ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង និង​គណៈកម្មការមូលបត្រកម្ពុជា ផ្ដល់ចំណេះជំនាញវិនិយោគដល់សាធារណៈជននៅ​ខេត្ត​កែប
ហិរញ្ញវត្ថុ October 5, 2019 Samrith Choung

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង និងគណៈកម្មការមូលបត្រកម្ពុជា​ បាន​សហការ​រៀបចំ​សិក្ខាសាលាតាមបណ្ដាខេត្ត​នៅ​ខេត្តកែបដោយ​ជោគជ័យ ដោយបានបង្កើនទាំងចំណេះដឹង និងជំនាញក្នុងការវិនិយោគដល់សិក្ខាកាម។ នេះ គឺជាសមិទ្ធិផលថ្មីមួយទៀត បន្ថែមទៅលើសិក្ខាសាលារបស់ស្ថាប័នទាំងពីរនៅខេត្តចំនួន៧រួចមកហើយ រួមមាន៖ ខេត្តព្រះសីហនុ​ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង​​ ខេត្តសៀមរាប ខេត្តតាកែវ និងខេត្តកំពត។

សិក្ខាសាលានៅខេត្តកែបនេះ ត្រូវ​បាន​ប្រកាស​បើក​កម្មវិធី​ដោយ លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា។ លោក បុល្លិកា ​បានបញ្ជាក់ពីបេសកកម្មរបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពង្រឹងបទបញ្ញត្តិសម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង ត្រៀមខ្លួនរួចរាល់ ក៏ដូចជាជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីបញ្ចៀសហានិភ័យ។

ចាប់តាំងពីមានវត្តមាននៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ គឺជាក្រុមហ៊ុនសមភាគីកណ្តាលតែមួយគត់ ដែលជាដៃគូសហការរបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈប្រយោជន៍មួយនេះ។ ក្រុមហ៊ុន ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទលេចធ្លោរបស់ខ្លួនចូលរួមផងដែរ។​ ក្រៅពីការផ្ដល់ចំណេះជំនាញក្នុងការវិនិយោគ ​ ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ បានបង្ហាញនូវ​ឱកាសវិនិយោគផ្សេងៗទៅ​កាន់សាធារណៈជន ជាពិសេស​វិនិយោគិននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជាអ្នកផ្ដួចផ្ដើម និងជាវាគ្មិនម្នាក់ក្នុងកម្មវិធីសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩នេះ លោក Lawrence Kook អភិបាលនៃ ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង បានបង្ហាញពីសុទិដ្ធិនិយមទៅលើសិក្ខាសាលាតាមបណ្ដាខេត្ត និងជឿជាក់ថា វានឹងជាទុនដ៏សំខាន់សម្រាប់វិនិយោគិនក្នុងការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ដែលជាផលិតផលដ៏ពេញនិយមមួយក្នុងចំណោមផលិតផលហិរញ្ញវត្ថុផ្សេងទៀត។ លោក Lawrence Kook ក៏បានប្ដេជ្ញាអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។

សម្រាប់ឆាកអន្តរជាតិវិញ ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង បានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុធំៗ រួមមានពិព័រណ៍ iFX Expo នៅប្រទេសសាយប្រឺសឆ្នាំ២០១៨​ ​ពិព័រណ៍ London Summit ឆ្នាំ២០១៨នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo Aisa ២០១៩នៅទីក្រុង​ហុងកុង ។​ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមហ៊ុននឹងចូលរួមពិព័រណ៌ London Summit ម្ដងទៀត ដើម្បីបន្តផ្សព្វផ្សាយអំពីប្រទេសកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសមកប្រទេសកម្ពុជា។