(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមពិធីបុណ្យជាតិសាធារណរដ្ឋកូរ៉េ ដើម្បីអបអរសាទរចំណងមិត្តភាពកម្ពុជា-កូរ៉េ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងនោះផងដែរឯកឧត្តមរដ្ឋមន្រ្តីបានសម្ដែងការពេញចិត្តចំពោះការទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ ដែលបានបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅក្នុងវិស័យនានា រវាងប្រទេសទាំងពីរចាប់តាំងពីពេលចាប់ផ្ដើមទំនាក់ទំនងការទូតជាថ្មីក្នុងឆ្នាំ ១៩៩៧។
ជាក់ស្ដែងគិតមកទល់ពេលនេះសាធារណរដ្ឋកូរ៉េ បានជួយដល់ប្រទេសកម្ពុជាលើវិស័យសំខាន់ៗជាច្រើនរួមមាន ការបណ្ដុះបណ្ដាលធនធានមនុស្ស វិស័យសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍជនបទ កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។ ដោយក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីកំពុងកើនឡើងគួរឲ្យកត់សម្គាល់ក្នុងចន្លោះប្រមាណ ៦០០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧ ដល់ជាង ៧០០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ និងប្រហែល ៤៥០ លានដុល្លារអាមេរិកនៅឆមាសទី១ នៃឆ្នាំ ២០១៩ នេះ៕





