យោងតាមទីភ្នាក់ងារព័ត៌មានវៀតណាមបានឲ្យដឹងថា សន្និសីទសារព័ត៌មានទីក្រុងហូជីមិញឆ្នាំ ២០១៩ ដែលគ្រោងនឹងបើកនៅថ្ងៃទី ១៨ ខែតុលាខាងមុខនេះ នឹងស្វែងរកដំណោះស្រាយដើម្បីប្រែក្លាយទីក្រុងភាគខាងត្បូងទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃតំបន់ និងក្នុងពិភពលោក។ ដោយនៅខាងក្រៅនៃវេទិកានេះនឹងមានការតាំងពិព័រណ៍បង្ហាញផលិតផលរបស់អាជីវកម្មក្នុងស្រុកដែលគ្រោងនឹងធ្វើនៅថ្ងៃទី ១៧ ខែតុលា និងកម្មវិធីផ្គូរផ្គងអាជីវកម្មរវាងក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនបរទេសនៅថ្ងៃទី ១៩ ខែតុលា។
ជាមួយគ្នានេះលោក Chu Tien Dung ប្រធានសមាគមអាជីវកម្មទីក្រុងហូជីមិញបាននិយាយថា៖ « វេទិកានេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងដែលមានគោលបំណងដើម្បីពិគ្រោះជាមួយអ្នកជំនាញក្នុងស្រុក និងបរទេសអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក៏ដូចជាគម្រោងគោលដៅ និងកម្មវិធីសំខាន់ៗរបស់ទីក្រុង»។ ខណៈដែលក្នុងវេទិកាឆ្នាំ ២០១៩ ថ្នាក់ដឹកនាំក្រុង អ្នកជំនាញ និងតំណាងអង្គការហិរញ្ញវត្ថុនិងវិនិយោគទាំងក្នុង និងក្រៅប្រទេសនឹងពិនិត្យមើលស្ថានភាព ឱកាសនិងបញ្ហាប្រឈមដែលទីក្រុងកំពុងជួបប្រទះក្នុងការទាក់ទាញធនធាន និងការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុ។
ក្រៅពីនេះប្រតិភូនឹងពិភាក្សាពីបទពិសោធន៍អន្តរជាតិលើវិស័យប្រព័ន្ធអេកូឡូស៊ី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ គោលនយោបាយជាតិ និងតួនាទីរបស់អាជ្ញាធរក្រុងក្នុងការប្រែក្លាយរបស់ទីក្រុងនេះ។ ដោយគោលបំណងរបស់ទីក្រុងហូជីមិញមិនត្រឹមតែរក្សាជំហរឈានមុខគេទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងដើម្បីបង្រួមគំលាតអភិវឌ្ឍន៍រវាងទីក្រុងនិងទីក្រុងដទៃទៀតនៅអាស៊ីអាគ្នេយ៍ និងអាស៊ីទៀតផង។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទីក្រុងហូជីមិញកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដោយផ្ទាល់ជាមួយតំបន់ទីក្រុងធំៗ ជាច្រើនទៀតនៅក្នុងតំបន់ហើយបានស្នើឲ្យទីក្រុងស្វែងរកដំណោះស្រាយដ៏លេចធ្លោ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់វិនិយោគិនហិរញ្ញវត្ថុ ខណៈពេលដែលការកសាងយុទ្ធសាស្រ្ត និងការតំរង់ទិសក្នុងការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុដើម្បីបំពេញតាមតម្រូវការទាំងវិនិយោគិន និងអាជីវកម្ម៕

អត្ថបទ៖ លីនី


