យោងតាមរបាយការណ៍ថ្មីរបស់ធនាគារពិភពលោក (WB) ដែលបានចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលាបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថានឹងមានជាមធ្យម ៧% នៅក្នុងឆ្នាំនេះ បន្ទាប់ពីទទួលបានអត្រាកំណើនសេដ្ឋកិច្ចល្អប្រសើរជាងការរំពឹងទុក ៧.៥% កាលពីឆ្នាំ ២០១៨។ ក្នុងនោះផងដែរបានបង្ហាញថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចេញសម្លៀកបំពាក់ និងស្បែកជើង វិស័យទេសចរណ៍ អចលនទ្រព្យនិងកសិកម្ម។
ជាមួយគ្នានេះរបាយការណ៍ដដែលបានបង្ហាញថាការនាំចេញសម្លៀកបំពាក់ និងស្បែកជើងមានចំនួនប្រមាណ ៧០% នៃការនាំចេញទំនិញសរុបបានកើនឡើង ១៧.៧%នៅក្នុងឆ្នាំ ២០១៨ ប៉ុន្តែបានធ្លាក់ចុះបន្តិចមកនូវត្រឹម ១៥.៣% នៅក្នុងខែមិថុនាឆ្នាំ ២០១៩។ ទន្ទឹមនឹងនេះបើទោះបីជាការនាំចេញមានការថយចុះបន្តិចក៏ពិតមែន ប៉ុន្តែការវិនិយោគវិស័យសំណង់នៅតែបន្តរីកចម្រើនជាលំដាប់។ ជាក់ស្ដែងកំណើននៃការនាំចូលដែកបានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៦៣.៥% រយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។
ដោយឡែកប្រភពដដែលបានបន្តថាវិស័យទេសចរណ៍នៅតែរក្សាកំណើនដដែល ដោយចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើង ១១.២% ក្នុងមួយឆ្នាំកាលពីខែមិថុនា ឆ្នាំ២០១៩ បើធៀបទៅនឹងឆ្នាំ ២០១៨ មានត្រឹមតែ ១០.៧%។ ខណៈដែលការកើនឡើងនៅឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិជិត ៤០% មកពីប្រទេសចិន៕


អត្ថបទ៖ លីនី


