គ្រាន់តែតំបន់ដីសណ្ដទន្លេមេគង្គ អាចឲ្យកសិករវៀតណាមរកប្រាក់ចំណូលបានខ្ទង់ពាន់ដុល្លារ ពីការចិញ្ចឹមគោបន្ថែមពីការធ្វើស្រែចំការ
សេដ្ឋកិច្ច October 1, 2019 Chan Sreyny

វៀតណាម៖ ខេត្តជាច្រើននៅតំបន់ដីសណ្តទន្លេមេគង្គបានអភិវឌ្ឍកសិកម្មទឹកដោះគោ និងសាច់គោចាប់តាំងពីវាផ្តល់ឲ្យកសិករនូវប្រាក់ចំណូល និងអត្ថប្រយោជន៍បន្ថែមពីផលិតផលកសិកម្មក្នុងស្រុក។ តំបន់ដីសណ្តដែលជាទីតាំងផលិតស្រូវធំជាងគេបង្អស់របស់ប្រទេសនេះបានផលិតនូវផលិតផលជាច្រើនរួមមានទាំងចំបើងសម្រាប់ចិញ្ចឹមគោផងដែរ។ ក្នុងនោះផងដែរមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តកំពុងជំរុញឲ្យកសិករបង្កាត់ពូជគោសម្រាប់កាប់សាច់ និងកូនគោនៅឆ្នាំនេះ ដោយសារផលិតផលកសិកម្មមានបរិមាណច្រើននៅក្នុងស្រុក និងតម្លៃសាច់គោឡើងថ្លៃ។

យោងតាមអនុប្រធានមន្ទីរបានឲ្យដឹងថានៅក្នុងខេត្ត Tra Vinh ការចិញ្ចឹមសត្វគោមានចំនួនដល់ជាង ២០ ម៉ឺនក្បាលពោលគឺច្រើនជាងឆ្នាំមុន ២០% ។ មិនតែប៉ុណ្ណោះនៅខេត្ត Tien Giang ការបង្កាត់ពូជសត្វគោបានរីកចម្រើននៅតាមតំបន់ច្រាំងទន្លេដូចជា Cho Gao, Go Cong Dong, Go Cong Tay, និង Tan Phu Dong ដែលការធ្វើកសិកម្មត្រូវបានប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។ ដោយនៅក្នុងខេត្តនេះចំនួនសត្វគោសរុបមានដល់ទៅ ១១៩,០០០ ក្បាលដែលត្រូវបានគេចាត់ទុកថាជាប្រភពចំណូលដ៏សំខាន់សម្រាប់កសិករនិងជួយកាត់បន្ថយភាពក្រីក្រនៅជនបទ។

ទន្ទឹមនឹងនេះការិយាល័យស្ថិតិទូទៅបានឲ្យដឹងថាកាលពីឆ្នាំមុនតំបន់ដីសណ្តមានគោចំនួន ៧៤៨,០០០ ក្បាលដែលមានការកើនឡើងចំនួន ២១,៦០០ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧។ ខណៈដែលការចិញ្ចឹមសត្វទាំងអស់ត្រូវបានចិញ្ចឹមតាមលក្ខណៈស្ដង់ដារ និងតាមគំរូបច្ចេកទេសបច្ចេកវិទ្យាដែលរដ្ឋាភិបាលបានបង្កើតឡើងដើម្បីបង្កាត់គោសម្រាប់សាច់ ទឹកដោះគោ និងកូនគោ។ គួរបញ្ជាក់ផងដែរថាបន្ទាប់ពីការផ្លាស់ប្ដូរមកបង្កាត់ និងចិញ្ចឹមសត្វគោប្រាក់ចំណូលរបស់ប្រជាកសិករនៅតាមតំបន់ដីសណ្ដទន្លេមេគង្គបានកើនឡើងពី ៤៣ លានដុង (១,៨៥០ ដុល្លារ) ក្នុងមួយគ្រួសារក្នុងមួយឆ្នាំកាលពីឆ្នាំ ២០១៤ ដល់ ១៣២ លានដុង (៥,៦៨០ ដុល្លារ)៕

អត្ថបទ៖ លីនី