សិង្ហបុរីហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងរឹតបន្តឹងបទប្បញ្ញត្តិលើភេសជ្ជៈមានជាតិស្ករខ្ពស់ ដើម្បីប្រឆាំងនឹងជំងឺទឹកនោមផ្អែម
សេដ្ឋកិច្ច October 12, 2019 Chan Sreyny

សិង្ហបុរី៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃទី១០ ខែតុលា​ថាប្រទេសសិង្ហបុរីនឹងក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលហាមឃាត់ការចាក់ផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈដែលមានកម្រិតជាតិស្ករ។ ទន្ទឹមនឹងនេះនៅលើការវេចខ្ចប់គ្រប់ផលិតផលភេសជ្ជៈដែលមានកម្រិតជាតិស្ករពីមធ្យមទៅខ្ពស់ ត្រូវបង្ខំឲ្យដាក់សារព្រមាននៅខាងមុខដើម្បីបង្ហាញពីកម្រិតនៃការបង្កគ្រោះថ្នាក់នៃភេសជ្ជៈ ក៏ដូចជាព្រមានដល់អ្នកប្រើប្រាស់។

ជាមួយគ្នានេះដែររដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងថា ការផ្លាស់ប្ដូរនេះត្រូវបានបង្កើតឡើង ដើម្បីទប់ស្កាត់ការប្រើប្រាស់កម្រិតស្ករដែលអាចផ្ដល់ផលប៉ះពាល់ដល់សុខភាព មិនតែប៉ុណ្ណោះដើម្បីលើកទឹកចិត្តដល់ប្រជាជនឲ្យចេះបែងចែក និងជ្រើសរើសផលិតផលដែលល្អសម្រាប់សុខភាពរបស់ពួកគេផងដែរ។ ដោយការហាមឃាត់នឹងត្រូវបានអនុវត្តនៅគ្រប់វេទិកាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមទាំងការចាក់ផ្សាយការផ្សាយពាណិជ្ជកម្មខាងក្រៅ និងលើបណ្តាញអ៉ីនធឺណេតដូចជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។

គួរបញ្ជាក់ផងដែរថាភេសជ្ជៈមានជាតិស្ករខ្ពស់មានប្រជាប្រិយភាពនៅប្រទេសសឹង្ហបុរីដែលស្មើនឹងពាក់កណ្តាលនៃភេសជ្ជៈមានជាតិស្ករដែលត្រូវបានលក់នៅទីនេះ ដែលជាមូលហេតុដែលធ្វើឲ្យសិង្ហបុរីជាប្រទេសដែលមានអត្រា​ជម្ងឺទឹកនោមផ្អែមខ្ពស់បំផុតមួយនៅលើពិភពលោក។ ជាមួយគ្នានេះការប្រើប្រាស់ផ្លាកសញ្ញាព្រមានបានទទួលការគាំទ្រខ្ពស់បំផុតគឺ ៨៤% នៃអ្នកឆ្លើយតបជាង ៤០០០ នាក់ពេញចិត្តចំពោះវា៕

អត្ថបទ៖ លីនី