ថៃនឹងចាញ់វៀតណាម​ ខណៈដែលសេដ្ឋកិច្ចរបស់ខ្លួនកំពុងដាំដូងធ្លាក់ចុះ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមបែរជាកើនឡើងដល់ទៅ ៧.៣%
សេដ្ឋកិច្ច October 4, 2019 Chan Sreyny

នៅសប្ដាហ៍នេះប្រទេសថៃបានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅត្រឹម ២.៨% សម្រាប់ឆ្នាំនេះដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងប្រឈម និងតស៊ូជាមួយនឹងការធ្លាក់ចុះ ដែលធ្វើឲ្យគ្រួសារនីមួយៗត្រូវប្រឈមនឹងបំណុល ប្រាក់បាតកាន់តែឡើងថ្លៃកំពុងធ្វើឲ្យការនាំចេញធ្លាក់ចុះ។ ខណៈពេលដែលធនាគារកណ្ដាលរបស់ប្រទេសនេះបានរក្សាអត្រាគោលរបស់ខ្លួនត្រឹម ១.៥%។

ជាមួយគ្នានេះដែររដ្ឋាភិបាលក៏បានបង្កើតកញ្ចប់ថវិកាលើកទឹកចិត្តចំនួន ១០ ទ្រីលានដុល្លារ និងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនក៏ដោយ ក៏សេដ្ឋកិច្ចនៅតែមានដំណើរការយឺតយ៉ាវដដែល។ ជាក់ស្ដែងសេដ្ឋកិច្ចប្រទេសថៃបានកើនឡើងក្នុងអត្រាទាបបំផុតក្នុងរយៈពេលជិត ៥ ឆ្នាំនៅក្នុងត្រីមាសទី២។ បន្ថែមពីនេះទៅទៀតប្រាក់បាតរបស់ថៃដែលជារូបិយប័ណ្ណមួយដ៏មានឥទ្ធិពលខ្លាំងបំផុតនៅអាស៊ី នៅឆ្នាំនេះបានធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងនៃការនាំចេញរបស់ថៃ និង​វិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួនដែលបង្កើតបានច្រើនជាងមួយភាគប្រាំនៃផលិតផលក្នុងស្រុកសរុប។ ដោយចំនួនអ្នកទេសចរមកប្រទេសថៃបានកើនឡើងតិចជាង ២% នៅឆមាសទីមួយនៃឆ្នាំនេះ ហើយចំនួនភ្ញៀវទេសចរចិនបានធ្លាក់ចុះជិត ៥% ផងដែរ។

ផ្ទុយទៅវិញ​ក្រលេកទៅមើលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកើនឡើងស្ទើរតែគ្រប់វិស័យ ដោយនៅក្នុងត្រីមាសទី៣​ នេះសេដ្ឋកិច្ចកើនឡើង ៧.៣% ពោលខុសគ្នាទាំងស្រុងបើធៀបនឹងប្រទេសថៃ។ ខណៈដែលផលិតផលក្នុងស្រុកសរុបបានកើនឡើង ៧.៣១% ធៀបនឹងឆ្នាំមុន និង កើនឡើងពី ៦.៧៣% ក្នុងត្រីមាសទី ២ ។ មិនតែប៉ុណ្ណោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងត្រីមាសទី ៣ ដោយសារកំណើនដ៏រឹងមាំនៅក្នុងការនាំចេញ និងផលិតកម្ម។ យ៉ាងណាមិញការិយាល័យស្ថិតិទូទៅនៅប្រទេសវៀតណាមបាននិយាយថាសេដ្ឋកិច្ចរបស់ពួកគេបានកើនឡើង ៦.៩៨% ក្នុងរយៈពេល ៩ ខែគិតត្រឹមខែកញ្ញាធៀបនឹងឆ្នាំមុន ដែលផលិតកម្មគឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ៕

អត្ថបទ៖ លីនី