Urban Village ដំណាក់កាលទី២ ជាគម្រោងច្នៃប្រឌិតដ៏រស់រវើក
អចលនទ្រព្យ October 3, 2019 Samrith Choung

បន្ទាប់ពីដំណាក់កាលទី១ត្រូវបានបញ្ចប់​ប្រកបដោយភាពជោគជ័យ ដែលមានអគារលំនៅឋានសរុបចំនួន ៨២៨ យូនីត នោះ ទើបគម្រោង​​អភិវឌ្ឍ​អគារ​ខុនដូ Urban Village ដែលជាគម្រោងទទួលបាន​ពានរង្វាន់យ៉ាងច្រើននោះ បានបើកការសម្ពោធដំណាក់កាលទី២ របស់ខ្លួន កាលពីថ្ងៃទី ២ ខែតុលា កន្លងទៅថ្មីៗនេះ។

ដោយផ្តល់ជូននូវអគារលំនៅឋា​នដែលមានតំលៃសមរម្យ មានគុណភាពខ្ពស់ និងអគារពាណិជ្ជកម្ម​ដ៏ល្អហើយនោះ គម្រោងអភិវឌ្ឍនេះគឺស្ថិតនៅទីតាំងភូមិសាស្ត្រដ៏ល្អឥតខ្ចោះ ដែលភ្ជាប់ទៅនឹងទេសភាពធម្មជាតិនៅកណ្តាលទីក្រុងដែលមានសការអភិវឌ្ឍន៍ខ្លាំង​។

គម្រោងទី២របស់អគារខុនដូ Urban Village នេះគឺស្ថិតនៅលើផ្ទៃដីគម្រោងចំនួន ៧៦០ ០០០ ម៉ែត្រការ៉េ ដែលបញ្ចូល​លក្ខណៈ​ពិសេស ​និង​ទំនើប​ជា​ច្រើន​ជាមួយ​នឹង​របៀប​រស់នៅ​លក្ខណៈ​សហគមន៍ មានទីតាំងស្ថិតនៅចន្លោះមហាវិថីសម្តេចហ៊ុនសែននិងផ្លូវជាតិលេខ ២ ជាតំបន់​ដែល​​ស្ថិតនៅក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍខ្លាំង និងឆាប់រហ័សបំផុតនៅក្នុងទីក្រុង ភ្នំពេញ។
បច្ចុប្បន្នវាគឺជាគម្រោងអគារខុនដូដែលមានតំលៃសមរម្យបំផុត ពោលគឺមានតម្លៃចាប់ពី ១៧០០ ដុល្លារ ក្នុង១ម៉ែត្រការ៉េ។ ជាមួយនឹងកម្ចីបានរហូតដល់៧០ ភាគរយ សម្រាប់រយៈពេល២៥ឆ្នាំ។

យូនីតទាំងអស់នៃតំណាក់កាលទី១ ត្រូវបានលក់អស់តែក្នុងរយៈពេល៩ ខែប៉ុណ្ណោះ ហើយចាប់ពីថ្ងៃនេះតទៅ យូនីតនៃតំណាក់កាលទី២ បានចាប់ផ្តើមលក់ហើយ។ ក្នុងចំណោមជាង ៨០០យូនីត គឺ៤០០យូនីតត្រូវបានលក់អស់រួចហើយ។ នេះបង្ហាញឲ្យឃើញអំពីទំនុកចិត្តរបស់អតិថិជន ដែលពួកគាត់មើលឃើញអំពីសក្តានុពលរបស់ Urban Village។
ដើម្បីបង្ហាញពីភាពជោគជ័យរបស់ខ្លួន កាលពីខែឧសភាកន្លងទៅ អគារខុនដូ Urban Village គឺជាគម្រោងអគារខុនដូតែមួយគត់នៅកម្ពុជាដែលបានឈ្នះពានរង្វាន់ចំនួន ៥ ក្នុងពេលតែ មួយ។

ពាន​រង្វាន់​ទាំង ​៥ ​នោះ​រួម​មាន ពាន​រង្វាន់ The Best Condo Development (Cambodia) ពាន​រង្វាន់ The Best Condo Development (Phnom Penh) ពាន​រង្វាន់ Best Condo Landscape Architectural design ពាន​រង្វាន់ Best Condo Architectural Design និង​ពាន​រង្វាន់ Best Condo Interior Design​ ដែលផ្តល់ជូនដោយ ​ក្រុមហ៊ុន​អចលនទ្រព្យ Asia Property Guru ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស ​សិង្ហបុរី។

លោក ស្រី Catherin Chan និង​លោក Ben Li នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Urban Hub បានថ្លែងថា៖« «យើង​ជា​ក្រុមហ៊ុន​អន្តរជាតិ ផ្តោត​សំខាន់​ចំពោះ​អតិថិជន​របស់​យើង និង​ចង់​បង្កើត​សហគមន៍​ពិត​ប្រាកដ​ និង​រស់រវើក​​។ នេះ​គឺ​ជា​ចំណុច​ដ៏​សំខាន់​ ហើយ​ប្រធាន​បទ​របស់​យើង​គឺ រស់នៅ ធ្វើការ និង​កម្សាន្ត​»​។
លោក Nelson Li ប្រធានភ្នាក់ងារអចលទ្រព្យហុងកុង លោក Henry Cheung ប្រធានក្រុមហ៊ុន Overseas Property Alliance សម្រាប់តំបន់ Greater China Business និងលោក Johnny Chan ប្រធានក្រុមហ៊ុន Overseas Property Alliance បានបង្ហញទស្សនៈស្រដៀងគ្នាថា ជាទូ​ទៅ គម្រោងនេះគឺមានលក្ខណៈពិសេសបំផុត ពីព្រោះក្រៅពីផ្តល់ជូននូវអគារលំនៅឋានដ៏ប្រណិត វាក៏ផ្តល់ជូននូវបរិយាកាសការងារប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដូចជា EMQ (ការវាស់ស្ទង់សេដ្ឋកិច្ចនិងគុណភាព) និងជាកន្លែងសម្រាប់ចាប់ផ្តើមអាជីវកម្ម។

ចំពោះតំណាក់កាលទី២ នេះគឺមានចំនួន៤ អគារ ដែលអគារនិមួយៗមាន៥១ជាន់ លើផ្ទៃដី សរុបចំនួន ៧៦ ០០០ ម៉ែត្រការ៉េ ខណៈអគារលំនៅឋានមានទំហំ ១២ ០០០ ម៉ែត្រការ៉េនិង​មានកម្ពស់ ១៥០ ម៉ែត្រ សរុបចំនួន ១៧០០ យូនីត នឹងមានទំហំចាប់ពី ៤៨ រហូតដល់ ១០៧ ម៉ែត្រការ៉េ ដែលគ្រោងនឹងបញ្ចប់នៅ ខែកញ្ញា ឆ្នាំ២០២២។
បីជាន់ដំបូងគឺជាផ្សារទំនើប និងចំណតរថយន្ត។ ជាន់ទី៤ គឺសួនច្បារ ហើយចាប់ពីជាន់ទី៥ រហូតដល់ជាន់ទី៥១ គឺអគារខុនដូ និងអគារប្រភេទ Loft ។

ទាក់ទងនឹងកត្តាសុវត្ថិភាព បរិវេណអគារខុនដូនេះត្រូវបានបំពាក់ដោយប្រព័ន្ធសន្តិសុខទំនើបបំផុត ដែលមានការត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង សម្រាប់ផ្តល់សុន្តិសុខខ្ពស់បំផុតដល់ប្រជាពលរដ្ឋដែលរស់នៅ។

អគារខុនដូដ៏ប្រណិតនេះ ត្រូវបានរចនាឡើងសម្រាប់ការរស់នៅ និងកម្សាន្ត ហើយ ៤៥ ភាគរយនៃផ្ទៃដីសរុបនៃគម្រោងនេះត្រូវបានរក្សាទុកជាកន្លែងបៃតង។ ដែលធ្វើឱ្យវាក្លាយជាកន្លែងសម្រាក និងកម្សាន្តដ៏មានផាសុកភាព សម្រាប់សហគមន៍។

សម្រាប់​ទីធ្លាសាធារណៈមានទំហំធំទូលាយ មានសុវត្ថិភាពនិងផាសុកភាពសម្រាប់អ្នករស់នៅជាពិសេសសសម្រាប់សកម្មភាពកម្សាន្តផ្សេងៗ។

លោក Takatoshi Kojima ប្រធានភ្នាក់ងារអចនទ្រព្យជប៉ុនបានប្រាប់ភ្នំពេញប៉ុស្ដិ៍ នៅឯពិធីសម្ពោធ​គម្រោង Urban Village ដំណាក់កាលទី ២ កាលពីថ្ងៃទី២តុលាថា៖« Urban Village ដំណាក់កាលទី២នេះ គឺជាអចនទ្រព្យដ៏អស្ចារ្យ ហើយលោកមានទំនុកចិត្តខ្ពស់ថាវានឹងអាចទាក់ទាញជនជាតិ ជប៉ុនបានច្រើន ដោយសារតែការរចនារបស់វាមានលក្ខណៈពិសេសខ្លាំង ដូចជាការរចនា យូនីតប្រភេទ Loft ដែលអតិថិជនមានជម្រើសច្រើន ដូចជាបន្ទប់ប្រភេទស្ទូឌីយោ ប្រភេទ បន្ទប់គេង ១,២ និង ៣ ហើយច្បាស់ណាស់វានឹងអាចលក់ដាច់នៅទីផ្សារជប៉ុន»។

ផ្នែកដ៏អស្ទារ្យមួយទៀតនៃគម្រោងនេះគឺមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom ដែលមានភាពរស់រវើក នឹងមានទីតាំងស្ថិតនៅជាប់នឹងគម្រោងខុនដូនេះផ្ទាល់តែម្តង។

លោក Li និង អ្នកស្រី Chan បន្តថា៖«វាជាមជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ និងជាកន្លែងធ្វើការរួមធំជាងគេនៅកម្ពុជា។ ក្រៅពីនេះ វាក៏មានវិចិត្រសាលសិល្បៈធំជាងគេ និងកន្លែងកម្សាន្ត និងជាកន្លែងផលិតស្រាអល្លឺម៉ង់ដោយដៃដំបូងគេផងដែរ»។

មជ្ឈមណ្ឌល Factory Phnom Penh នេះ ក៏មានការិយាល័យ សាលាមតេយ្យ កន្លែងប្រារព្ធពិធីផ្សេងៗ កន្លែងជប់លៀង កន្លែងហាត់ប្រាណបែបប្រេស៊ីល ហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញ ស្ទូឌីយ៉ូថតរូប សួនកុមារសម្រាប់កុមារ កន្លែងកំសាន្តបែបបច្ចេកវិទ្យាកន្លែងច្នៃប្រឌិតទីលានជិះបន្ទះក្តារ ទីលានបាល់ទាត់ និងបណ្ណាល័យ ជាដើម។

លោកទាំងពីរបន្ថែមថា៖«មានក្រុមហ៊ុននិអង្គការអន្តរជាតិល្បីៗជាច្រើនបានមករៀបចំកម្មវិធីរបស់ពួកគេនៅទីនេះ ក្នុងនោះមានដូចជាអង្គការសហប្រជាជាតិ សភាពាណិជ្ជកម្មអឺរ៉ុប ក្រុមហ៊ុន Toyota ក្រុមហ៊ុន Smart ក្រុមហ៊ុន H&M និងធនាគារ May Bank ជាដើម។
កាលពីពេលថ្មីនេះ តារាបាល់ទាត់កម្ពុជា លោក ប្រាក់ មុន្នីឧត្តម ត្រូវបានតែងតាំងជាទូតសុឆ្ឆនៈ របស់ Urban Village ។

លោកស្រី Chan កោតសរសើរទេពកោសល្យរបស់លោកប្រាក់ មុន្នី ឧត្តម ពីព្រោះមហិច្ឆតាឈានទៅរកសក្តីស្រម៉ៃរបស់លោក គឺដូចគ្នាទៅនឹងមហិច្ឆតា នៃការចង់ពង្រឹងសក្តានុពលរបស់ Urban Village នៅកម្ពុជាដែរ។

លោកស្រីថ្លែងថា៖«ខ្ញុំសម្លឹងឃើញថា យើងមានក្តីប្រាថ្នាដូចគ្នា ហើយមុនីឧត្តមជាកីឡាករបាល់​ទាត់​ម្នាក់ដែលមានមហិច្ឆិតាដើម្បីទទួលបានជោគជ័យ គឺដូចគ្នាទៅនឹងគម្រោងអគការខុនដូ Urban Village ដែលយើងកំពុងធ្វើនៅទីនេះ ដើម្បីសម្រេចគោលដៅទាំអស់គ្នា»។
ដូច្នេះ អ្វីដែល Urban Village ខិតខំផ្តល់ដល់អតិថិជនគ្រប់រូបគឺបរិយាកាសពោពេញដោយផាសុកភាព សុវត្ថិភាព និងភាពរីករាយ៕