Soichiro Honda ស្ថានិកក្រុមហ៊ុនហុងដាកើតនៅថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ១៩០៦ នៅតំបន់ Shizuoka ប្រទេសជប៉ុន ដែលមានម្ដាយឈ្មោះ Mika ជាអ្នកតម្បាញ និងឪពុកឈ្មោះ Gihei ជាជាងដែកដែលបើកកន្លែងជួសជុលកង់មួយ។ ការជិះកង់បានក្លាយជាការពេញនិយមយ៉ាងខ្លាំងនៅក្នុងទីក្រុងធំៗ នៅឆ្នាំនោះ ដោយឪពុករបស់គាត់បានទិញកង់ដែលខូចៗក្នុងតម្លៃថោកនៅទីក្រុង Tokyo មកជួសជុលហើយលក់បន្តទៅអ្នករកស៊ី។ Soichiro បានជួយឪពុករបស់គាត់ក្នុងការជួសជុលកង់ ហើយគ្រឿងបន្លាស់កង់គឺជាប្រដាប់ប្រដាក្មេងលេងដែលគាត់ចូលចិត្តបំផុត។
ក្នុងការជួយឪពុករបស់គាត់ទោះបីជាគាត់តែងតែប្រលាក់ប្រឡូកពេញដោយប្រេងម៉ាស៊ីនក៏ពិតមែន តែគាត់ពិតជាពូកែនៅក្នុងជំនាញនេះ ដោយនៅចុងបញ្ចប់នៃត្រីមាសនៅឯសាលារៀន គាត់បានច្នៃត្រាសម្រាប់បោះនៅលើរបាយការណ៍ដែលត្រូវប្រគល់ឲ្យសាលាជំនួសឲ្យឪពុកម្ដាយរបស់គាត់ដោយសារតែគាត់មិនមែនជាសិស្សពូកែ។ ប៉ុន្តែដោយសារគាត់មិនបានដឹងច្បាស់ពីការធ្វើត្រា ក៏ត្រូវខាងសាលាចាប់បាន ហើយក៏ទទួលទណកម្មពីឪពុករបស់គាត់ដោយបង្អត់អាហារ និងលត់ជង្គង់ពេញមួយថ្ងៃ។ នៅឆ្នាំ ១៩២២ បន្ទាប់ពីបញ្ចប់ការសិក្សាអស់រយៈពេល ៨ ឆ្នាំ Soichiro Honda បានដាក់ពាក្យធ្វើការជាជំនួយការម្នាក់នៅក្រុមហ៊ុនជួសជុលរថយន្ត Art Shokai auto នៅក្នុងទីក្រុង Tokyo ដោយត្រូវបានគេទទួលយក ប៉ុន្តែក្នុងនាមជាអ្នកសំអាត និងរៀបចំអាហារដោយសារគាត់មានវ័យក្មេងពេក។
ទោះបីជាបែបនេះក៏ដោយម្ចាស់ហាងជួសជុលរថយន្តបានអនុញ្ញាតឲ្យ Soichiro ជួយនៅក្នុងក្រុមហ៊ុនទី២ ដែលជាកន្លែងដែលគាត់កំពុងរចនាឡានប្រណាំងរាល់យប់។ ក្នុងអំឡុងពេលរញ្ជួយដីក្នុងឆ្នាំ ១៩២៣ Soichi បានបើកឡានចំនួន ៣ គ្រឿងចេញពីហ្គារាសដែលឆេះ គាត់ក៏ត្រូវបានចាត់តាំងជាជំនួយការនៅក្នុងក្រុមហ៊ុន Art Shokai auto ហើយក៏បានជួយដល់បងប្អូនម្ចាស់សហគ្រាសដែលគាត់ធ្វើការក្នុងការរចនាឡានប្រណាំង Curtiss។ បន្ទាប់មកនៅឆ្នាំ ១៩២៤ Soichi និងក្រុមរបស់គាត់ទទួលបានចំណាត់ថ្នាក់លេខ១ នៅឯការប្រកួតជើងឯករថយន្តជប៉ុនលើកទី ៥។
មានជ័យជំនះជាច្រើនទៀតនៅពីក្រោយជោគជ័យនេះ ដែលធ្វើឲ្យក្រុមហ៊ុន Art Shokai បានក្លាយជាយានដ្ឋានមួយក្នុងចំណោមយានដ្ឋានដែលមានប្រជាប្រិយបំផុតនៅទីក្រុងតូក្យូ។ ហើយក្នុងរយៈពេល ៥ ឆ្នាំ បន្ទាប់ពីការរញ្ជួយដី Yuzo Sakakibara នៅឯការប្រកួតជើងឯករថយន្តជប៉ុនលើកទី ៥បានពង្រីកអាជីវកម្មរបស់គាត់ដោយបើកសាខាជាច្រើននៅក្នុងទីក្រុងនេះ ដោយមួយក្នុងចំណោមសាខាទាំងអស់ត្រូវបានដឹកនាំដោយបុរសវ័យ ២១ ឆ្នាំ Soichiro ឆ្នាំនៅក្រុង Hamamatsu។ ចាប់តាំងពីការរញ្ជួយដីដែលមិនអាចបំភ្លេចបាននៅទីក្រុងតូក្យូ Soichiro បានសម្រេចចិត្តបង្កើតគ្រឿងបន្លាស់ប្រើប្រាស់បានយូរសម្រាប់រថយន្ត ហើយបានស្នើឲ្យជំនួសការប្រើឈើទៅនឹងដែកនៅលើកង់ហើយថែមទាំងទទួលបានប៉ាតង់សម្រាប់ការច្នៃប្រឌិតរបស់គាត់ទៀតផង។

ពីពេលនោះមក Art Shokai មានភាពរីកចម្រើនខ្លាំងហើយនាំមកនូវប្រាក់ចំណូលយ៉ាងច្រើន ប៉ុន្តែវាមិនគ្រប់គ្រាន់ទេសម្រាប់ Soichiro Honda គាត់បានព្យាយាមផលិតរង្វង់ពិស្តុងដោយវិនិយោគប្រាក់សន្សំរបស់គាត់ស្ទើរតែទាំងអស់នៅក្នុងមន្ទីរពិសោធន៍ស្រាវជ្រាវ។ ប៉ុន្តែគ្មានអ្នកដឹកនាំណាម្នាក់នៃក្រុមហ៊ុន Art Shokai បានគាំទ្រគាត់ទេ។ ដើម្បីអភិវឌ្ឍរង្វង់ពិស្តុងកាត់ត្រូវរស់នៅក្នុងរោងជាង និងបញ្ចាំគ្រឿងអលង្ការរបស់ប្រពន្ធគាត់ថែមទៀត តែវាមិនបានផ្ដល់លទ្ធផលអ្វីឡើយ បន្ទាប់ពីនោះគាត់បានទទួលស្គាល់ពីភាពអសមត្ថភាពរបស់គាត់នៅក្នុងអាជីវកម្ម ហើយបានផ្លាស់ប្ដូរចិត្តឆ្ពោះទៅរកការអប់រំវិញម្ដង។ គាត់បានសម្រេចចិត្តទទួលយកចំណេះដឹងពីសាលាបច្ចេកទេស ហើយ Soichiro Honda បានលះបង់ការរចនាឡានប្រណាំងគ្រប់ពេលទំនេររបស់គាត់ ដោយបានបង្កើតវិធីសាស្រ្តផ្ទាល់ខ្លួនរបស់ម៉ាស៊ីនត្រជាក់ លោកបានដោះស្រាយបញ្ហាចម្បងរបស់រថយន្តស្ព័រទាំងអស់នៅគ្រានោះ។ ដោយសារម៉ាស៊ីនរបស់គាត់មិនបានផ្ទុះពីការឡើងកំដៅខ្លាំងក្នុងកំឡុងពេលប្រណាំង ដែលជាហេតុ Soichiro បានសម្រេចចិត្តចូលរួមក្នុងការប្រកួតប្រជែងធំៗ ដើម្បីទទួលបានបទពិសោធន៍ពីស្នាដៃរបស់គាត់។
នៅឆ្នាំ ១៩៣៦ ហុងដាបានចូលរួមក្នុងការប្រណាំងល្បឿនលឿនរបស់ជប៉ុននៅជាយក្រុងតូក្យូហើយបានជួបនឹងឧបទេវហេតុស្ទើរតែស្លាប់ ដោយដៃឆ្វេងរបស់គាត់ត្រូវបានបាក់ឆ្អឹង ស្មារបស់គាត់ត្រូវបានខូច ហើយផ្ទៃមុខរបស់គាត់រងរបួសយ៉ាងធ្ងន់ធ្ងរ។ គាត់បានចំណាយពេលបីខែនៅមន្ទីរពេទ្យ។ ក្នុងអំឡុងពេលសម្រាកនៅមន្ទីរពេទ្យ Soichiro Honda ទទួលបានដំណឹងអាក្រក់ដោយក្នុងចំណោមរង្វង់ពិស្តុងចំនួន ៣ ម៉ឺនដែលលោកបានផលិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានបញ្ជូនទៅត្រួតពិនិត្យក្រុមហ៊ុន Toyota មានតែ ៥០ ប៉ុណ្ណោះដែលត្រូវបានទទួលយកសម្រាប់ការពិចារណាហើយមានតែ ៣ ប៉ុណ្ណោះដែលបានឆ្លងកាត់ការធ្វើតេស្តត្រួតពិនិត្យគុណភាព។ លើសពីនេះទៀតគាត់ត្រូវបានគេបញ្ឈប់ការសិក្សានៅមហាវិទ្យាល័យព្រោះគាត់មិនព្រមធ្វើទទួលយកការប្រលង ដោយសារតែគាត់ត្រូវការតែចំណេះដឹង មិនមែនជាជាសញ្ញាប័ត្រទេ។

នៅឆ្នាំ ១៩៣៧ Soichiro Honda បានបង្កើតក្រុមហ៊ុន « Tokai Seiki » ហើយចាប់ផ្ដើមផលិតរង្វង់ពិស្តុងដែលជាបច្ចេកវិទ្យាផលិតកម្មដែលគាត់បានរកឃើញ ហើយក៏ចាប់ផ្ដើមរីកចម្រើន។ នៅឆ្នាំ១៩៤៥ Soichiro Honda បានលក់ក្រុមហ៊ុនទៅឲ្យក្រុមហ៊ុន Toyota ដោយសារតែសង្គ្រាមលោកលើកទី ២ នៅពេលដែលទីក្រុង Hamamatsu ត្រូវរងការទម្លាក់គ្រាប់បែកពីយន្តហោះអាមេរិក។ នៅឆ្នាំ ១៩៤៦ គាត់បានបើករោងចក្រផ្ទាល់ខ្លួនដែលមានឈ្មោះថា “ វិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាហុងដា ” និងបានចូលរួមក្នុងការផលិតរោងសិប្បកម្ម ហើយពីរឆ្នាំបន្ទាប់មកក្រុមហ៊ុនបានផ្លាស់ប្ដូរពីវិទ្យាស្ថានទៅជាក្រុមហ៊ុន Honda Motor។
នៅឆ្នាំ ១៩៤៩ ម៉ូឌែលដំបូងនៃទោចក្រយានយន្តដែលមានម៉ាស៊ីនដាច់ពីរដែលមានឈ្មោះថា « Dream » ហើយពីរឆ្នាំក្រោយមកគាត់បានចាប់ផ្តើមផលិតម៉ូដែលមួយដែលមានម៉ាស៊ីនបួនដាច់។ បន្ទាប់មកនៅឆ្នាំ ១៩៥៨ នៅពេលដែលម៉ូឌែល “Super Cub” របស់គាត់មកដល់សហរដ្ឋអាមេរិក Soichiro Honda គឺជាអ្នកផលិតម៉ូតូធំជាងគេរបស់ជប៉ុនរួចទៅហើយ ដោយបន្សល់ទុកនូវគូប្រជែងរបស់ជប៉ុនចំនួន ៥០ នាក់ប៉ុន្តែក៏មានអ្នកប្រកួតប្រជែង ២០០ នាក់មកពីប្រទេសដទៃទៀតដែរ។ អាជីវកម្មម៉ូតូរបស់ Soichiro Honda កំពុងតែទទួលបានសន្ទុះយ៉ាងឆាប់រហ័ស ដោយនៅឆ្នាំ ១៩៦១ ក្រុមហ៊ុននេះផលិតម៉ូតូបាន ១០០,០០០ គ្រឿងក្នុងមួយខែហើយនៅឆ្នាំ ១៩៦៨ ក្រុមហ៊ុននេះផលិតម៉ូតូបាន ១ លានគ្រឿងក្នុងមួយខែ។ នៅពាក់កណ្តាលទសវត្សទី ៨០ Soichiro Honda បានកាន់កាប់ ៦០% នៃទីផ្សារពិភពលោកហើយនៅទសវត្សឆ្នាំ ៩០ ផលិតកម្មរបស់ក្រុមហ៊ុនឈានដល់ម៉ូតូ ៣ លានគ្រឿង។


ដោយបានឈានដល់កម្រិតកំពូលក្នុងវិស័យម៉ូតូ Soichiro Honda បានសម្រេចចិត្តបន្តក្ដីស្រម៉ៃរបស់គាត់ក្នុងការបង្កើតរថយន្ត ដោយក្នុងឆ្នាំ ១៩៦២ រថយន្តដំបូងត្រូវបានបង្ហាញខ្លួនជាផ្លូការ។ នៅឆ្នាំ ១៩៧០ គាត់គឺជាអ្នកឈ្នះក្នុងឧស្សាហកម្មរថយន្តដែលមានការប្រកួតប្រជែងខ្លាំង ហើយនៅដើមទសវត្សទី ៨០ Honda Motor Co., Inc.គឺជាក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទី ៣ នៅជប៉ុន ហើយនៅចុងទសវត្សនេះ វាគឺជាក្រុមហ៊ុនទីបីនៅលើពិភពលោក។
យ៉ាងណាមិញ ពេញមួយជីវិតរបស់គាត់អ្នកជំនួញបះបោរនេះបានប្រយុទ្ធដោយមិនចេះនឿយហត់ជាមួយនិងឧបសគ្គ ដោយលោក Soichiro Honda ធ្លាប់បាននិយាយថា៖ “ មនុស្សជាច្រើនស្រមៃចង់បានភាពជោគជ័យ ខ្ញុំជឿជាក់ថាជោគជ័យអាចទទួលបានតែតាមរយៈការបរាជ័យម្តងហើយម្តងទៀត និងការវិភាគខ្លួនឯង។ ភាពជោគជ័យគឺមានតែមួយភាគរយនៃការងាររបស់អ្នកប៉ុណ្ណោះ ហើយអ្វីដែលនៅសល់គឺការជំនះឧបសគ្គយ៉ាងអង់អាច។ ប្រសិនបើអ្នកមិនខ្លាចពួកគេទេភាពជោគជ័យនឹងមកដល់អ្នកដោយខ្លួនឯង” ។ ភាពរុងរឿងនាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុន Honda Motor Co., Inc. បង្ហាញនូវការពិតនៃស្ថាបនិករបស់ខ្លួន៕

អត្ថបទ៖ លីនី


