ថៃដាក់ចេញវិធានការថ្មីៗ ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ដើម្បីសម្រេចបាន គោលដៅ ៣៩.៨ លាននាក់ និងបង្កើតចំណូលបាន ២.០៤ ពាន់លានបាតនៅក្នុងឆ្នាំនេះ
សេដ្ឋកិច្ច October 14, 2019 Chan Sreyny

ថៃ៖ ក្រុមប្រឹក្សាមន្រ្តីសេដ្ឋកិច្ចថៃបានអនុម័តជាគោលការណ៍ និងវិធានការថ្មីដែលស្នើដោយក្រសួងទេសចរណ៍ និងកីឡាដើម្បីជំរុញវិស័យទេសចរណ៍ក្នុងរយៈពេលខ្លី មធ្យម និងវែង។ វិធានការសម្រាប់រយៈពេលខ្លីដែលនឹងត្រូវអនុវត្តក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០១៩ នេះ មានគោលបំណងដើម្បីបំពេញគោលដៅទទួលភ្ញៀវទេសចរបរទេសចំនួន ៣៩.៨ លាននាក់ និងបង្កើតចំណូលបាន ២.០៤ ពាន់លានបាតផងដែរ។

ជាមួយគ្នានេះដែរវិធានការរយៈពេលខ្លីរួមមាន ទិដ្ឋការត្រលប់មកវិញដោយឥតគិតថ្លៃ សម្រាប់ទេសចរបរទេសដែលទៅកម្សាន្តប្រទេសជិតខាងតាមផ្លូវគោក ការតំឡើងពន្ធលើតម្លៃបន្ថែម ឬពន្ធអាករ (VAT) ដល់ភ្នាក់ងារផ្ដល់ប្រាក់ត្រលប់មកវិញ ការបន្ថែមតម្លៃទាបទៅលើពន្ធអាករនៅតាមគោលដៅទេសចរណ៍ធំៗ និងការបង្វិលសងប្រាក់វិញជាសាច់ប្រាក់នៅនឹងកន្លែង។ ដោយឡែកសម្រាប់ក្រុមហ៊ុនក៏ត្រូវបានអនុញ្ញាតឲ្យទាមទារកាត់កាតចំណាយរហូតដល់ពីរដង ប្រសិនបើពួកគេរៀបចំសិក្ខាសាលា ឬ កិច្ចប្រជុំនៅក្នុងប្រទេស ខណៈដែលច្បាប់ទាក់ទងនឹងការធ្វើដំណើររបស់ជនបរទេសដែលទទួលបានទិដ្ឋាការរយៈពេលវែងនៅក្នុងប្រទេសថៃនឹងត្រូវបានពិចារណាឡើងវិញ។

ទន្ទឹមនឹងនេះវិធានការរយៈពេលមធ្យម និងយៈពេលវែង រដ្ឋាភិបាលនឹងផ្ដល់ជំនួយហិរញ្ញវត្ថុជាទម្រង់ប្រាក់កម្ចី ដល់សណ្ឋាគារ និងភ្នាក់ងារផ្តល់កន្លែងស្នាក់នៅផ្សេងទៀតដើម្បីធ្វើប្រសើរឡើងនៅលក្ខណៈសម្បត្តិរបស់ពួកគេ ខណៈដែលច្បាប់សុវត្ថិភាពថ្មីនឹងត្រូវបានអនុវត្តដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ ឬការស្លាប់សម្រាប់ភ្ញៀវទេសចរ។ លើសពីនេះប្រទេសថៃក៏គ្រោងនឹងរៀបចំព្រឹត្តិការណ៍កម្សាន្ត និងកីឡាសំខាន់ៗផងដែរ ក្នុងគោលបំណងដើម្បីបង្កើនចំនួនភ្ញៀវទេសចរខណៈពេលដែលព្យាយាមទាក់ទាញសន្និសីទអន្តរជាតិបន្ថែមទៀតមកកាន់ប្រទេសនេះ។

គួរបញ្ជាក់ផងដែរថាកាលពីដើមសប្តាហ៍នេះក្រសួងកំពុងជំរុញការកាត់បន្ថយពន្ធលើផលិតផលម៉ាកដើម្បីជំរុញវិស័យទេសចរណ៍ដែលជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេស។ ហើយកាលពីឆ្នាំមុនប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៣៨.២ លាននាក់កើនឡើង ៧.៣% ពីមួយឆ្នាំទៅមួយឆ្នាំ​ ដោយនៅឆ្នាំក្រោយប្រទេសនេះរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៤១.៨ លាននាក់ដែលនឹងចំណាយថវិកាចំនួន ២.២២ ពាន់ពាន់លានបាត៕

អត្ថបទ៖ លីនី