ប្រទេសជប៉ុនបានប្ដេជ្ញាចិត្តជួយជំរុញអ្នកវិនិយោគ និងភ្ញៀវទេសចរឲ្យមកវិនិយោគ និងទស្សនាកម្សាន្តនៅកម្ពុជាកាន់តែច្រើនថែមទៀត។ ការប្ដេជ្ញានេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា។ នៅក្នុងជំនួបនោះផងដែរឯកអគ្គរាជទូតជប៉ុន បានកត់សម្គាល់អំពីការអភិវឌ្ឍ និងការវិវត្តន៍ថ្មីៗលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ជាក់ស្ដែងសម្រាប់ ៧ខែ ដើមឆ្នាំ ២០១៩ នេះកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនសរុប ១៤ ម៉ឺននាក់ ហើយភ្ញៀវទេសចរជប៉ុននៅតែជាភ្ញៀវទេសចរដែលមានកំណើនសម្រាប់តំបន់ខេត្តសៀមរាប។
ក្រៅពីការប្ដេជ្ញាចិត្តរបស់អគ្គរាជទូតជប៉ុនថ្មី ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានស្នើដល់អគ្គរាជទូតជប៉ុនជួយជំរុញឲ្យមានជើងហោះហើរត្រង់បន្ថែមទៀត ភ្ជាប់ទីក្រុងសំខាន់ៗរវាងប្រទេសជប៉ុន និងកម្ពុជា ដូចជាជើងហោះហើរត្រង់ភ្ជាប់ពីទីក្រុងតូក្យូមកកាន់ខេត្តសៀមរាប ដែលកន្លងមកនេះភាគីទាំងពីរមានជើងហោះហើរត្រង់ពីទីក្រុងតូក្យូ មកកាន់រាជធានីភ្នំពេញ។ ព្រមជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឲ្យឯកអគ្គរាជទូតជប៉ុន ជួយសម្រួលឲ្យមានស្លុតចុះយន្តហោះនៅទីក្រុងអូសាកា ដែលក្រុមហ៊ុនអាសចរណ៍កម្ពុជាអង្គរអ៊ែរ គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិកំពុងតែមានការសិក្សាគម្រោងហោះហើរទៅកាន់ទីក្រុងអូសាកានេះ។
បន្ថែមពីនេះទៅទៀតក៏បានស្នើឲ្យភាគីជប៉ុនជួយសិក្សារៀបចំខេត្តសៀមរាប ជាពិសេសក្រុងសៀមរាប និងក្រុងបាត់ដំបង ជាទីក្រុងឆ្លាតវៃ (Smart City) ព្រោះភាគីជប៉ុនមានបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាបទពិសោធន៍ក្នុងការរៀបចំកិច្ចការទាំងអស់នេះ។ ព្រមជាមួយនឹងការជំរុញឲ្យមានការវិនិយោគលើវិស័យទេសចរណ៍កាន់តែច្រើន។ ដោយកន្លងមកការវិនិយោគរបស់ជប៉ុននៅរមណីយដ្ឋានវីគិរីរម្យ នៅខេត្តកំពង់ស្ពឺ បានជំរុញឲ្យមានវិនិយោគិន ជួយអភិវឌ្ឍន៍តំបន់ទេទឹកពុះ ដែលជាតំបន់ Hot Spring មួយដ៏ល្អនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលភាគីជប៉ុនមានបទពិសោធន៍ច្រើនក្នុងការធ្វើការងារទាំងអស់នេះ៕


