តើអ្វីទៅជាអាថ៌កំបាំងសម្រាប់ជីវិតដ៏យូរអង្វែង រីករាយ និងជោគជ័យ? នោះហាក់ដូចជាសំណួរដែលយើងសួរខ្លួនឯងម្តងហើយម្តងទៀត។ យ៉ាងណាមិញនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានចែករំលែកគំនិតរបស់គាត់លើប្រធានបទនេះ ដោយបាននិយាយនៅក្នុងសន្ទរកថានៅឆ្នាំ ២០១០ នៅសាកលវិទ្យាល័យ Princeton University ថា៖ « នៅពេលដែលអ្នកមានអាយុ ៨០ ឆ្នាំ ហើយស្ថិតក្នុងពេលដ៏ស្ងប់ស្ងាត់មួយសើរើរឿងរ៉ាវផ្ទាល់ខ្លួនឡើងវិញ អ្នកនឹងដឹងថាអ្វីដែលមានអត្ថន័យបំផុតនោះ គឺជាជម្រើសជាច្រើនដែលអ្នកបានធ្វើ »។
គោលបំណងនៃការលើកឡើងរបស់គាត់ថា « យើងជាអ្វីដែលយើងជ្រើសរើស » គឺដើម្បីសង្កត់ធ្ងន់ទៅលើភាពខុសគ្នារវាង ការផ្ដល់ឲ្យ និងជម្រើស ដោយភាពឆ្លាតវៃ គឺជាការផ្ដល់ឲ្យមួយ ចំនែកឯសេចក្តីសប្បុរសគឺជាជំរើសមួយ ប៉ុន្តែការផ្ដល់ឲ្យគឺងាយស្រួល យើងអាចផ្ដល់ឲ្យនូវអ្វីគ្រប់បែបយ៉ាង។ ដោយឡែកជំរើសអាចនឹងពិបាក ការផ្ដល់ឲ្យនឹងទាញចិត្តរបស់អ្នកប្រសិនបើអ្នកមិនប្រុងប្រយ័ត្ន ហើយប្រសិនបើអ្នកធ្វើវា វាអាចនឹងធ្វើឲ្យខូចជម្រើសរបស់អ្នក ឬ អាចនិយាយម៉្យាងទៀតថា មិនថាអ្នកក្លាយជាមនុស្សជោគជ័យក៏ដោយ អ្វីដែលអ្នកនឹងយកចិត្តទុកដាក់បំផុតនោះ គឺមិនមែនតួរលេខនៅក្នុងគណនីធនាគាររបស់អ្នកទេ ប៉ុន្តែវាគឺជាជំរើសដែលអ្នកបានជ្រើសរើសដើម្បីទៅកន្លែងដែលអ្នកនៅ។
តាមរយៈបទពិសោធន៍របស់ខ្លួនលោក Jeff Bezos បានអះអាងថា ជម្រើស “ល្អឥតខ្ចោះ” មិនមានទេ ការពិតនៅក្នុងជីវិត គឺថាយើងទាំងអស់គ្នានឹងធ្វើការជ្រើសរើសដែលធ្វើអោយយើងមានការសោកស្តាយ។ វាត្រូវបានគេហៅថាការបរាជ័យ ហើយការបរាជ័យអាចជារឿងល្អព្រោះវាបង្រៀនយើងពីរបៀបដែលប្រសើរជាងមុន។ ប៉ុន្តែនៅពេលយើងកាន់តែចាស់គោលដៅរបស់យើងគួរតែកាត់បន្ថយចំនួននៃការបរាជ័យដែលនាំឲ្យមានការសោកស្តាយ។ នៅទីបញ្ចប់ « យើងជាជម្រើសរបស់យើង ដូច្នេះកសាងខ្លួនអ្នកនូវរឿងដ៏អស្ចារ្យមួយ »។
ដើម្បីកសាងរឿងដ៏អស្ចារ្យមួយលោក Bezos បានផ្តល់នូវសំណួរចំនួន ១២ ដែលជំរុញមនុស្សគ្រប់គ្នាគិតឲ្យបានស៊ីជម្រៅអំពីវា៖ បើទោះបីជាសំណួរទាំងនេះមិនបានផ្តល់នូវរូបមន្តសម្រាប់សុភមង្គល ប៉ុន្តែវាអាចណែនាំយើងក្នុងការធ្វើការជ្រើសរើសដែលនឹងជួយយើងឲ្យមានជីវិតរស់នៅដែលយើងមានមោទនភាព៖
១.តើអ្នកនឹងប្រើការផ្ដល់ឲ្យរបស់អ្នកយ៉ាងដូចម្តេច?
២.តើអ្នកនឹងជ្រើសរើសជម្រើសអ្វីខ្លះ?
៣.តើទំនោរគឺជាអ្នកណែនាំអ្នក ឬអ្នកនឹងធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នក?
៤.តើអ្នកនឹងដើរតាមច្បាប់គោលការណ៍ រឺអ្នកនឹងដើរតាមគំនិតខ្លួនឯង?
៥.តើអ្នកនឹងជ្រើសរើសជីវិតដែលងាយស្រួល ឬជីវិតដែលតស៊ូ និងប្រថុយប្រថាន?
៦.តើអ្នកនឹងបាក់ទឹកចិត្តតាមការរិះគន់ ឬ តើអ្នកនឹងធ្វើតាមការជឿជាក់របស់អ្នក?
៧.តើអ្នកនឹងបញ្ចេញកំហឹងនៅពេលដែលអ្នកធ្វើខុស រឺអ្នកនឹងសុំទោស?
៨.តើអ្នកនឹងគេចវេសដោយសារពាក្យបដិសេធ ឬ អ្នកនឹងធ្វើអ្វីដែលអ្នកស្រលាញ់?
៩.តើអ្នកនឹងធ្វើវាដោយសុវត្ថិភាព ឬ ធ្វើវាដោយការប្រថុយប្រថាន?
១០.នៅពេលលំបាកតើអ្នកនឹងចុះចាញ់ ឬ អ្នកនឹងអត់ទ្រាំ?
១១.អ្នកនឹងក្លាយជាអ្នកស្រមើស្រមៃ ឬ អ្នកនឹងក្លាយជាអ្នកអនុវត្ត?
១២.នៅក្នុងការចំណាយសម្រាប់អ្នកដទៃ តើអ្នកជាមនុស្សឆ្លាត ឬ មនុស្សចិត្តល្អ?

អត្ថបទ៖ លីនី


