កម្ពុជា និងវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីសំខាន់ៗចំនួន ០៧ ដើម្បីធ្វើឲ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងដល់៥ ពាន់លានដុល្លារមុនឆ្នាំ ២០២០
សេដ្ឋកិច្ច October 5, 2019 Chan Sreyny

នៅក្នុងឱកាសបំពេញទស្សនកិច្ច និងចូលរួមសន្និសីទលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគវៀតណាម – កម្ពុជា ២០១៩ នៅទីក្រុងហាណូយនាថ្ងៃទី ៤ ខែតុលា រវាងសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីសំខាន់ៗចំនួន០៧រួមមាន៖

១)កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ក្នុងទឹកប្រាក់ចំនួន ៣លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងសាងសង់សមាសធាតុមួយចំនួន នៃមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស័្មគ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។

២)កិច្ចព្រមព្រៀងផ្តល់ជំនួយលើគម្រោងសាងសង់អគាររដ្ឋបាលថ្មី សម្រាប់រដ្ឋសភាកម្ពុជា។

៣)អនុស្សារណៈយោគយល់គ្នាទៅវិញ ទៅមក រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម លើកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើការងារគយ ចុះហត្ថលេខាដោយតំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រទេសទាំងពីរ។

៤)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមតំបន់ព្រំដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។

៥)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំ រវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា។

៦)អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

៧)អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្តីពីសហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនី។

គួរបញ្ចាក់ផងដែរថាគិតត្រឹមខែកញ្ញា ឆ្នាំ​២០១៩ នេះវៀតណាមបានវិនិយោគលើ ១៧៨ គម្រោងដែលមានទឹកប្រាក់ជិត ២.៨ ពាន់លានដុល្លារនៅកម្ពុជា ហើយកម្ពុជាឈរនៅលំដាប់ទី ៣ ក្នុងចំណោម ៧៦ ប្រទេសនិងតំបន់ដែលវិនិយោគដោយប្រទេសវៀតណាម។ ដោយក្នុងរយៈពេលនេះការវិនិយោគសរុបរបស់វៀតណាមនៅកម្ពុជាបានឈានដល់ទំហំទឹកប្រាក់ចំនួន ៥០.៤ លានដុល្លារអាមេរិកកើនឡើង ៤៩.៥% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភាគច្រើនក្នុងវិស័យកសិកម្ម ធនាគារ ទូរគមនាគមន៍ – បច្ចេកវិទ្យាព័ត៌មាន ការផលិតនិងកែច្នៃ៕