យោងតាមសារព័ត៌មានពីប្រទេសវៀតណាមបានឲ្យដឹងថាក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០១៩ នេះ ទីក្រុងហូជីមិញទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ៦.២ លាននាក់ កើនឡើង ១៤.៣%។ ជាមួយគ្នានេះវិស័យទេសចរណ៍ក្នុងទីក្រុងនេះបានរកចំណូលបានដល់ ១០៨.៣ ទ្រីលានដុង ( ជាង ៤.៦ ពាន់លានដុល្លារ ) កើនឡើង ៧.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យ៉ាងណាមិញដើម្បីឆ្លើយតបនឹងកំណើននេះ នាយកដ្ឋានទេសចរបានយកចិត្តទុកដាក់ចំពោះសកម្មភាពលើកកម្ពស់វិស័យទេសចរណ៍ឲ្យកាន់តែទាក់ទាញភ្ញៀវទេសចរមកកំសាន្តក្នុងទីក្រុងកាន់តែច្រើនថែមទៀត។ ខណៈដែលវិស័យនេះកំពុងបង្កើនការអនុវត្តក្នុងការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន និងដំណើរការឯកសារពាក់ព័ន្ធ ស្របពេលដែលប្រតិបត្តិការសេវាសាធារណៈតាមអ៉ីនធឺណេតត្រូវបានប្រើសម្រាប់ដោះស្រាយនីតិវិធីរដ្ឋបាលក្នុងវិស័យនេះ។ គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុនទីក្រុងហូជីមិញបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ៧ លាននាក់ ហើយមានគោលបំណងពង្រីកកំណើនទេសចរណ៍ចន្លោះពី ១៥-២០% និងទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសដែលមកវិស្សមកាលប្រមាណ ៨-៨.៥ លាននាក់ក្នុងឆ្នាំ ២០១៩ នេះ៕

អត្ថបទ៖ លីនី


