឃើញបែបនេះបុរសនោះក៏និយាយាថា៖ ” សូមអត់ទោសឲ្យខ្ញុំផង ” ភា្លមនោះព្រះអង្គមានការភ្ញាក់ផ្អើលហើយឆ្លើយតបថា៖ “ខ្ញុំមិនស្គាល់អ្នកទេ ហើយក៏គ្មានអ្វីត្រូវអត់ទោសឲ្យអ្នកដែរ “។

បុរសរងរបួសក៏បានឆ្លើយទៅកាន់ស្ដេចវិញថា៖ ” ត្រូវហើយ! អ្នកមិនស្គាល់ខ្ញុំទេ ខ្ញុំជាសត្រូវរបស់អ្នក ហើយខ្ញុំបានស្បថដើម្បីសងសឹកអ្នក ដោយឃ្លាំមើលអ្នកអស់រយៈពេលជាយូរមកហើយ។ ខ្ញុំបានលឺមកថាអ្នកមកទីនេះតែម្នាក់ឯង ដើម្បីជួបនឹងឥសី ខ្ញុំបានសម្រេចចិត្តចាំស្ទាក់អ្នកនៅតាមផ្លូវ ប៉ុន្តែថ្ងៃចេះតែរំកិលទៅៗ ខ្ញុំមិនឃើញអ្នកត្រលប់មកវិញនោះទេ ខ្ញុំក៏ដើរតាមរកអ្នក ប៉ុន្តែសំណាងមិនល្អខ្ញុំបានជួបនឹងទាហានរបស់អ្នក ពួកគេចំណាំខ្ញុំបានក៏ដេញតាមចាប់ និងធ្វើឲ្យខ្ញុំមានរបួស​។ ខ្ញុំបានរត់គេចពីពួកគេ ប៉ុន្តែខ្ញុំនឹងស្លាប់ប្រសិនបើអ្នកមិនជួយ និងយកចិត្តទុកដាក់ចំពោះខ្ញុំ។ ខ្ញុំមានបំណងសម្លាប់អ្នក តែអ្នកបានជួយសង្រ្គោះជីវិតខ្ញុំ ដូច្នេះពេលដែលខ្ញុំបានធូរស្បើយខ្ញុំនឹងបម្រើ មិនថាអ្នកចង់បានអី ខ្ញុំព្រមធ្វើគ្រប់យ៉ាង សូមលើកលែងទោសឲ្យខ្ញុំផង “។

បានស្ដាប់រឿងគ្រប់បែបយ៉ាងរួចហើយស្ដេចបានផ្សះផ្សាជាមួយសត្រូវរបស់គាត់ បន្ទាប់មកបានទៅរកឥសីហើយនិយាយថា៖ ” អ្នកមានប្រាជ្ញាសូមឆ្លើយសំណួរខ្ញុំមក ” តែឥសីក៏បានឆ្លើយ៖ “ប៉ុន្តែអ្នកបានឆ្លើយសំណួរនេះ ហើយបានដឹងពីចម្លើយរួចហើយ” ។ គ្រានោះស្ដេចមានការងឿងឆ្ងល់យ៉ាងខ្លាំងហើយនិយាយទៅកាន់ឥសី៖ ” តើខ្ញុំបានទទួលចម្លើយដោយរបៀបណា? “។

ឥសីញញឹមហើយក៏បានឆ្លើយតបទៅកាន់ស្ដេចថា៖ ” ប្រសិនបើអ្នកមិនមានភាពមេត្តាចំពោះភាពទន់ខ្សោយរបស់ខ្ញុំទេ ពីម្សិលមិញអ្នកមិនបានជួយជីកដីខ្ញុំទេ ហើយប្រសិនបើអ្នកត្រលប់ទៅវិញម្នាក់ឯងវិញនោះ បុរសនោះនឹងមកវាយប្រហារអ្នក ហើយអ្នកនឹងស្ដាយក្រោយដែលមិនបានស្នាក់នៅជាមួយខ្ញុំ។ ដូច្នេះ​ពេលវេលាសំខាន់បំផុតគឺនៅពេលដែលអ្នកកំពុជីកដី…ខ្ញុំជាមនុស្សដែលសំខាន់បំផុត ហើយការខិតខំប្រឹងប្រែងដ៏សំខាន់បំផុតគឺ ការធ្វើល្អចំពោះខ្ញុំ “។ ហើយនៅពេលដែលបុរសម្នាក់នោះរត់មករកយើងពេលវេលាសំខាន់បំផុតគឺពេលដែលអ្នកមើលថែគាត់ ព្រោះប្រសិនបើអ្នកមិនបានរុំរបួសឲ្យគាត់ទេ គាត់នឹងស្លាប់ដោយមិនមានសន្តិភាពជាមួយអ្នក។ ដូច្នេះគាត់ជាមនុស្សសំខាន់បំផុតហើយអ្វីដែលអ្នកបានធ្វើសម្រាប់គាត់គឺជាទង្វើសំខាន់បំផុត។

តម្លៃអប់រំ៖ ចូរចាំជានិច្ចថា ពេលវេលាសំខាន់បំផុត គឺមានតែពេលនេះហើយ ដែលជាពេលវេលាសំខាន់បំផុតព្រោះវាជាពេលវេលាតែមួយគត់ដែលយើងមានអំណាចលើខ្លនយើង។ មនុស្សដែលសំខាន់ជាងគេគឺជាមនុស្សដែលនូវជាមួយអ្នកពេលនេះ ព្រោះគ្មាននរណាម្នាក់អាចដឹងថាគាត់នឹងមានទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតទេ។ ការខំប្រឹងប្រែងដ៏សំខាន់បំផុតគឺ ធ្វើល្អចំពោះគាត់ ព្រោះវាមិនមែនត្រឹមតែសម្រេចគោលបំណងតែមួយគត់នោះទេ តែវាជាអ្វីដែលនៅក្នុងជីវិតរបស់មនុស្សយើងមិនអាចខ្វះបាន៕

អត្ថបទ៖ លីនី