ប្រទេសម៉ាឡេស៊ីស្នើសុំការផាកពិន័យចំនួន ២០ លានដុល្លារអាមេរិកលើក្រុមហ៊ុន Grab សម្រាប់ការប្រព្រឹត្តិខុសច្បាប់
សេដ្ឋកិច្ច October 4, 2019 Chan Sreyny

ម៉ាឡេស៊ី៖ គណៈកម្មការប្រកួតប្រជែងប្រចាំប្រទេសម៉ឡេស៊ី (MyCC) បានស្នើសុំពិន័យជាទឹកប្រាក់ជាង ៨៦ លានរីងហ្គីត ( ២០.៥ លានដុល្លារអាមេរិក) ទៅលើក្រុមហ៊ុនដឹកជញ្ជូន Grab ពីបទរំលោភលើច្បាប់ប្រកួតប្រជែងដោយដាក់កម្រិតទីលើអ្នកបើកបររបស់ខ្លួន។ គណៈកម្មការបានសម្រេចថាក្រុមហ៊ុន Grab បាន​រំលោភបំពានលើគោលជំហររបស់ខ្លួននៅក្នុងទីផ្សារ ដោយរារាំងអ្នកបើកបររបស់ខ្លួនពីការផ្សព្វផ្សាយ និងផ្តល់សេវាកម្មផ្សព្វផ្សាយដល់ដៃគូប្រកួតប្រជែងរបស់ខ្លួន។

ទន្ទឹមនឹងនេះយោងតាមបរសាសន៍របស់ប្រធានក្រុមហ៊ុន MyCC បានឲ្យដឹងថា​ ការរឹតត្បិតមានឥទ្ធិពលនៃការបង្ខូចទ្រង់ទ្រាយនៃការប្រកួតប្រជែងនៅក្នុងទីផ្សារពាក់ព័ន្ធ ដែលត្រូវបានបង្កើតឡើងនៅលើវេទិកាពហុផ្នែក ដោយបង្កើតឧបសគ្គក្នុងការចូល និងពង្រីកសម្រាប់គូប្រជែងដែលមានស្រាប់ និងការប្រកួតប្រជែងរបស់ Grab នាពេលអនាគត ។ បន្ថែមពីនេះទៅទៀត MyCC ក៏បានដាក់ពិន័យចំនួន ១៥,០០០ រីងហ្គីដ (៣,៦០០ ដុល្លារ) ជារៀងរាល់ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃទី ៣ ខែតុលាដរាបណា Grab មិនបានដោះស្រាយពីបញ្ហានេះ។ ដោយក្រុមហ៊ុន Grab មានរយៈពេល ៣០ ថ្ងៃដើម្បីធ្វើការដោះស្រាយ មុនពេលគណៈកម្មការធ្វើការសំរេចចិត្តចុងក្រោយ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីក្រុមហ៊ុន Grab ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមិនទាន់ឆ្លើយតប នឹងការសម្រេចចិត្តនេះនៅឡើយទេ៕

អត្ថបទ៖ លីនី