យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) បានឲ្យដឹងថាប្រទេសវៀតណាមបាននាំចេញអង្ករទៅក្រៅប្រទេសចំនួន ៥៨៦,០០០ តោនក្នុងខែកញ្ញាជាមួយតម្លៃ ២៥១ លានដុល្លារ ដោយជំរុញឲ្យបរិមាណ និងការនាំចេញអង្ករសរុបក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះឈានដល់ ៥.២ លានតោនស្មើនឹង ២.២៤ ពាន់លានដុល្លារ។ តួលេខនេះតំណាងឲ្យការកើនឡើង ៥.៩% នៃបរិមាណនិងការធ្លាក់ចុះ ៩.៨% គិតជាតម្លៃបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។
ប្រភពដដែលបានបន្តថាហ្វីលីពីនជាទីផ្សារធំបំផុតសម្រាប់អង្ករវៀតណាមក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ក្នុងចំនួន ១.៧៦ លានតោនគិតជាទឹកប្រាក់ប្រមាណ ៧២០ លានដុល្លារអាមេរិកកើនឡើង ២.៩ ដងនៃបរិមាណ និង ២.៦ ដងនៃតម្លៃក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះកាលកើនឡើងយ៉ាងខ្លាំងខ្លាត្រូវបានគេមើលឃើញផងដែរនៅក្នុងទីផ្សារផ្សេងទៀតរួមមាន៖ ប្រទេសអូស្រ្តាលី ( ៧៥%) ប្រទេសកូដឌីវ័រ (ជិត ៣៥% ) និងហុងកុង (ជិត ៣៥%)។
ដោយឡែកកាលពីពេលថ្មីៗនេះក្រសួងកសិកម្មហ្វីលីពីនក៏បានស្នើឲ្យអនុវត្តពន្ធគយ ការពារលើអង្ករនាំចូលក្នុងចន្លោះពី ៣០% ទៅ ៦៥% ដែលអាចប៉ះពាល់ដល់ការនាំចេញអង្កររបស់វៀតណាមទៅកាន់ទីផ្សារនាពេលអនាគត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសញ្ញាវិជ្ជមានត្រូវបានគេមើលឃើញនៅក្នុងទីផ្សារជប៉ុនដែលកំពុងពិចារណាផ្លាស់ប្តូរការនាំចូលអង្ករពីសហរដ្ឋអាមេរិកទៅជាប្រទេសដែលមានកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រួមទាំងប្រទេសវៀតណាម។ ជាមួយគ្នានេះដែរប្រទេសសឹង្ហបុរីក៏បានបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងទៅលើអង្ករពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដូចជាប្រទេសវៀតណាមផងដែរ៕

អត្ថបទ៖ លីនី


