ថៃត្រូវការថវិកាជាង ៣ ពាន់លានដុល្លារ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចតាមជនបទដែលមានប្រាក់ចំណូលទាប
សេដ្ឋកិច្ច September 25, 2019 Chan Sreyny

ថៃ៖ ក្រសួងហិរញ្ញវត្ថុថៃត្រូវការថវិកាជាង ១០០ ពាន់លានបាត (៣,២៨ ពាន់លានដុល្លារ) ដើម្បីឧបត្ថម្ភយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់តំបន់សេដ្ឋកិច្ចនៅជនបទ សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាបប្រមាណ ៣០ លានគ្រួសារនៅទូទាំងប្រទេស។ ជាមួយគ្នានេះដើម្បីអនុវត្តកញ្ចប់ជំរុញសេដ្ឋកិច្ចក្រសួងនឹងចាប់ផ្ដើមការប្រជុំជាមួយទីភ្នាក់ងារពាក់ព័ន្ធដូចជា ធនាគារសម្រាប់កសិកម្ម សហករណ៍កសិកម្ម និងធនាគារប្រាក់កម្ចៃរបស់រដ្ឋាភិបាល នេះបើយោងតាមការអះអាងរបស់រដ្ឋលេខាធិការអចិន្រ្តៃយ៍នៃក្រសួងហិរញ្ញវត្ថុ។

ក្នុងនោះផងដែរក្រសួងនឹងចាត់វិធានការណ៍បន្ទាន់រួមមាន ប្រាក់កម្ចៃពិសេពីសា្ថប័នហិរញវត្ថុសម្រាប់កម្រិតជីវភាពសហគមន៍ដែលមានអត្រាការប្រាក់ទាបជាង ១.២៥% ក្នុងមួយខែ ដើម្បី​ដោះស្រាយបញ្ហា​ប្រាក់កម្ចៃដែលមានការការប្រាក់ខ្ពស់ពីសំណាក់អ្នកចងការប្រាក់ដែលមិនមែនជាស្ថាប័នហិរញវត្ថុ។ ក្រៅពីនេះក៏មានគោលបំណងដើម្បីលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនដែលមានប្រាក់ចំណូលទាបប្រមាណ ១៤ លាននាក់តាមរយៈការប្រើប្រាស់ធនាគាររដ្ឋ ក្នុងការផ្តល់ប្រាក់កម្ចីដល់ពួកគេដើម្បីបង្កើតអាជីវកម្មសហគមន៍។

គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលបានអនុម័តលើវិធានការណ៍ជំរុញដែលមានតម្លៃ ២១.៨៣ ពាន់លានបាត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងជំរុញការប្រើប្រាស់ដើម្បីទូទាត់ការធ្លាក់ចុះនៃការនាំចេញ។ ហើយវិធានការណ៍នេះគ្របដណ្តប់លើការចំណាយចំនួន ១៣.២ ពាន់លានបាតក្នុងផលប្រយោជន៍សុខុមាលភាពសាធារណៈ សម្រាប់អ្នកមានប្រាក់ចំណូលទាបបូករួមទាំងវិធានពន្ធដែលមានតម្លៃ ៨.៦២ ពាន់លានបាតផងដែរ៕

អត្ថបទ៖ លីនី