ថៃ៖ ចំនួនភ្ញៀវទេសចរអឺរ៉ុបដែលមកកម្សាន្តនៅប្រទេសថៃត្រូវបានគេរំពឹងថានឹងថយចុះ ១.៥% សម្រាប់ ៨ខែដំបូងឆ្នាំនេះ បើធៀបនឹងឆ្នាំ ២០១៨ គឺប្រមាណ ៦.៦៦ លាននាក់នេះបើយោងតាមតួលេខដែលបានចងក្រងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ។ ប៉ុន្តែយោងតាមកំណើនភ្ញៀវទេសចរអឺរ៉ុបដែលកើនឡើងខ្លាំងនាពេលកន្លងមក គឺមិនមានស្ថាភាយ៉ាប់យ៉ឺនដូចរបាយការណ៍នោះទេ។
ប្រភពដដែលបានបន្តថាគម្រោងចំណាយរបស់ភ្ញៀវទេសចរទាំងនោះនឹងធ្លាក់ចុះ ១% ដោយសារតែពួកគេកំពុងតែសម្រួលថវិកាសម្រាប់វិស្សមកាលរបស់ពួកគេ ខណៈពេលដែលតម្លៃនៃប្រាក់បាតថ្លៃជាងរូបិយប័ណ្ណរបស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយរបាយការណ៍របស់មជ្ឈមណ្ឌលរំពឹងថាក្នុងរយៈពេល ៤ ខែចុងក្រោយនៃឆ្នាំ ២០១៩នេះ ចំនួនភ្ញៀវទេសចរណ៍អឺរ៉ុបនឹងមានចំនួនប្រហាក់ប្រហែលគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យ៉ាងណាមិញរបាយការណ៍របស់ក្រសួងទេសចរណ៍ និងកីឡាថៃបានបង្ហាញថាចាប់ពីខែមករា ដល់ខែសីហាឆ្នាំនេះ ចំនួនភ្ញៀវទេសចរអឺរ៉ុបដែលមកកម្សាន្តមានត្រឹមតែ ៤.៤៤ លាននាក់ ធ្លាក់ចុះ ១.៩%។ ដោយការធ្លាក់ចុះនេះជាភ្ញៀវមកពីប្រទេសរុស្សី អាល្លឺម៉ង់ ស៊ុយអ៊ែត និងបារាំង ស្របពេលដែលឆ្នាំនេះវិស័យទេសចរណ៍របស់ប្រទេសថៃកំពុងប្រឈមនឹងបញ្ហាមួយចំនួនដូចជាគ្រោះទឹកជំនន់ តម្លៃប្រាក់បាតខ្ពស់ និងការប្រកួតប្រជែងខ្លាំងជាមួយគោលដៅក្នុងតំបន់ដទៃទៀតដែលបង្កើនយុទ្ធនាការផ្សព្វផ្សាយទីផ្សារទេសចរណ៍របស់ពួកគេ៕

អត្ថបទ៖ លីនី


