ហាងសម្លៀកបំពាក់ល្បីលំដាប់ពិភពលោក Forever 21 កំពុងស្នើសុំឯកសារការពារក្ស័យធន និងគ្រោងបិទហាងជាច្រើននៅអាស៊ី និងអឺរ៉ុប
អាជីវកម្ម October 1, 2019 Chan Sreyny

ក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ Forever 21 ដែលជាមានប្រជាប្រិយភាពជាមួយម៉ូដទាន់សម័យ និងតម្លៃថោកជាពិសេសជាគូប្រជែងជាមួយម៉ាកល្បីៗដូចជា Zara និង H&M បានប្រកាសកាលពីថ្ងៃអាទិត្យថាខ្លួនកំពុងដាក់ពាក្យស្នើសុំការការពារក្ស័យធនមាត្រាទី ១១។ ដោយក្រុមហ៊ុនរំពឹងថានឹងបិទរហូតដល់ ៣៥០ ហាងនៅទូទាំងពិភពលោកក្នុងនោះរាប់បញ្ចូលទាំងហាងនៅអាមេរិកចំនួន ១៧៨ ផងដែរ៕

អ្នកនាំពាក្យរបស់ក្រុមហ៊ុនលក់រាយមួយនេះបានឲ្យដឹងថាក្រុមហ៊ុនបានទទួលហិរញ្ញប្បទាន ២៧៥ លានដុល្លារពីអ្នកផ្តល់ប្រាក់កម្ចីដែលមានស្រាប់ជាមួយក្រុមហ៊ុន JPMorgan Chase និង ៧៥ លានដុល្លារជាដើមទុនថ្មីពីក្រុមហ៊ុន TPG ទី ៦ ដែលជាដៃគូក៏ដូចជាមូលនិធិពាក់ព័ន្ធដើម្បីជួយគាំទ្រដល់ប្រតិបត្តិការរបស់ខ្លួនក្នុងការក្ស័យធន។ ជាមួយគ្នានេះដែរការការពារក្ស័យធនមាត្រាទី ១១ នេះអាចជួយពន្យាកាតព្វកិច្ចរបស់ក្រុមហ៊ុនអាមេរិកចំពោះម្ចាស់បំណុលរបស់ខ្លួនដោយទុកពេលឲ្យរៀបចំបំណុល ឬលក់ផ្នែកខ្លះនៃអាជីវកម្ម ដោយនឹងមានហាងចន្លោះពី ៤៥០ ទៅ ៥០០ នៅទូទាំងពិភពលោកត្រូវបានបិទ បន្ទាប់ពីដំណើរការនេះធ្លាក់ចុះពីចំនួនសរុបបច្ចុប្បន្នប្រហែល ៨០០ សាខា។

យ៉ាងណាមិញពាក់ព័ន្ធជាមួយមូលហេតុដែលបណ្ដាលឲ្យការលក់ធ្លាក់ចុះ ត្រូវបានអ្នកវិភាគមួយចំនួនលើកឡើងថាសម្លៀកបំពាក់ដែលមានតម្លៃថោកមិនត្រូវចិត្តសម្រាប់អតិថិជនវ័យក្មេង ពោលទាំងម៉ូដ និងគុណភាពគឺធ្លាក់ចុះស្ដង់ដា ជាងគូប្រកួតប្រជែងផ្សេងទៀតជាពិសេសគូប្រជែងតាមអ៊ីនធឺណេត។ ទន្ទឹមនឹងនេះក្រុមហ៊ុន Forever 21 បានប្រកាសកាលពីសប្តាហ៍មុនថាខ្លួននឹងចាកចេញពីប្រទេសជប៉ុននៅខែតុលាដោយសារតែការបន្តការលក់ធ្លាក់ចុះ និងគ្រោងនឹងចាកចេញពីទីតាំងអន្តរជាតិភាគច្រើនរបស់ខ្លួននៅអាស៊ីនិងអឺរ៉ុប។ ប៉ុន្តែក្រុមហ៊ុនមិនរំពឹងថានឹងចាកចេញពីទីផ្សារធំៗ ណាមួយនៅសហរដ្ឋអាមេរិកនោះទេ។

ទោះជាយ៉ាងដោយអ្នកលក់រាយបានព្យាយាមធានាដល់អតិថិជនរបស់ខ្លួននៅក្នុងលិខិតសាធារណៈកាលពីថ្ងៃអាទិត្យដោយនិយាយថា “ ហាងត្រូវបានបើក” ហើយ “ វានៅតែបន្តការលក់ដូចថ្ងៃធម្មតា ហើយនេះមិនមានន័យថាយើងនឹងអស់ជំនួញនោះទេ ផ្ទុយទៅវិញការដាក់ឯកសារការពារការក្ស័យធន គឺជាជំហាន និងការសម្រេចចិត្តដ៏ល្អមួយដើម្បីធ្វើឲ្យយើងដើរលើផ្លូវជោគជ័យសម្រាប់អនាគត ”។ ផ្ទុយទៅវិញនាយកគ្រប់គ្រងក្រុមហ៊ុន GlobalData Retail បានមានប្រសាសន៍ថា “ ការចូលរបស់ក្រុមហ៊ុន Forever 21 ទៅក្នុងការការពារក្ស័យធន មាត្រាទី ១១ គឺជាផលវិបាកនៃការផ្លាស់ប្តូរទាំងនិន្នាការ និងរសនិយមនៅក្នុងទីផ្សារសម្លៀកបំពាក់ និងការដើរខុសរបស់ក្រុមហ៊ុន ” ។

គួរបញ្ជាក់ផងដែរថាហាង Forever 21 មានមូលដ្ឋាននៅទីក្រុង Los Angeles ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៤ ដោយបានជួយបង្កើតសម័យកាលនៃការដើរទិញឥវ៉ាន់រហ័សទាន់ចិត្តដោយផ្តល់ជូននូវសំលៀកបំពាក់ថ្មីៗ ដែលមានតំលៃថោក ដោយអ្នកទិញឥវ៉ាន់នៅលើគេហទំព័ររបស់ខ្លួនអាចរកបានសំលៀកបំពាក់ដែលមានតម្លៃខ្ទង់ ១០ ទៅ ២៥ ដុល្លារ ដែលទទួលបានភាពល្បីល្បាញហើយពង្រីកវិសាលភាពរបស់ខ្លួនរហូតដល់ ៨១៥ ហាងនៅ​ទូទាំងពិភពលោក៕

អត្ថបទ៖ លីនី