កាលពីពេលថ្មីៗនេះប្រទេសថៃ និងមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែននៅស្ពានមិត្តភាពថៃ – មីយ៉ាន់ម៉ាទីពីរ។ ដោយស្ពានមិត្តភាពស្ថិតនៅលើលើដងទន្លេ Moei ដែលមានប្រវែង ៧៦០ ម៉ែត្រនិងមាន ៤ គន្លងតភ្ជាប់ពីស្រុក Mae Sot ខេត្ត Tak នៅប្រទេសថៃទៅទីក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ា។
ជាមួយគ្នានេះដែរប្រទេសថៃបានផ្ដល់ហិរញ្ញប្បទានដល់ការសាងសង់របស់ខ្លួនដែលមានតម្លៃប្រហែល ៣ ពាន់លានបាត (ជិត ៩៨.៥ លានដុល្លារ) ក្នុងគោលបំណងកាត់បន្ថយការកកស្ទះនៅលើស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទីមួយ។ ហើយគម្រោងនេះក៏រួមបញ្ចូលទាំងច្រកព្រំដែន ច្រកចេញចូលតែមួយផងដែរ ដោយស្ពាននេះត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅខែមិនាកន្លងទៅនេះ ហើយត្រូវបានគេរំពឹងថានឹងប្រែក្លាយជាច្រកព្រំដែនអចិន្រ្តៃយ៍រវាងប្រទេសទាំងពីរចាប់ពីថ្ងៃទី ៣០ ខែតុលាតទៅ។
ក្រៅពីនេះក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃក៏បានធានាថានឹងសម្របសម្រួលអាជីវកម្មនៅក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ាដើម្បីបង្កើនពាណិជ្ជកម្មតាមព្រំដែន ក៏ដូចជាជំរុញទំនាក់ទំនងទ្វេភាគី។ យ៉ាងណាមិញក្នុងរយៈពេល៨ ខែដំបូងនៃឆ្នាំ ២០១៩ ពាណិជ្ជកម្មរវាងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ាបានឈានដល់ទំហំទឹកប្រាក់ចំនួន ៥៥ ពាន់លានបាតស្មើនឹង ១.៨ ពាន់លានដុល្លារស្មើនឹង ១៨.៣% នៃទំហំពាណិជ្ជកម្មព្រំដែនសរុបរបស់ខ្លួនជាមួយប្រទេសជិតខាង។ ជាក់ស្ដែងចំពោះការបើកស្ពានមិត្តភាពថ្មីនេះ តម្លៃពាណិជ្ជកម្មតាមព្រំដែនត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១០០ ពាន់លានបាត (៣.២៧ ពាន់លានដុល្លារ) នៅឆ្នាំ ២០២០ ដោយការនាំចេញពីប្រទេសថៃទំនងជានឹងកើនឡើងជាង ៣០% ៕

អត្ថបទ៖ លីនី


