K-Research ព្យាករណ៍ថាកំណើនផលិតផលសរុបរបស់ថៃនឹងកើនឡើងចន្លោះពី ២.៥% ទៅ ៣% នៅឆ្នាំ ២០២០
សេដ្ឋកិច្ច October 3, 2019 Chan Sreyny

ថៃ៖ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ឬហៅកាត់ថា (K-Research) បានព្យាករណ៍ពីកំណើនផលិតផលសរុបរបស់ប្រទេសថៃសម្រាប់ឆ្នាំ ២០២០ ដោយកំណត់យកកម្រិត ២.៥% ទៅ ៣% បើប្រៀបធៀបទៅនឹងកំណើន ២.៨% នៅក្នុងឆ្នាំនេះ​។ ទន្ទឹមនឹងនេះប្រភពដដែលបានបន្តថាដើម្បីសម្រេចបានគោលដៅនេះប្រទេសថៃត្រូវការការជំរុញបន្ថែមដើម្បីបំពេញតាមផ្នែកនីមួយៗដើម្បីសម្រេចបានលទ្ធផលដូចទៅនឹងការប៉ាន់ស្មាន។ ខណៈពេលដែលសេដ្ឋកិច្ចនៅឆ្នាំ ២០២០ ត្រូវបានគេប្រមើលមើលថាទំនងជាទទួលរងពីកត្តាហានិភ័យខាងក្រៅ ជាពិសេសសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ចិន និងការធ្លាក់ចុះនៃការនាំចេញ។

ជាមួយគ្នានេះដែរដោយសារស្ថានភាពពិភពលោកមិនសូវល្អ K-Research បានព្យាករណ៍ថាការនាំចេញរបស់ប្រទេសថៃនឹងធ្លាក់ចុះ ២% នៅឆ្នាំក្រោយ។ ហើយកញ្ចប់ថិវកាសម្រាប់ជំរុញសេដ្ឋកិច្ច និងជួយឲ្យមានការកើនឡើង ៣% បើមិនដូច្នោះទេសេដ្ឋកិច្ចនឹងទាបជាង ៣% ជាមិនខាន។ យ៉ាងណាមិញលោកស្រី Nattaporn Triratanasirikul នាយកគ្រប់គ្រង K-Research បានលើកឡើងថាដើម្បីកែប្រែបញ្ហានេះប្រទេសថៃគួរមានវិធានការណ៍ការកំណត់គោលដៅទៅលើសហគ្រាសធុនតូច និងមធ្យមដែលរងផលប៉ះពាល់ដោយសង្រ្គាមពាណិជ្ជកម្ម ជាពិសេសសហគ្រាសដែលពឹងផ្អែកលើការនាំចេញទំនិញ។ ដោយឧស្សាហកម្មទាំងនេះបានបង្ហាញពីអត្រានៃការកាត់បន្ថយការផលិតខ្ពស់ជាងមុនក្នុងកម្រិត ៤.៥% នៅក្នុងខែកក្កដាកើនឡើងពី ២.៨% នៅក្នុងខែមេសានិង ១.៩% នៅក្នុងខែមករា។

គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុន K-Research បានទម្លាក់ការព្យាករណ៍កំណើនផលិតផលសរុបក្នុងឆ្នាំ ២០១៩ របស់ខ្លួនពីការព្យាករណ៍ពី ៣.១% មក ២.៨% ដោយសារជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែខ្លាំង។ មិនតែប៉ុណ្ណោះស្ថាប័នស្រាវជ្រាវនេះក៏បានកាត់បន្ថយចក្ខុវិស័យលើកំណើននៃការនាំចេញរបស់ខ្លួនពីសូន្យដល់ការធ្លាក់ចុះ ១% សម្រាប់ឆ្នាំនេះ បន្ទាប់ពីការដឹកជញ្ជូនបានធ្លាក់ចុះ ២.២% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៨ ខែដំបូងផងដែរ៕

អត្ថបទ៖ លីនី