ទីផ្សារប្រទេសថៃត្រូវបានគេចាត់ទុកថាជាទីផ្សារល្អបំផុតក្នុងអាស៊ាន ដែលវិនិយោគិនមិនគួររំលង
សេដ្ឋកិច្ច October 7, 2019 Chan Sreyny

ប្រទេសថៃគឺជាទីផ្សារមួយដែលមានដំណើរការល្អប្រសើរនៅក្នុងតំបន់អាស៊ាន ដែលជាតំបន់មួយដែលល្អ​សម្រាប់វិនិយោគិនខណៈពេលដែលការផ្លាស់ប្ដូរកំពុងតែកើតមានឡើងនៅមជ្ឈដខាងក្រៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមកពីក្រុមហ៊ុន Principal Financial Group។ ការលើកឡើងបែបនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងបាងកកកាលពីម្សិលមិញនេះ ដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចង្អុលបង្ហាញដល់វិនិយោគិនអំពីបរិយាកាសនៃភាពមិនប្រាកដប្រជា ការប្រែប្រួល និងហានិភ័យខ្ពស់ដែលប្រទេសថៃទទួលរងផលប៉ះពាល់តិចបំផុត។

ជាមួយគ្នានេះដែរនាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម (PAM) ក្នុងប្រទេសថៃដែលជាក្រុមហ៊ុនបុត្រ​សម្ព័ន្ធរបស់ក្រុមហ៊ុន PFG បានមានប្រសាសន៍ថា៖ « នៅក្នុងប្រទេសថៃវិនិយោគិនមានឱកាស ដើម្បីទទួលបាននូវសន្តិសុខហិរញ្ញវត្ថុដែលអាចនាំឲ្យមានការពង្រីកសក្ដានុពល ដោយថៃជាតំបន់សេដ្ឋកិច្ចដែលមានភាពស្វាហាប់បំផុតនៅលើពិភពលោក » ។ ទន្ទឹមនឹងនេះប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុន (PAM) ក៏បានមានប្រសាសន៍ផងដែរថា៖​ « វិនិយោគិនថៃគួរតែសំឡឹងមើលទៅប្រទេសវៀតណាម ពីព្រោះប្រទេសនេះកំពុងមានកំណើនខ្ពស់ដោយសាររោងចក្រដែលផ្លាស់ពីប្រទេសចិនមកប្រទេសវៀតណាម ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។ ខណៈដែលការនាំចេញពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ២៧% នៅឆ្នាំនេះ។

យ៉ាងណាមិញក្នុងរយៈពេលថ្មីៗនេះគេសង្កេតឃើញថារោងចក្រមួយចំនួនបានផ្លាស់ទីតាំងពីប្រទេសចិនមកក្នុងប្រទេសថៃដោយផ្អែកលើការទិញអចលនទ្រព្យ ប៉ុន្តែមិនទាន់មានឥទ្ធិពលលើការនាំចេញនៅឡើយទេ។ ហើយទោះយ៉ាងណាក្ដីប្រទេសថៃនៅតែស្ថិតនៅពីក្រោយប្រទេសវៀតណាម ប៉ុន្តែគេអាចនឹងឃើញការនាំចេញកើនឡើងនៅពេលរោងចក្រថ្មីកើនឡើងកាន់តែច្រើន និងកំពុងដំណើរការ។

គួរបញ្ជាក់ផងដែរថា​ប្រទេសថៃ គឺជាទីផ្សារមួយដែលមានដំណើរការល្អ និងការពារបំផុតនៅក្នុងតំបន់អាស៊ានដោយសារអតិរេកគណនីចរន្តខ្ពស់គឺ ៨% រូបិយប័ណ្ណដ៏រឹងមាំ និងប្រាក់ចំណូលថេរមានចំនួន ១០.៥ ភាគរយ។ ហើយចាប់តាំងពីមានវិបត្តិនៅអាស៊ីមកអាស៊ានពិតជាមានភាពលេចធ្លោជាងពេលមានការប្រែប្រួលទីផ្សារ។ ដោយអាស៊ី គឺជាយុថ្កានៃកំណើនសម្រាប់ពិភពលោកទាំងមូលហើយអាស៊ានកំពុងជំរុញកំណើននៅអាស៊ីផងដែរ៕

អត្ថបទ៖ លីនី