បុរសម្នាក់ត្រូវបានបណ្ដេញចេញពីការងារដោយគ្មានមូលហេតុ ជាមួយការមាក់ងាយ បន្ទាប់មកចាប់ផ្ដើមការងារថ្មីយ៉ាងល្អតែមិនទទួលបានការតំឡើងឋានៈដោយសារការលំអៀងទៅលើខ្សែរយៈ ខឹងចិត្តពេកក៏ទៅធ្វើរឿងមួយទុកជាមេរៀនផ្ដាំទៅមនុស្សនៅក្នុងពិភពលោកដ៏កាចសាហាវទាំងនោះ
គំនិតអប់រំ October 10, 2019 Chan Sreyny

រឿងអប់រំ៖ នៅថ្ងៃមួយយុវជនដែលមានទេពកោសល្យ ប្រកបដោយក្ដីសង្ឃឹម និងក្ដីស្រមៃមួយរូបត្រូវបានអ្នកគ្រប់គ្រងជាន់ខ្ពស់បណ្តេញគាត់ចេញពីកន្លែងធ្វើការដោយបោះសម្ដីថា “ អ្នកមិនអាចធ្វើអ្វីធំដុំក្នុងជីវិតបានទេ ” ។ យុវជននោះភ័យព្រួយខ្លាំងណាស់នៅពេលដែលបាត់បង់ការងារ ព្រោះនេះជាការងារដំបូងរបស់គាត់បន្ទាប់ពីបានបញ្ចប់ថ្នាក់អនុបណ្ឌិត ប៉ុន្តែគាត់នៅតែមានក្ដីសង្ឃឹម និងទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំងក្លា ដោយគាត់បានដាក់ពាក្យសុំធ្វើការនៅកន្លែងផ្សេងទៀត។

នៅពេលសម្ភាសន៍ការងារថ្មី អ្នកគ្រប់គ្រងបានសួរគាត់តែមួយសំនួរប៉ុណ្ណោះដែលធ្វើឲ្យគាត់មានអារម្មណ៍ភ័យខ្លាចនិងមិនអាចផ្ដល់ចម្លើយបានច្បាស់លាស់ ដើម្បីទទួលបានការងារនោះទេគឺ « ហេតុអ្វីបានជាពួកគេបណ្ដេញអ្នកចេញ? »។ បន្ទាប់ពីមិនទទួលបានការងារ គាត់បានស្វះស្វែង​ដាក់ពាក្យសុំធ្វើការកន្លែងថ្មី ហើយទីបំផុតគាត់ក៏ទទួលបានការងារដែលមានប្រាក់ខែទាបបំផុត តែគាត់ត្រូវបង្ខំចិត្តទទួលយកព្រោះតែគ្មានជម្រើស។

គាត់ចាប់ផ្ដើមធ្វើការនៅទីនោះដោយសប្បាយរីករាយ និងព្យាយាមខិតខំធ្វើការដើម្បីចាប់យកឱកាសទាំងអស់។ ក្នុងអំឡុងពេលធ្វើការគាត់គឺជាបុគ្គលិកឆ្នើម ដែលមានសមត្ថភាពគ្រប់គ្រាន់ និងការងារល្អ ដើម្បីទទួលបានការតំឡើងឋានៈ ប៉ុន្តែផ្ទុយទៅវិញគាត់មិនបានទទួលនូវអ្វីដែលតបស្នងនឹងសមត្ថភាពនោះទេ ដោយសារតែភាពលំអៀងនៅក្នុងក្រុមហ៊ុនដែលប្រកាន់បក្សពួក និងតំឡើងឋានៈតាមខ្សែ។

យុវជននោះបានធំធាត់ដឹងក្ដីចេញពីគ្រួសារដែលប្រកបដោយគុណធម៌ ដែលមានឪពុកម្ដាយចាស់ៗ បងស្រីមិនទាន់រៀបការ និងប្អូនប្រុសដែលមានក្ដីសុបិន្តតែមិនទាន់សម្រេចបាន ជាទ្រព្យដ៏វិសេសវិសាលសម្រាប់គាត់។ ដូច្នេះទោះបីជាមិនបានឡើងឋានៈក៏មិនមែនជាបញ្ហាសម្រាប់គាត់នោះដែរ ព្រោះគាត់មានក្ដី​សុបិន្តចង់គ្រប់គ្រងពិភពលោក។ ក្ដីសុបិន្តធំរបស់គាត់គឺដើម្បីនាំពន្លឺ សុខភាព ទ្រព្យសម្បត្តិ និងសុភមង្គលដល់ជីវិតឪពុកម្ដាយរបស់គាត់។

នៅថ្ងៃមួយគាត់បានដើរនៅតាមផ្លូវ ក្មេងស្រីតូចលក់ផ្កាបានសុំគាត់ឲ្យជួយទិញផ្ការបស់នាង គាត់ក៏បានសួរនាងថា៖ « ហេតុអ្វីបានជាក្មួយមកលក់ផ្គាកុលាបនៅតាមផ្លូវបែបនេះ? »។ ក្មេងស្រីលក់ផ្កាក៏បានឆ្លើយថា៖ « ព្រោះខ្ញុំត្រូវចិញ្ចឹមគ្រួសារ ភាពអត់ឃ្លានគឺជាសត្រូវសម្រាប់យើង ដើម្បីប្រយុទ្ធនឹងសត្រូវដ៏ឃោឃៅមួយនោះ ខ្ញុំត្រូវតែលក់ផ្កាកុលាបនៅទីនេះ »។ នៅពេលក្មេងស្រីនិយាយចប់ទឹកភ្នែករបស់គាត់ស្រក់ទាំងមិនដឹងខ្លួន ដោយការអាណិតអាសូរគាត់បានទិញផ្កាកុលាបមួយបាច់ពីក្មេងតូចនោះ ដើម្បីជួយនាងក្នុងការប្រយុទ្ធជាមួយសត្រូវដែលមើលមិនឃើញ។

ពេលវេលាចេះតែរំកិលទៅមុខនៅពេលយប់ជ្រៅ គាត់បានអង្គុយនៅលើគ្រែដោយកាន់ផ្កាកុលាបនៅក្នុងដៃ ការគិតជាច្រើនត្រូវបានហូរចូលក្នុងខួរក្បាលរបស់គាត់ ភ្លាមៗនោះគាត់បាននឹកឃើញគំនិតដ៏អស្ចារ្យមួយ ហើយបានសួរខ្លួនឯងថា៖ « តើខ្ញុំអាចធ្វើអ្វីបាន ដើម្បីកែលម្អជីវិតរស់នៅរបស់មនុស្សដែលគ្មានការទទួលខុសត្រូវ?​ »។ បន្ទាប់ពីបានដឹងចម្លើយ គាត់បានដាក់ពាក្យលាឈប់ពីការងារ​ ដែលធ្វើឲ្យមិត្តរួមការងារមានការភ្ញាក់ផ្អើលពីការផ្លាស់ប្ដូរបស់គាត់។

គាត់ចាប់ផ្ដើមស្វែងរកក្មេងស្រីតូចលក់ផ្កានោះដែលបានបង្រៀនគាត់ពីជីវិត ដោយបានឈរនៅតំបន់អនាធិបតេយ្យក្នុងទីក្រុង គាត់ក៏បានឃើញក្មេងស្រីតូចនោះឈរនៅពីមុខគាត់ហើយបាននិយាយសុំឲ្យគាត់ជួយទិញផ្កាដូចលើកមុនដោយស្នាមញញឹម និងក្ដីសង្ឃឹម។ ពេលនោះគាត់បានបដិសេធទៅកាន់នាងតូច៖ « ទេ​ពូមានអ្វីច្រើនជាងនេះសម្រាប់ក្មួយ » បន្ទាប់មកក្មេងតូចសួរដោយការងឿងឆ្ងល់ « នោះគឺជាអ្វីទៅ? » គាត់ឆ្លើយដោយមិនបង្អង់យូរ៖ « ខ្ញុំចង់ប្រយុទ្ធជាមួយសត្រូវរបស់អ្នក »។

ចាប់ពីពេលនោះមកយុវជននោះបានប្រមូលធនធានពីគ្រប់ទិសទីដែលគាត់អាចរកបាន បន្ទាប់មកចាប់ផ្ដើមបង្កើតអង្គការដើម្បីផ្ដល់អាហារដល់ប្រជាជនដែលស្រែកឃ្លាន និងខ្វះខាត។ គោលបំណងរបស់គាត់នូវពេលនេះគឺសាមញ្ញ (បំផ្លាញភាពអត់ឃ្លាន) ដែលគាត់បានលះបង់អាជីព និងជីវិតរបស់គាត់ដើម្បីបុព្វហេតុដ៏ថ្លៃថ្លានេះ។ មិនយូរប៉ុន្មានគាត់ក៏ត្រូវបានទទួលស្គាល់ពីសង្គម គាត់បានបំពេញគោលបំណងនៃជីវិតរបស់គាត់ដោយជួយមនុស្សក្រីក្រឲ្យកម្ចាត់សត្រូវរបស់ពួកគេ​គឺភាពអត់ឃ្លាន។

គាត់ទទួលបានកេរ្តិ៍ឈ្មោះបោះសម្លេង និងមានភាពល្បីល្បាញពីសំណាក់មនុស្សគ្រប់គ្នាដោយសារតែទង្វើល្អរបស់គាត់ ហើយក៏បានក្លាយជាភ្ញៀវកិត្តិយសមួយដែលមានអ្នកគាំទ្រជាច្រើនបានប្រមូលផ្ដុំគ្នារងចាំស្វាគមន៍ ក្នុងនោះនាយកប្រតិបត្តិក្រុមហ៊ុនដ៏ល្បីក៏ចូលរួមក្នុងការទទួលស្វាគមន៍យុវជននោះផងដែរ។ នៅពេលនាយកប្រតិបត្តិបានបំពាក់កម្រងផ្កាស្វាគមន៍ដល់យុវជននោះ គាត់បានសួរទៅនាយកប្រតិបត្តិថា៖ « តើលោកស្គាល់ខ្ញុំទេ? »។

នាយកប្រតិបត្តិក៏បានឆ្លើយថា៖ « មែនហើយមនុស្សនៅក្នុងពិភពលោកសព្វថ្ងៃនេះស្គាល់អ្នក តាមរយៈការបម្រើមនុស្សជាតិរបស់លោក។ លោកគឺជាមនុស្សដ៏អស្ចារ្យ និងមនុស្សពិតប្រាកដមែន »។ ភ្លាមៗនោះយុវជនម្នាក់នោះបាននិយាយថា៖ « ប៉ុន្តែអ្វីដែលខ្ញុំចាំមិនភ្លេច គឺពាក្យសម្ដីរបស់លោកដែលនិយាយថា អ្នកមិនអាចធ្វើអ្វីធំដុំនៅក្នុងជីវិតបានទេ » និយាយរួចគាត់បានឈានជើងឡើងលើឆាកដោយភាពរីករាយនិងមោទនភាព ដោយបន្សល់នូវភាពស្រឡាំងកាំងដល់នាយកប្រតិបត្តិ។

តម្លៃអប់រំ៖ ភាពអត់ឃ្លានគឺជាសត្រូវដ៏អាក្រក់បំផុតនៃជីវិត។ ប្រសិនបើអ្នកអាចបរិច្ចាគប្រាក់បន្តិចបន្តួច ឬពេលវេលាដើម្បីបំផ្លាញភាពអត់ឃ្លានសូមកុំស្ទាក់ស្ទើរក្នុងការធ្វើដូច្នេះ។ មួយវិញទៀតកុំមើលស្រាលអ្នកដទៃ នៅពេលដែលយើងមានសមត្ថភាព ឬ ស្ថិតនៅចំណុចល្អប្រសើរជាងពួកគេ ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែមានសក្តានុពលគ្មានដែនកំណត់សម្រាប់ការរីកចម្រើនក្នុងជីវិត។ ដូច្នេះព្យាយាមធ្វើឲ្យមានភាពខុសគ្នានៅក្នុងជីវិតរបស់មនុស្ស ហើយពិភពលោកនឹងទទួលស្គាល់អ្នកជាមេដឹកនាំ៕

អត្ថបទ៖ លីនី