រឿងរ៉ាវនៃការតស៊ូរបស់ស្ដេចចំនួនប្រទេសចិន Jack Ma ទាំងក្នុងជីវិត និងអាជីវកម្មទម្រាំមានមុខមានមាត់ដូចសព្វថ្ងៃ
គំនិតអប់រំ October 7, 2019 Chan Sreyny

Ma Yun a.k.a. Jack Ma គឺជាឈ្មោះដើមរបស់មហាសេដ្ឋីមួយរូបក្នុងចំណោមមហាសេដ្ឋីដែលបង្កើតខ្លួនឯងដោយមានភាពរាបទាបបំផុត។ Jack Ma កើតនៅក្នុងទីក្រុង ហាំងចូវ ដែលស្ថិតនៅភាគខាងត្បូងឆៀងខាងកើតនៃប្រទេសចិន គាត់បានកើត និងធំធាត់រួមជាមួយបងប្រុស និងបងស្រីម្នាក់ក្នុងកំឡុងពេលដែលចិនស្ថិតក្នុងរបបកុម្មុយនិស្ត និងដាច់ឆ្ងាយពីតំបន់លោកខាងលិច។ ឪពុកម្តាយរបស់គាត់ជាតន្ត្រីករប្រពៃណី និងជាអ្នកនិទានរឿង ដែលមិនអាចរកប្រាក់បានគ្រប់គ្រាន់សម្រាប់គ្រួសារនោះទេ។

ក្នុងវ័យកុមារភាព Jack Ma បានបរាជ័យក្នុងការប្រលងបឋមសិក្សាមិនមែនមួយដងទេតែពីរដង! ហើយគាត់បានបរាជ័យបីដងក្នុងអំឡុងពេលប្រលងមធ្យមសិក្សា។ រហូតដល់ដាក់ពាក្យចូលសាកលវិទ្យាល័យគាត់បានបរាជ័យក្នុងការប្រលងចូលបីដងទៀត មុនពេលបានចូលរៀននៅសាកលវិទ្យាល័យហាំងចូវដែលជាសាលាធម្មតាមិនសូវមានភាពល្បីល្បាញ។ ហេតុដូច្នេះគាត់បានដាក់ពាក្យ និងស្នើសុំទៅសាកលវិទ្យាល័យ Harvard ចំនួន ១០ ដងតែត្រូវគេបដិសេធគ្រប់ពេល។

ក្នុងឆ្នាំ ១៩៧២ នៅពេលដែលអតីតប្រធានាធិបតីអាមេរិក Richard Nixon បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Hangzhou បានធ្វើឲ្យស្ថានភាពទេសចរនៅក្នុងទីក្រុងកំណើតរបស់គាត់កាន់តែប្រសើរឡើង ដែលជាមូលហេតុធ្វើឲ្យ Jack ចង់ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីវិស័យទេសចរណ៍។ គាត់តែងតែចង់រៀនភាសាអង់គ្លេសតាំងពីនៅក្មេងតែដោយសារជីវភាពខ្វះខាត និងបរិយាកាសសង្គមមិនសមស្របទើបធ្វើឲ្យគាត់គ្មានឱកាស ប៉ុន្តែក្នុងអំឡុងឆ្នាំនោះគាត់បានចំណាយពេលជារៀងរាល់ព្រឹក ដើម្បីជិះកង់ទៅឧទ្យានក្បែរនោះ ធ្វើជាអ្នកមគ្គុទេសដ៍សម្រាប់ភ្ញៀវទេសចរដោយមិនគិតថ្លៃ។ នៅពេលនោះគាត់បានជួបនឹងក្មេងស្រីម្នាក់ដែលបានដាក់រហស្សនាមឲ្យគាត់ថា “ Jack ” ដោយសារឈ្មោះរបស់គាត់ពិបាកក្នុងហៅសម្រាប់នាង។

បន្ទាប់មកក្នុងអំឡុងពេលសិក្សា និងបញ្ចប់ថ្នាក់បរិញ្ញាប័ត្ររបស់គាត់ Jack Ma បានព្យាយាមស្វែងរកការងារធ្វើ តែត្រូវបរាជ័យក្នុងការទទួលបានការងារនៅកន្លែងជាច្រើន ដោយគាត់បានដាក់ពាក្យសុំបម្រើការងាររហូតដល់ ៣០ កន្លែងតែត្រូវគេបដិសេធ។ ដោយនៅពេលដែលក្រុមហ៊ុន KFC​ បានបើកជាលើកដំបូងនៅក្នុងប្រទេសចិនគាត់បានដាក់ពាក្យស្នើសុំធ្វើការក្នុងចំណោមមនុស្ស ២៤ នាក់តែមានតែគាត់តែម្នាក់ប៉ុណ្ណោះដែលត្រូវគេបដិសេធ។ បន្ទាប់មកគាត់បានដាក់ពាក្យចូលម្រើការងារជាកម្លាំងប៉ូលីសក្នុងចំណោមអ្នកដាក់ពាក្យ ៥ នាក់ តែមានតែគាត់ម្នាក់គត់ដែលត្រូវបានគេបដិសេធដោយនិយាយថាគាត់ជាមនុស្សមិនល្អ។ មិនយូប៉ុន្មានបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ភាសាអង់គ្លេស គាត់បានចាប់អាជីពជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យ Hangzhou Dianzi ដោយទទួលបានប្រាក់ខែ ១២ ដុល្លារក្នុងមួយខែ។

បន្ទាប់ពីបានបញ្ចប់ការបដិសេធ និងការបរាជ័យទាំងអស់របស់គាត់ Jack Ma បានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩៥ សម្រាប់គម្រោងរបស់រដ្ឋាភិបាលដែលទាក់ទងនឹងការកសាងផ្លូវហាយវេ។ នៅពេលនោះហើយដែលគាត់ត្រូវបានណែនាំជាលើកដំបូងទៅលើការប្រើប្រាស់អ៊ីនធឺណេត និងកុំព្យូទ័រ។ ខណៈដែលកុំព្យូទ័រ គឺកម្រមានណាស់នៅក្នុងប្រទេសចិននៅពេលនោះ ដោយសារតែការចំណាយខ្ពស់ទាក់ទងហើយអ៊ីធឺណេត ឬ អ៊ីមែលមិនមាននោះទេ។ ពាក្យដំបូងដែលគាត់បានស្វែងរកនៅលើកម្មវិធីស្រាវជ្រាវគឺជា “ស្រាបៀរ” ហើយវាបានលេចចេញនូវលទ្ធផលពីប្រទេសផ្សេងៗគ្នា ប៉ុន្តែជាសញ្ញារបស់ប្រទេសចិនគ្រប់ទីកន្លែង។ បន្ទាប់មកគាត់បានស្វែងរក “ប្រទេសចិន” ហើយមិនមែនលទ្ធផលតែមួយបានលេចចេញនោះទេ! គ្រានោះលោកបានសម្រេចចិត្តថាវាដល់ពេលដែលប្រទេសចិន និងប្រជាជនរបស់ខ្លួនត្រូវចូលប្រើអ៊ីនធឺណេតហើយ។

ទន្ទឹមនឹងនេះនៅក្នុងប្រតិបត្តិការសហគ្រិនភាពរបស់គាត់លោក Jack Ma បានបន្តបរាជ័យលើការបណ្តាក់ទុនដំបូងចំនួនពីររបស់គាត់ ប៉ុន្តែវាមិនបញ្ឈប់ពីការប្រឹងប្រែងនោះទេ។ លុះដល់ក្រោយមកមិនយូរប៉ុន្មានគាត់ក៏បញ្ចុះបញ្ចូលមិត្តភក្តិ ១៧ នាក់ផ្សេងទៀតរបស់គាត់ឲ្យវិនិយោគ និងចូលរួមជាមួយគាត់នៅក្នុងការចាប់ផ្តើមអាជីវកម្មអេឡិចត្រូនិចថ្មីរបស់គាត់ ដោយកាលនោះក្រុមហ៊ុន Alibaba បានចាប់ផ្តើមពីផ្ទះល្វែងរបស់គាត់។ ដំបូងក្រុមហ៊ុន Alibaba មិនមានប្រាក់តែមួយកាក់ក្នុងការវិនិយោគពីអ្នកវិនិយោគខាងក្រៅនោះទេ ប៉ុន្តែក្រោយមកពួកគេបានខ្ចីប្រាក់ ២០ លានដុល្លារពីក្រុមហ៊ុន SoftBank និង ៥ លានដុល្លារទៀតពីក្រុមហ៊ុន Goldman Sachs ក្នុងឆ្នាំ ១៩៩៩ រហូតទទួលបានជោគជ័យនៅពេលគាត់មានអាយុត្រឹមតែ ៣១ ឆ្នាំប៉ុណ្ណោះ ជាមួយទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ និងក្រុមហ៊ុនកាន់តែទទួលបានភាពល្បីល្បាញ។

តម្លៃអប់រំ៖ នៅក្នុងលោកនេះគ្មាននរណាម្នាក់ដែលរៀនដើរដំបូង ដោយមិនធ្លាប់ដួលនោះទេ នៅក្នុងជិវិតក៏ដូចគ្នាគ្មានជោគជ័យណាដែលកើតមានឡើង ដោយមិនឆ្លងកាត់ការបរាជ័យនោះដែរ។ ដូច្នេះត្រូវតែបន្តប្រយុទ្ធ និងបន្តការផ្លាស់ប្ដូរខ្លួនឯង កុំត្អូញត្អែរនៅពេលឃើញអ្នកដទៃជោគជ័យ ព្រោះយើងមិនដឹងថាពួកគេឆ្លងកាត់អ្វីខ្លះឡើយ។ ហើយកុំបោះបង់ ប្រសិនបើថ្ងៃនេះពិបាក ព្រោះថ្ងៃស្អែកនឹងរឹតែពិបាកជាងនេះ ប៉ុន្តែចូរចាំមិនថាថ្ងៃស្អែក ឬ ថ្ងៃក្រោយទៀតពន្លឺព្រះអាទិត្យនៅតែមាន៕

អត្ថបទ៖ លីនី