ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បានបន្ត​ចែករំលែកនៅក្នុង​សិក្ខាសាលា​​ ​តាម​បណ្ដាខេត្ត​សម្រាប់​ឆ្នាំ២០១៩ នៅខេត្តកំពត
ហិរញ្ញវត្ថុ October 4, 2019 Samrith Choung

នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​បាន​ចូលរួម​ និងចែករំលែកចំណេះដឹង ជំនាញ ក៏ដូចជាបទពិសោធន៍របស់ខ្លួននៅខេត្តកំពត ដែលជាគោលដៅទី២នៃសិក្ខាសាលាតាម​បណ្ដា​ខេត្ត​ឆ្នាំ២០១៩​ ដែលត្រូវបាន​រៀបចំឡើងដោយ​គណៈកម្មការមូលបត្រកម្ពុជា និងក្រុម​ហ៊ុន​សមភាគីកណ្តាល ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​។​ ជាមួយនឹងប្រធានបទ​​ «អ្វី​ជា​ការ​ជួញដូរ​ឧបករណ៍និស្សន្ទ៖ ការ​ត្រៀម​ខ្លួន ការវិនិយោគ និង​ការ​យល់​ដឹង​ពាក់​ព័ន្ធ?» សិក្ខាសាលាតាម​បណ្ដា​ខេត្ត ផ្ដោតជាចម្បងទៅលើការផ្សព្វផ្សាយនិងពង្រីកការយល់ដឹងអំពីការវិនិយោគលើឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា បង្កើន​ទំនុកចិត្តរបស់​វិនិយោគិន និងអនុញ្ញាតឱ្យពួកគាត់ត្រៀមខ្លួនរួច​រាល់​សម្រាប់ការវិនិយោគលើឧបករណ៍​និស្សន្ទ ដែលជាផលិតផលហិរញ្ញវត្ថុដ៏ពេញនិយមមួយ​។

ឯកឧត្ដម សុខ ​ដារ៉ា អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា បានផ្ដល់កិត្តិយសប្រកាសបើកកម្មវិធីសិក្ខា​សាលាតាមបណ្ដាខេត្តឆ្នាំ២០១៩​នេះ។ ឯកឧត្ដម ​បានគូសបញ្ជាក់ពីបេសកកម្មរបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពង្រឹងបទបញ្ញត្តិសម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង ត្រៀមខ្លួនរួចរាល់ ក៏ដូចជាជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីបញ្ចៀសហានិភ័យ។ ឯកឧត្ដម​ ក៏បានសរសើរក្រុមហ៊ុន​ ​ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល ដែលតែងតែមានភាពសកម្មក្នុងការលើកស្ទួយស្ដង់ដារនៃការជួញដូរឧបករណ៍និស្សន្ទ និងអនុវត្តគោលការណ៍ការពារវិនិយោគិន។

ក្នុងនាម​ជា​វាគ្មិន​កិត្តិយស​ ​លោក​ ​ចេង តារាវុធ ​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​បាន​សម្តែង​ភាព​សប្បាយរីករាយ​ក្នុង​ការចូលរួម​ក្នុង​សិក្ខា​សាលាតាម​បណ្ដា​ខេត្ត​​​ឆ្នាំ​២០១៩ ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា។​ ​គាត់ ក៏បានធ្វើបទបង្ហាញស្តីពី​​ «យុទ្ធសាស្រ្តក្នុងការជួញដូរឧបករណ៍និស្សន្ទ» ​​​ដែលផ្តោតទៅលើចំណេះដឹងអំពីការជួញដូរផលិតផលឧបករណ៍និស្សន្ទ ការទប់ស្កាត់និងការកាត់បន្ថយហានិភ័យពីការវិនិយោគ និងយុទ្ធសាស្រ្តល្អៗដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ។

លទ្ធផលនៃសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តកំពត បានបង្ហាញនូវភាព​ជោគជ័យគួរឱ្យកត់សម្គាល់ ដោយទទួលបានមិនត្រឹមតែការចូលរួមយ៉ាងច្រើនកុះករប៉ុណ្ណោះទេ ថែមទាំងការគាំទ្រ និងកំណើននៃចំណេះជំនាញរបស់សិក្ខាកាម។ ក្រោយ​ពី​ចូល​រួម​សិក្ខាសាលា​ក្នុង​ខេត្ត​កំពតនេះ ក្រុមហ៊ុននឹងបន្តចូលរួមសិក្ខាសាលានៅគ្រប់គោលដៅទាំងអស់នៃសិក្ខា​សាលាតាមបណ្ដាខេត្តឆ្នាំ២០១៩។