នាពេលបច្ចុប្បន្ននៅតាមបណ្ដោយផ្លូវទូទាំងរាជធានីភ្នំពេញសំបូរទៅដោយការប្រកបអាជីវកម្មជាច្រើនប្រភេទ មានគ្រប់បែបគ្រប់យ៉ាងថ្មីៗ ប្លែកគួរឲ្យចាប់អារម្មណ៍។ យ៉ាងណាមិញក្រលេកទៅមើលអាជីវកម្មទាអាំងក្នុងពាងហាក់ដូចជាកំពុងពេញនិយមខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ជាមួយគ្នានេះដែរទាអាំងក្នុងពាងមួយកន្លែងដែលមានឈ្មោះថា ទាអាំងទឹកឃ្មុំធម្មជាតិត្រូវបានបង្កើតឡើងដោយលោក យ៉ាត សុជាតិ ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង។
ជាមួយនឹងបទសំភាសន៍ផ្ទាល់ម្ចាស់អាជីវកម្មវ័យ ២៩ ឆ្នាំរូបនេះបានប្រាប់ឲ្យដឹងថាពីដំបូងឡើយគាត់គឺជាអ្នកលក់សាច់ផាកឡូវ និងជាអ្នកខ្វៃជ្រូក ប៉ុន្តែដោយសារតែឃើញពីរបៀបដុតទាក្នុងពាងពីយូធូប ហើយមានការចាប់អារម្មណ៍ និងស្រលាញ់ជំនាញនេះផងគាត់ក៏បានសាកល្បងធ្វើតាម និងបានផ្លាស់ប្ដូរពីអាជីវកម្មលក់សាច់ផាកឡូវមកសាកល្បងលក់ទាអាំងវិញម្ដង។ ជាមួយនឹងការចាប់ផ្ដើមដំបូងលោក សុជាតិ បានចំណាយដើមទុនខ្ទង់ពីរម៉ឺនដុល្លារ ដើម្បីទិញសម្ភារៈ និងទាដែលជាប្រភេទទាស្រែមកពីខេត្ត កំពត តាកែវ កំពង់ចាម និងព្រៃវែង ដោយលក់ ក្នុងតម្លៃ ២០០០រៀល ក្នុងមួយក្បាល ហើយការលក់របស់គាត់បានត្រឹមតែ ២០ ទៅ ៣០ ក្បាលតែប៉ុណ្ណោះ តែដោយសារមានរសជាតិពិសេស ប្លែក និងឆ្ងាញ់ ធ្វើឲ្យការលក់កើនឡើងជាបន្តបន្ទាប់។
ដោយសារតែការលក់ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបច្ចុប្បន្នអាជីវកម្មទាអាំងបានពង្រីកសាខារហូតដល់ ២០ សាខាទាំងក្នងទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្ត។ ហើយជាទូទៅនៅថ្ងៃធម្មតាអាជីវកម្មនេះអាចលក់ទាដាច់ពី ៥០០ ទៅ ៦០០ ក្បាលក្នុងមួយថ្ងៃ និងថ្ងៃសោរិ៍ អាទិត្យលក់ដាច់ដល់ ៨០០ ទៅ ៩០០ ក្បាល ធ្វើឲ្យកសិករចិញ្ចឹមទាសឹងតែមិនទាន់តាមតម្រូវការ៕






អត្ថបទ៖ លីនី


