ការវិនិយោគរបស់ចិនកំពុងហូរចូលអាស៊ានជាថ្មីម្ដងទៀត ក្នុងនោះកម្ពុជាក៏ទទួលបានអត្ថប្រយោជន៍វិនិយោគនេះលើវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍
សេដ្ឋកិច្ច October 7, 2019 Chan Sreyny

ការវិនិយោគរបស់ចិនកំពុងហូរចូលអាស៊ានម្តងទៀតនៅពេលគម្រោងនានាក្រោមគំនិតផ្តួចផ្តើម Belt & Road Initiative (BRI) មើលឃើញពីការស្ទុះងើបឡើងវិញ និងភាពតានតឹងផ្នែកពាណិជ្ជកម្មដែលកំពុងកើតមានជាមួយសហរដ្ឋអាមេរិកកំពុងជំរុញឲ្យក្រុមហ៊ុនចិនធ្វើការវិនិយោគនៅផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍នេះបើយោងតាមរបាយការណ៍ពី Maybank Kim Eng ។ ជាមួយគ្នានេះទិន្នន័យរបស់ Maybank Kim Eng បានបង្ហាញថាការវិនិយោគ និងកិច្ចសន្យាសាងសង់របស់ចិននៅក្នុងអាស៊ានបានកើនឡើងដល់ ១១ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ ដែលកើនឡើងទ្វេដងក្នុងរយៈពេល ៦ ខែមុន។ សម្រាប់ឆ្នាំ ២០១៨ ទាំងមូលការវិនិយោគមានចំនួន ២២.៤ ពាន់លានដុល្លារពោលគឺធ្លាក់ចុះពីចំនួន ៣៨.២ ពាន់លានដុល្លារដែលត្រូវបានគេមើលឃើញក្នុងឆ្នាំ ២០១៧ ។

យ៉ាងណាមិញការងើបឡើងវិញនេះត្រូវបានដឹកនាំភាគច្រើនដោយប្រទេសឥណ្ឌូនេស៊ី កម្ពុជា សិង្ហបុរី និងវៀតណាមខណៈការងើបឡើងវិញនៃគម្រោង BRI នៅប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងជំរុញការវិនិយោគរបស់ចិននៅឆ្នាំ ២០២០ ។ សរុបមកការវិនិយោគរបស់ចិននៅអាស៊ានមានចំនួន ៣៥% នៃគម្រោង BRI ទាំងអស់ក្នុងចន្លោះឆ្នាំ ២០១៤ និង ២០១៨ ដោយប្រទេសម៉ាឡេស៊ីទទួលបានចំណែកធំជាងគេគឺ ៧.២% ដែលគិតជាទឹកប្រាក់ស្មើនឹង ២៧.៥ ពាន់លានដុល្លារអាមេរិក។ បន្ថែមពីនេះទៅទៀតការវិនិយោគចិនក៏កំពុងជំរុញកំណើនអចលនទ្រព្យ និងទេសចរណ៍នៅកម្ពុជាផងដែរដោយសារការវិនិយោគលើអចលនទ្រព្យបានកើនឡើង ៥៣% ស្មើនឹង ៤.៦ ពាន់លានដុល្លារក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០១៩ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះសេដ្ឋវិទូ Maybank Kim Eng បានចង្អុលបង្ហាញថានៅពេលដែលប្រទេសចិនក្លាយជាវិនិយោគិនធំ នៅក្នុងតំបន់សហរដ្ឋអាមេរិក និងជប៉ុនកំពុងធ្វើការលើគំនិតផ្តួចផ្តើមឥណ្ឌូ – ប៉ាស៊ីហ្វិកបន្ថែមទៀតដូចជា សាជីវកម្មហិរញ្ញវត្ថុ អភិវឌ្ឍន៍ អាមេរិកនិងភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធគុណភាពរបស់ជប៉ុន។ ដោយឡែកការស្ទង់មតិថ្មីៗនេះបានបង្ហាញថាក្រុមហ៊ុនអាមេរិកជិត ២៥% នៅចិនគ្រោងនឹងប្តូរទីតាំងផលិតកម្មរបស់ខ្លួនទៅអាស៊ានផងដែរ។ បន្ថែមពីនេះ Maybank Kim Eng កត់សម្គាល់ថាការវិនិយោគរបស់ចិននៅអាមេរិកកំពុងធ្លាក់ចុះដែលឈានដល់ត្រឹមតែ ៣ ពាន់លានដុល្លារនៅឆមាសទីមួយនៃឆ្នាំ ២០១៩ ដោយការវិនិយោគបានធ្លាក់ចុះបន្ទាប់ពីបានឈានដល់កម្រិតកំពូលចំនួន ៥៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦ ៕

អត្ថបទ៖ លីនី