ចំនួនភ្ញៀវទេសចរបរទេសដែលចូលមកទស្សនានៅបា្រសាទអង្គរវត្ត នៅតែបន្តធ្លាក់ចុះយ៉ាងគំហុកក្នុងពេលបច្ចុប្បន្ននេះ
សេដ្ឋកិច្ច October 3, 2019 Chan Sreyny

ចំនួនភ្ញៀវទេសចរបរទេសនៅបា្រសាទអង្ករវត្តត្រូវបានគេរាយការណ៍ថានៅតែបន្តធ្លាក់ចុះ ដោយតួលេខចុងក្រោយពីសហគ្រាសអង្គរបានបង្ហាញពីការធ្លាក់ចុះ ១២% ទៅ ១៣%។ ខណៈដែលបា្រក់ចំណូលពីការលក់សំបុត្របានត្រឹមតែ ៧៥ លានដុល្លារប៉ុណ្ណោះពោលគឺ ធ្លាក់ចុះ ១៣% ។ ក្នុងនោះផងដែរចាប់តាំងពីខែមករា ដល់កញ្ញាចំនួនភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនាប្រាសាទមានចំនួន​ ១.៦ លាននាក់ ធ្លាក់ចុះ ១២% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។

ការធ្លាក់ចុះនេះត្រូវបានគេរាយការណ៍ថាបណ្ដាលមកពីចំនួនភ្ញៀវទេសចរចិនតិច ក៏ដូចជាការរងផលប៉ះពាល់ពីភាពតានតឹងជំលោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នេះបើយោងតាមការលើកឡើងពីអ្នកនាំពាក្យក្រសួងទេសចរណ៍។ ទន្ទឹមនឹនេះចំនួនភ្ញៀវទេចរកូរ៉េខាងត្បូងនៅក្នុងខេត្តសៀមរាបក៏កំពុងថយចុះផងដែរ។ ដោយឡែកចំនួនភ្ញៀវទេសចរចិននៅភ្នំពេញ និងក្រុងព្រះសីហនុកំពុងកើនឡើង ដោយភាគច្រើនភ្ញៀវទេសចរចិនទាំងនេះជាអ្នកជំនួញ និងវិនិយោគិន ខណៈដែលនៅក្រុងព្រះសីហនុមានកាស៊ីណូដែលគ្រប់គ្រងដោយជនជាតិចិនជាច្រើនផងដែរ។

ទោះបីជាយ៉ាងណាបច្ចុប្បន្នក្រសួងទេសចរណ៍ និងវិស័យឯកជនកំពុងធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការធ្លាក់ចុះនេះ ក្រសួងបានរៀបចំផែនការមេដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីនៅខេត្តសៀមរាប។ ហើយរំពឹងថាចំនួនភ្ញៀវទេសចរបរទេសដែលចូលទស្សនាប្រាសាទអង្គរវត្តនឹងកើនឡើងនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ។ គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុនប្រាសាទអង្គរវត្តទទួលស្វគមន៍ភ្ញៀវទេសចរបរទេសចំនួន ២.៥ លាននាក់ដែលរកចំណូលបាន ១១៦ លានដុល្លារអាមេរិក៕

អត្ថបទ៖ លីនី