អតីតប្រធានាធិបតី Barack Obama ចែករំលែកមេរៀនភាពជាអ្នកដឹកនាំដែលគាត់បានរៀនពីការចិញ្ចឹមកូនស្រីទាំងពីររបស់ខ្លួន រហូតឈ្នះឆ្នោតពីរអណត្តិជាប់គ្នា
បុគ្គលជោគជ័យ September 25, 2019 Chan Sreyny

លោក Barack Obama ជាប្រធានាធិបតីទី៤៤ របស់សហរដ្ឋអាមេរិក និងជាជនជាតិអាហ្វ្រិកដំបូងបង្អស់ដែលបានជាប់ឆ្នោតក្នុងរយៈពេលពីរអាណត្តិជាប់គ្នាគឺក្នុងឆ្នាំ ២០០៨ និង ២០១២។ ជាមួយគ្នានេះនៅពេលសួរពីមូលហេតុដែលធ្វើឲ្យគាត់មានការដឹកនាំល្អ រហូតដល់ឈ្នះឆ្នោតពីរអណត្តិ អតីតប្រធានាធិបតី Barack Obama បានអះអាងថាមេរៀនដឹកនាំគឺគាត់បានរៀនពីការចិញ្ចឹមកូនស្រីទាំងពីររបស់គាត់មានឈ្មោះថា Malia និង Sasha បច្ចុប្បន្នកំពុងបន្តការសិក្សានៅមហាវិទ្យាល័យ។

នៅក្នុងព្រឹត្តិការណ៍មួយនៅសាន់ហ្វ្រាន់ស៊ីស្កូ Obama បាននិយាយអំពីអ្វីដែលគាត់បានរៀនពីការធ្វើជាឪពុកម្ដាយដោយលើកឡើងថា៖ « ការចិញ្ចឹមកូនៗ គឺស្រដៀងនឹងការដាំរុក្ខជាតិ »។ ក្នុងនោះគាត់បានពន្យល់ដូច្នេះថា៖ « ពួកគេជាដើមឬស្សី ដែលត្រូវការទឹក ត្រូវការពន្លឺព្រះអាទិត្យ ប៉ុន្តែតើវាលូតលាស់បានលឿនដោយរបៀបណា នៅពេលដែលវាបែកមែកសាខា ពេលដែលដុះពន្លក និងគ្រប់ពេលដែលចេញផ្កា វាប្រាកដជាមានភាពខុសគ្នា ដូច្នេះកូនស្រីរបស់ខ្ញុំក៏ដូចគ្នា នៅពេលពួកគេកាន់តែធំពេញវ័យ យើងអាចកំណត់អត្តសញ្ញាណពួកគេបាន »។

គាត់បានបន្ថែមថា៖ « កូនស្រីច្បង Malia ដែលមានអាយុ ២១ ឆ្នាំមានអកប្បកិរិយាស្ងៀមស្ងាត់ រីឯ Sasha ដែលបច្ចុប្បន្នអាយុ ១៨ ឆ្នាំមានអាកប្បកិរិយាដូចនឹងភរិយារបស់គាត់គឺលោកស្រី Michelle។ អ្វីដែលមានន័យគឺរបៀបធ្វើជាឪពុកម្ដាយ ជាមួយគំនិតដែលអ្នកអប់រំកូនៗ ដែលមានលក្ខណៈផ្សេងៗពីគ្នា ឲ្យមានប្រសិទ្ធិភាព ហើយទទួលបានភាពស្មើគ្នា និងយុត្តិធម៌ ដោយយើងត្រូវតែជ្រើសរើសយកយុទ្ធសាស្ត្រផ្សេងៗគ្នាជាមួយកូនៗរបស់យើងទៅលើរឿងជាក់លាក់ណាមួយ »។ ទាំងនេះត្រូវបានលោក Barack Obama ចាត់ទុកថាជាមេរៀនដឹកនាំដ៏ល្អ ដែលអាចអនុវត្តបាននៅកន្លែងធ្វើការ៕

អត្ថបទ៖ លីនី