យោងតាមរបាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់ការនាំចេញអង្ករដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះបានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ១៥៧,៧៩៣ តោនទៅកាន់ប្រទេសចិនក្នុងអំឡុងពេល ៩ ខែដំបូងនៃឆ្នាំ ២០១៩ កើនឡើង ៤៤% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះផងដែរប្រទេសចិននៅតែជាអ្នកទិញអង្ករពីកម្ពុជាច្រើនជាងគេបំផុតក្នុងអំឡុងពេលចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំនេះ ដោយការនាំចេញអង្ករទៅកាន់ប្រទេសចិនមានចំនួន ៣៩.៦% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា។
ទន្ទឹមនឹងនេះរបាយការណ៍ដដែលបានបន្តថា ប្រទេសនៅអាស៊ីអាគ្នេយ៍បាននាំចេញអង្ករ ១៣៥.៤៧៥ តោនទៅកាន់ទីផ្សារអឺរ៉ុបធ្លាក់ចុះ ៣០% ។ ចំណែកទីផ្សារផ្សាររបស់សហភាពអឺរ៉ុបសម្រាប់អង្ករកម្ពុជាបានធ្លាក់ចុះពី ៤៩.៧% មកត្រឹម ៣៤% បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ពន្ធរយៈពេល ៣ ឆ្នាំលើការនាំចូលអង្ករពីកម្ពុជាក្នុងគោលបំណងដើម្បីទប់ស្កាត់ការកើនឡើងនៃការនាំចូលអង្ករពីប្រទេសខាងក្រៅ និងដើម្បីការពារអ្នកផលិតអឺរ៉ុប។ បន្ថែមពីនេះទៅទៀតរបាយការណ៍នេះក៏បង្ហាញថា ប្រទេសកម្ពុជាបាននាំចេញអង្ករសរុបចំនួន ៣៩៨,៥៨៦ តោនទៅកាន់ ៥៣ ប្រទេស និងតំបន់នៅទូទាំងពិភពលោកក្នុងអំឡុងពេល ៩ ខែដំបូងនៃឆ្នាំនេះពោលគឺកើនឡើង ២.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនផងដែរ៕

អត្ថបទ៖ លីនី


