ព្រលានយន្តហោះប៉ោយប៉ែត​ដែលមានទំហំប្រមាណ ៣០០ ហិកតា កំពុងស្ថិតក្នុងការសិក្សាគម្រោងពីក្រុមហ៊ុនវិនិយោគ
សេដ្ឋកិច្ច October 11, 2019 Chan Sreyny

គម្រោងព្រលានយន្តហោះប៉ោយប៉ែតដែលរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យមានការអភិវឌ្ឍឡើងវិញមិនទាន់បានចាប់ផ្ដើមនៅឡើយទេ​ បន្ទាប់ពីក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានប៉ោយប៉ែត (PAI) បានទទួលការយល់ព្រមពីរដ្ឋាភិបាលដើម្បីបន្តគម្រោងកាលពីខែឧសភាឆ្នាំមុន។ យ៉ាងណាមិញគម្រោងនេះនូវតែបន្តក្នុងការសិក្សា និងមិនមានការបញ្ជាក់ណាមួយថាតើគំរោងនេះនឹងចាប់ផ្ដើមការសាងសង់នៅពេលណានោះទេ។

ជាមួយគ្នានេះដែរ​អាកាសយានដ្ឋាននេះនឹងត្រូវសាងសង់នៅលើផ្ទៃដី ៣០០ ហិកតា ដែលមានចម្ងាយប្រមាណ ១៣ គីឡូម៉ែត្រពីទីប្រជុំជនដោយត្រូវបានសាងសង់ពីក្រុមហ៊ុន (PAI) ដែលមានធនធានគ្រប់គ្រាន់សម្រាប់បញ្ចប់គម្រោងនេះ។ ខណៈដែលគម្រោងនេះត្រូវបានគេប៉ាន់ប្រមាណថានឹងត្រូវចំណាយទឹកប្រាក់ពី ៤០ ទៅ ៥០ លានដុល្លារ ដោយអាកាសយានដ្ឋាននេះត្រូវបានស្នើឡើងក្នុងការសាងសង់សម្រាប់ជើងហោះហើរក្នុងស្រុក ហើយនឹងអាចទទួលយន្ដហោះធំៗ ដូចជា Airbus A320 ឬ Boeing 737 មកចុះចតបាន។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន PAI ត្រូវបានផ្តល់ការអនុញ្ញាតឱ្យសាងសង់ព្រលានយន្តហោះប៉ោយប៉ែតត្រឡប់មកវិញនៅឆ្នាំ ២០០៧ ប៉ុន្តែគម្រោងនេះត្រូវបានទុកចោលដោយសារតែវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ​ ២០០៨។ បច្ចុប្បន្នក្រុមហ៊ុនបានសម្រេចស្តារគម្រោងនេះឡើងវិញបន្ទាប់ពីមើលឃើញពីសក្តានុពលនៃការអភិវឌ្ឍន៍នៅប៉ោយប៉ែតដែលជាទីក្រុងព្រំដែនសំខាន់មួយស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ដោយនៅពេលសាងសង់រួចរាល់គេរំពឹងថានឹងជំរុញសេដ្ឋកិច្ចប៉ោយប៉ែត និងតំបន់ក្បែរៗនោះផងដែរ៕

អត្ថបទ៖ លីនី