ត្បូងឃ្មុំ៖ ផ្កាសាគូរ៉ាជាង ១០០ ដើមនឹងរីករាយស្គុះស្គាយបង្អួតសម្រស់លោមពណ៌តាមដងផ្លូវក្នុងតំបន់រដ្ឋបាលខេត្តត្បូវឃ្មុំ ដោយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ធ្វើការដាំដើមផ្កាសាគូរ៉ា ចំនួនប្រមាណ១២០ដើម ជាជំហានទី១ តាមបណ្ដោយផ្លូវភ្លោះក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយតាមគម្រោងនឹងមានការដាំផ្កាប្រភេទនេះ និងដើមផ្កា ក៍ដូចជារុក្ខជាតិផ្សេងៗទៀត រហូតដល់ប្រមាណ១ម៉ឺនដើម ក្នុងការបន្តសកម្មភាពលើកសម្រស់ខេត្តបន្ថែមទៀត។
ជាមួយគោលបំណងនៃការដាំដើមផ្កាសាគូរ៉ានេះ ឯកឧត្តមបណ្ឌិតបានថ្លែងបញ្ជាក់ថា ដើមផ្កាសាគូរ៉ានេះ ធ្វើការដាំឡើងដើម្បីលើកកម្ពស់បរិស្ថាន ពិសេសក្រោយដើមផ្កានេះធំពេញរូបរាង មានផ្កាដ៍ស្រស់ស្អាត ដែលប្រជាជនជប៉ុន ក៍ដូចជាគ្រប់ប្រទេសទូទាំងពិភពលោក ដែលបានស្គាល់ពីសម្រស់ដើមផ្កានេះ ពិតជានឹងផ្តល់សោភ័ណភាពថ្មីប្លែកមួយកម្រិតទៀត ព្រមទាំងសម្រាប់លម្អទីប្រជុំទីរួមខេត្ត ជាពិសេសទាក់ទាញភ្នែក អន្ទងចិត្តភ្ញៀវទេសចរក្នុងខេត្ត ក្នុងស្រុក និងក្រៅស្រុកមកទស្សនាកំសាន្ត បាននាពេលរដូវផ្កានេះបង្អួតសម្រស់ ដែលជាការលើកមុខមាត់ថ្មី លើកទឹកដីខេត្តកូនពៅមួយនេះ៕






