ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៩ ខែតុលា កន្លងទៅនេះឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានទទួលពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់សភាពាណិជ្ជកម្មអឺរ៉ុបអំពីខ្លឹមសារលម្អិតនៃជំពូកស្ដីពីធនធានមនុស្សនៃសៀវភៅ “ស” របស់សភាពាណិជ្ជកម្មអឺរ៉ុប ឆ្នាំ២០១៩ និងស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីផងដែរ។ ដោយសៀវភៅ “ស” របស់សភាពាណិជ្ជកម្មអឺរ៉ុបនេះ បានប្រមូលផ្ដុំការឆ្លុះបញ្ចាំងទស្សនៈរួមរបស់ក្រុមហ៊ុនសមាជិកនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នៅលើទិដ្ឋភាពនានាជុំវិញបរិស្ថានធុរកិច្ចក្នុងប្រទេស ។
នៅក្នុងជំនួបនេះ ភាគីខាងសភាពាណិជ្ជកម្មអឺរ៉ុប បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានខិតខំដោះស្រាយនូវបញ្ហានានាកន្លងមក ដែលជាកង្វល់របស់អ្នកវិនិយោគទុន ដែលបានសម្រួលយ៉ាងខ្លាំងដល់ការធានាបាននូវភាព ប្រកួតប្រជែងរបស់កម្ពុជា បន្តធានាបាននូវភាពទាក់ទាញវិនិយោគទុនថែមទៀត។ លើសពីនេះភាគីទាំងពីរបានប្តេជ្ញាបន្តភាពជាដៃគូ នេះបន្តទៀតក្នុងការដោះស្រាយនូវរាល់សំណូមពរ ឬកង្វល់នានា សំដៅធ្វើយ៉ាងណា ឱ្យបរិយាកាសវិនិយោគនៅកម្ពុជា បន្តបានភាពទាក់ទាញជាពិសេសដល់សហគមន៍អឺរ៉ុប។
សូមបញ្ជាក់ផងដែរថាសៀវភៅនេះ បោះពុម្ភលើកទី៣ នៅកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០១៩ មាន ២៨៧ទំព័រ និង ១០ជំពូក។ ដោយជំពូក ១ ស្តីពីធនធានមនុស្ស បានសរសេរពាក់ព័ន្ធវិស័យការងារ។ ជំពូកនេះមានចំនួន ៤ចំណុច ដូចខាងក្រោម៖
១. ការជួលនិយោជិតជាជនបរទេស
២. គិលានដ្ឋាននៅតាមសហគ្រាស
៣. ការពិនិត្យមើលឡើងវិញនូវលក្ខខណ្ឌតម្រូវសម្រាប់ការហ្វឹកហ្វឺនកូនជាង
៤. ការប្រាស្រ័យទាក់ទងរវាងស្ថាប័នសាធារណៈ និងវិស័យឯកជន ។
និងពាក់ព័ន្ធនឹងការអនុវត្តច្បាប់ថ្មីៗមួយចំនួនទៀត៕



ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ


