Steve Jobs ស្លាប់ក្នុងនាមជាមហាសេដ្ឋីនៅអាយុ ៥៦ ឆ្នាំដោយសារជំងឺមហារីកលំពែង សល់ទ្រព្យ ៧ ពាន់លានដុល្លារ ហើយនេះជាពាក្យចុងក្រោយរបស់គាត់ផ្ដែផ្ដាំមុនស្លាប់
គំនិតអប់រំ September 25, 2019 Chan Sreyny

សហស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs បានទទួលមរណៈភាពក្នុងវ័យ ៥៦ ឆ្នាំ ដោយសារជំងឺមហារីកលំពែង។ ការស្លាប់ទាំងវ័យក្មេងរបស់មហាសេដ្ឋីរូបនេះ​ បានធ្វើឲ្យគាត់ដឹងថាជីវិតពិតជាសំខាន់ និងបន្សល់នូវវិប្បដិសារីដ៏ធំសម្រាប់ជីវិតគាត់ ដូចនេះទើបគាត់ផ្ដល់នូវពាក្យដាស់តឿនជាច្រើនដល់មនុស្សជំនាន់ក្រោយកុំឲ្យមានការស្ដាយក្រោយដូចគាត់។

« គ្រប់ពេលអ្នកដទៃសំលឹងមកខ្ញុំ ពួកគេគិតថា​ជីវិតរបស់ខ្ញុំពោរពេញដោយរឿងជោគជ័យ ប៉ុន្តែក្រៅពីការងារពួកគេមិនធ្លាប់ដឹងទេថា ភាពរីករាយ និងសេចក្ដីសុខខ្ញុំមានតិចតួចណាស់ ហើយនៅចុងបញ្ចប់ទ្រព្យសម្បត្តិគ្រាន់តែជារបស់ក្រៅខ្លួននៃជីវិតដែលខ្ញុំធ្លាប់មាន »។

«​ រហូតមកដល់ខណៈនេះ ជាពេលដែលត្រូវសម្រាកនៅលើគ្រែអ្នកជំងឺ និងព្យាយាមចងចាំរឿងជាច្រើនដែលកើតមានពេញមួយជីវិត ទើបខ្ញុំដឹងថា​កេរិ៍្តឈ្មោះ និងទ្រព្យសម្បត្តិដែលខ្ញុំមានគឺគ្មានន័យទាល់តែសោះ នៅពេលប្រឈមមុខនឹងសេចក្ដីស្លាប់ដែលជិតមកដល់។ អ្នកអាចជួលអ្នកណាម្នាក់បើកឡានឲ្យអ្នក រកលុយឲ្យអ្នក ប៉ុន្តែអ្នកមិនអាចជួលអ្នកណាម្នាក់ឲ្យមកឈឺជំនួសអ្នកបានទេ។ យើងអាចរកឃើញរបស់ដែលយើងធ្វើឲ្យបាត់ ប៉ុន្តែមានរឿងមួយដែលយើងមិនអាចរកឃើញនោះគឺ “ជីវិត” »។

ចូររស់នៅមើលថែខ្លួន​​​​​​​​​​​​​ឯងឲ្យបានល្អ និងស្រលាញ់គោរពអ្នកដទៃ ព្រោះនៅពេលយើងកាន់តែចាស់យើងកាន់តែឆ្លាតហើយយើងនឹងដឹងបន្តិចម្ដងៗថា នាឡិកាដែលមានតម្លៃ ៣០ ដុល្លារ ឬ ៣០០ ដុល្លារ គឺនៅតែបង្ហាញម៉ោងតែមួយ។ មិនថាយើងកាន់កាបូបដែលមានតម្លៃ ៣០ ដុល្លារ ឬ ៣០០ ដុល្លារទេ ចំនួនទឹកប្រាក់នៅក្នុងកាបូបនៅតែដូចគ្នា។ មិនថាយើងបើកឡានតម្លៃ ១៥០,០០០ ដុល្លារ ឬក៏ឡានតម្លៃ ៣០,០០០ ដុល្លារ ក៏នៅតែជិះលើផ្លូវ និងចំងាយហើយទៅដល់គោលដៅដូចគ្នា។ លើសពីនេះទោះបីជាយើងផឹកស្រាមួយដបតម្លៃ ៣០ ដុល្លារ ឬ មួយដបតម្លៃ ៣០០ ដុល្លារនៅតែស្រវឹងដូចគ្នា ហើយទោះបីជាយើងរស់នៅផ្ទះទំហំ ៣០០ ម៉ែត្រការ៉េ ឬ ៣០០០ ម៉ែត្រការ៉េភាពឯកោនៅតែមានដូចគ្នា។

« ជាក់ស្ដែងសុភមង្គលពិតប្រាកដនៅខាងក្នុងខ្លួនរបស់អ្នក មិនមែនមកពីរបស់របរនៅលើពិភពលោកនេះទេ។ មិនថាអ្នកជិះយន្តហោះលំដាប់ first class ឬ economy class នោះទេ ប្រសិនបើយន្តហោះមានបញ្ហា អ្នកនឹងមានបញ្ហាដូចគ្នា។ ដូច្នេះខ្ញុំសង្ឃឹមថាអ្នកនឹងយល់នៅពេលដែលអ្នកមានមិត្តភក្កិ ឬ នរណាម្នាក់ដែលមានពេលនិយាយជាមួយ និងព្រមស្ដាប់រឿងគ្រប់យ៉ាងរបស់អ្នក នេះហើយជាសុភមង្គលពិតប្រាកដ »។

ទាំងនេះជាការពិតទាំង៥ ដែលអ្នកមិនអាចប្រកែកបាន៖

១. កុំអប់រំកូនរបស់អ្នកឲ្យក្លាយជាអ្នកមាន តែអប់រំពួកគេឲ្យចេះបង្កើតភាពរីករាយ ដូច្នេះនៅពេលពួកគេធំឡើងពួកគេនឹងយល់ពីគុណតម្លៃនៃរបស់ដែលមាន មិនមែនទៅលើតម្លៃទឹកប្រាក់នោះទេ។
២. ទទួលទានអាហាររបស់អ្នកឲ្យទៀងទាត់ដូចលេបថ្នាំ បើមិនដូច្នោះទេអ្នកនឹងត្រូវលេបថ្នាំរបស់អ្នកជាអាហារ។
៣. អ្នកដែលស្រលាញ់អ្នកនឹងមិនចាកចេញពីអ្នកឡើយ បើទោះបីជាគាត់មានហេតុផល ១០០ ដើម្បីបោះបង់ក៏ដោយ គាត់នឹងរកឃើញហេតុផលមួយដើម្បីនៅជាមួយអ្នក។
៤. មានភាពខុស​គ្នាយ៉ាងខ្លាំងរវាងការរស់នៅក្នុងភាពជាមនុស្ស និងការរស់នៅដើម្បីតែរស់។
៥. បើចង់លឿន អ្នកត្រូវទៅតែឯង ប៉ុន្តែបើចង់ទៅឆ្ងាយត្រូវទៅជាក្រុម។

ហើយនៅទីបំផុតគ្រូពេទ្យដែលល្អជាងគេនៅលើលោកគឺមានតែ ពន្លឺព្រះអាទិត្យ ការសម្រាក ការហាត់ប្រាណ របបអាហារ ទំនុកចិត្តលើខ្លួនឯង និងមិត្តភក្កិ។ ដូច្នេះរក្សាវានៅគ្រប់ដំណាក់កាលនៃជីវិតហើយរីករាយនឹងជីវិតដែលមានសុខភាពល្អ៕

អត្ថបទ៖ លីនី