របាយការណ៍ថ្មីមួយដែលចេញដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលថ្មីៗនេះបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានៅតែស្ថិតក្នុងដំណើររីកចម្រើនយ៉ាងខ្លាំងនៅឆ្នាំ ២០១៩ បើទោះបីកំណើនផលិតផលកសិកម្មដែលមានទាបជាងការរំពឹងទុកក៏ដោយ។ ជាមួយគ្នានេះនៅក្នុងការធ្វើបច្ចុប្បន្នភាពនៃការបោះពុម្ពផ្សាយសេដ្ឋកិច្ចប្រចាំឆ្នាំដ៏លេចធ្លោរបស់ខ្លួន គឺទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាការព្យាករណ៍របស់ខ្លួនអំពីកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ប្រទេសកម្ពុជា ៧% នៅឆ្នាំនេះនិង ៦.៨% នៅឆ្នាំ ២០២០ ។
យ៉ាងណាមិញនាយកប្រចាំប្រទេសរបស់ ADB នៅប្រទេសកម្ពុជាលោកស្រី Sunniya Durrani-Jamal បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ “ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបន្តរីកចម្រើនក្នុងល្បឿនមួយដ៏រឹងមាំ ដោយសារតែការបន្តពង្រឹងនៅក្នុងវិស័យប្រពៃណីដូចជាសម្លៀកបំពាក់ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់” ។ ទន្ទឹមនឹងនេះលោកស្រីបន្តថា៖ “ ជាមួយនឹងភាពមិនប្រាកដប្រជាកាន់តែកើនឡើងនៅក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោក និងផលប៉ះពាល់លើសេវាកម្មដូចជា ទេសចរណ៍ ដូច្នេះកម្ពុជាត្រូវការជាចាំបាច់នូវយុទ្ធសាស្ត្រធ្វើពិពិធកម្មចម្រុះទៅជាផលិតផល និងសេវាកម្មដែលមានតម្លៃខ្ពស់” ។
បន្ថែមពីនេះសេចក្តីប្រកាសព័ត៌មានដដែលបានបន្តថាកំណើនសម្រាប់ឧស្សាហកម្មគឺ រឹងមាំដោយសារតែការកើនឡើងនៃផលិតកម្មសម្លៀកបំពាក់ ស្បែកជើង និងការនាំចេញទំនិញដែលនាំឲ្យមានការកែលម្អឡើងវិញពី ១០.១% នៅក្នុងការព្យាករណ៍កាលពីខែមេសារបស់ធនាគារអភិវឌ្ឍន៍អាស៊ីដល់ ១០.៦%។ ជាមួយគ្នានេះតម្លៃប្រេងឥន្ធនៈទាប និងការឡើងថ្លៃម្ហូបអាហារតិចតួចដែលធ្វើឲ្យអតិផរណាត្រូវបានធ្លាក់ចុះមកត្រឹម ១.៤% ពីមួយឆ្នាំទៅមួយឆ្នាំកាលពីចុងខែមិថុនា ត្រូវបានគេរំពឹងថានឹងកើនឡើងជាមធ្យម ២.២% សម្រាប់ឆ្នាំ ២០១៩ នេះផងដែរ៕


អត្ថបទ៖ លីនី


