យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ផ្សារទំនើប Big C បានឲ្យដឹងថា Big C សាខាប៉ោយប៉ែតបានបើកដំណើរការសាកល្បងរបស់ខ្លួនកាលពីថ្ងៃសោរិ៍កន្លងទៅនេះ ដោយធ្វើឡើងក្រោមចក្ខុវិស័យ ដើម្បីក្លាយជាក្រុមហ៊ុនលក់រាយឈានមុខគេរបស់ថៃដែលបំពេញគ្រប់តម្រូវការរបស់អតិថិជន។ ការបើកដំណើរការនេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសទី៤ ដែលមានផ្សារទំនើបប្រភេទនេះ ខណៈដែល Big C មានវត្តមានរួចមកហើយនៅក្នុងប្រទេសវៀតណាម និងឡាវ។
ទន្ទឹមនឹងនេះការបើកដំណើរការសាកល្បងហាក់ដូចជាបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដោយមានប្រជាជនមកពីគ្រប់ស្រទាប់វណ្ណៈបានប្រមូលផ្ដុំគ្នានៅទីនោះ ដោយសារ Big C ផ្ដោតសំខាន់លើអតិថិជនដែលមានប្រាក់ចំណូលចាប់ពីកម្រិតកណ្ដាល ទៅទាប ជាមួយនឹងជម្រើសទំនិញ យ៉ាងច្រើនក្នុងតម្លៃសមរម្យ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីចំពោះការបើកសម្ភោធជាផ្លូវការខាងក្រុមហ៊ុនមិនទាន់សម្រេចថានឹងត្រូវធ្វើឡើងនៅពេលណានោះទេ។
គួរបញ្ជាក់ផងដែរថាផ្សារទំនើប Big C បានវិនិយោគទឹកប្រាក់ចំនួន ៦.៨ លានដុល្លារអាមេរិក ដោយប្រើរយៈពេលសាងសង់ត្រឹមតែ ៨ ខែប៉ុណ្ណោះបន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោង។ មិនតែប៉ុណ្ណោះទិសដៅទិញទំនិញថ្មីបំផុតរបស់ប៉ោយប៉ែតឋិតលើផ្ទៃដីជាង ២ ហិកតានេះត្រូវបានគេរំពឹងថានឹងជួយនាំមកនូវការងារនិងវឌ្ឍនភាពបន្ថែមទៀតដល់ទីក្រុងព្រំដែន ដោយបង្កើតការងារជាង ១២០០ កន្លែងដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងធ្វើឲ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយផងដែរ។
លើសពីនេះទៅទៀតទីក្រុងប៉ោយប៉ែតក៏កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិននៅក្នុងប្រទេសថៃ ចិន និងប្រទេសដទៃទៀត ដោយទីក្រុងនេះនឹងមានកាស៊ីណូ សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅដ្ឋានកាន់តែច្រើនឡើងៗ។ អ្វីដែកាន់តែពិសេសពេលបច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជា និងដៃគូឯកជនក៏កំពុងធ្វើការដើម្បីសាងសង់ព្រលានយន្តហោះពាណិជ្ជកម្មដំបូងគេរបស់ទីក្រុងនេះផងដែរ៕





អត្ថបទ៖ លីនី


