ហ្វីលីពីន៖ យោងតាមក្រសួងទេសចរណ៍ប្រចាំប្រទេសហ្វីលីពីនបានឲ្យដឹងថា ហ្វីលីពីននឹងកែលំអហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងបង្កើតកំពង់ផែថ្មីដែលមានទំហំកាន់តែធំជាងពេលបច្ចុប្បន្ន ដើម្បីទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរកំសាន្តតាមរយៈនាវាទេសចរណ៍ធំៗ កាន់តែច្រើនថែមទៀត។ ដោយប្រទេសហ្វីលីពីនគឺជាប្រទេសដែលមានកោះច្រើនជាង ៧៦០០ កោះ ហើយក្នុងរយៈពេលជាច្រើនឆ្នាំមក ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅពីក្រោយប្រទេសជិតខាងរបស់ខ្លួនក្នុងការទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរកំសាន្តតាមរយៈនាវាទេសចរណ៍ធំៗ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធមិនសូវល្អ។
ប្រភពដដែលបានបន្តថា ដោយសារសេដ្ឋកិច្ចមានការលូតលាស់យឺតបំផុតចាប់តាំងពីឆ្នាំ ២០១១ ការទាក់ទាញភ្ញៀវទេសចរគឺជាចំណុចសំខាន់បំផុតនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ខណៈដែលវិស័យទេសចរណ៍មានចំនួន ១២.៣% នៃផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំមុន ដោយលើសគោលដៅរបស់រដ្ឋាភិបាលដែលបានកំណត់ ១០% នៅឆ្នាំ ២០២២។ ជាមួយគ្នានេះរដ្ឋាភិបាលកំពុងធ្វើការកែប្រែគោលដៅក្នុងផែនការអភិវឌ្ឍវិស័យទេសចរណ៍ ដោយប្រើយុទ្ធសាស្រ្តទៅលើនាវាទេសចរណ៍ធំៗ ដោយផ្ដោតលើទីក្រុង Manila, Boracay និង Puerto Princesa ក៏ដូចជាគោលដៅថ្មីដែលមានសក្ដានុពលនៅភាគខាងជើងនៃកោះ Luzon ដែលជាកោះដ៏ល្បីប្រចាំប្រទេស។
ជាក់ស្ដែងកំពង់ផែ Salomague ក្នុងខេត្ត Ilocos Sur ដែលគ្រោងនឹងបើកដំណើរការនៅខែនេះ នឹងអាចទទួលនាវាធំបំផុតរបស់ Royal Caribbean Cruises Ltd នៅអាស៊ីក្នុងខែធ្នូនេះ ដែលនឹងត្រឡប់មកម្តងទៀតនៅខែមករា និងកុម្ភៈនៅឆ្នាំក្រោយ។ ហើយនៅខែមេសា ឆ្នាំ ២០២១ កំពង់ផែកម្សាន្តដំបូងគេរបស់ទីក្រុង Manila គ្រោងនឹងបើកនៅឯមជ្ឈមណ្ឌល Solaire Cruise ។ ដោយកំពង់ផែកម្សាន្តទាំងអស់នេះនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរចូលទៅកាន់ប្រទេសហ្វីលីពីនកាន់តែច្រើន និងលើកទឹកចិត្តដល់ការធ្វើដំណើរតាមដងផ្លូវជិតៗពីទីផ្សារអាស៊ីខាងជើងដូចជា ចិន ហុងកុង តៃវ៉ាន់ កូរ៉េ និងជប៉ុន។ ទន្ទឹមនឹងនេះនៅក្នុងពិព័រណ៌ពាណិជ្ជកម្មនាពេលថ្មីៗនេះ មន្រ្តីរដ្ឋាភិបាល និងតំណាងនៃនាវាទេសចរណ៍ធំៗ បានពិភាក្សាពីលទ្ធភាពនៃការបន្ថែមប្រទេសហ្វីលីពីនទៅកាន់តំបន់អាស៊ីចាប់ពីឆ្នាំ ២០២០ នេះទៅ។
គួរបញ្ជាក់ផងដែរថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍បានកើនឡើងជាលំដាប់នៅក្នុងប្រទេសហ្វីលីពីនដែលទទួលបានភ្ញៀវ ៧.២ លាននាក់កាលពីឆ្នាំមុន និង ៤.៨៥ លាននាក់ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០១៩ ។ ដោយគោលដៅរបស់រដ្ឋាភិបាលគឺប្រហែល ៨.២ លាននាក់សម្រាប់ភ្ញៀវទេសចរឆ្នាំ ២០១៩ និង ១២ លាននាក់នៅចុងឆ្នាំ ២០២២ ប៉ុន្តែនៅតែទាបជាងប្រទេសថៃដែលរំពឹងថានឹងមានភ្ញៀវទេសចរជាង ៤០ លាននាក់នៅឆ្នាំនេះ៕
អត្ថបទ៖ លីនី


