ប្រទេសឥណ្ឌូនេស៊ីនឹងផ្តល់អាទិភាពដល់ការនាំចូលសាច់ក្របី អង្ករ និងវត្ថុធាតុដើមក្នុងការផលិតស្ករសពីប្រទេសឥណ្ឌា ដែលបានយល់ព្រមកែសម្រួលពន្ធប្រេងដូងសម្រាប់ឥណ្ឌូនេស៊ីកាលពីដើមខែនេះ។ យោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីបានឲ្យដឹងថាប្រទេសឥណ្ឌាបានផ្តល់ឲ្យឥណ្ឌូនេស៊ីនូវឱកាសដើម្បីបង្កើនការនាំចេញប្រេងដូងឆៅរបស់ខ្លួន និងពិតជាសមហេតុសមផលក្នុងការផ្តល់ឲ្យប្រទេសអាស៊ីខាងត្បូងចូលទៅកាន់ទីផ្សារឥណ្ឌូនេស៊ី។
ខណៈដែលឥណ្ឌា គឺជាទីផ្សារប្រេងដូងធំជាងគេរបស់ឥណ្ឌូណេស៊ីដែលមានចំណែកនាំចេញប្រហែល ២០% ស្មើនឹង ៦.៧១ លានតោនកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះកាលពីមុនផលិតផលប្រេងដូងរបស់ឥណ្ឌូនេស៊ីបានប្រឈមនឹងពន្ធនាំចូល ៥០% ពីប្រទេសឥណ្ឌា ស្របពេលដែលប្រទេសគូប្រជែងរបស់ខ្លួន គឺប្រទេសម៉ាឡេស៊ីទទួលបានពន្ធទាបជាង ៤៥% ដោយសារកិច្ចព្រមព្រៀងទ្វេភាគី។ ហើយមកទល់ពេលនេះប្រទេសឥណ្ឌាបានយល់ព្រមកែសម្រួលពន្ធលើប្រទេសឥណ្ឌូនេស៊ី ឲ្យស្មើភាពនឹងការយកពន្ធរបស់ប្រទេសម៉ាឡេស៊ី។
យ៉ាងណាមិញបើទោះបីជាប្រទេសឥណ្ឌាបានផ្តល់អាទិភាពដល់ប្រទេសឥណ្ឌូនេស៊ី និងជាប្រភពនាំចូលប្រេងក៏ដោយ ប្រទេសឥណ្ឌូណេស៊ីនឹងមិនបង្កើនបរិមាណសាច់ក្របី អង្ករ និងវត្ថុធាតុដើមក្នុងការផលិតស្ករសឡើយ ពោលគឺនាំចូលសមល្មមតាមតែតម្រូវការតែប៉ុណ្ណោះ។ ខណៈដែលការនាំចូលសាច់ក្របីអាចបំពេញទៅតាមតម្រូវការសាច់ក្នុងចំនួន ៦២០,០០០ តោន ព្រោះអ្នកផលិតក្នុងស្រុកអាចផ្គត់ផ្គង់បានតែ ៤៥០,០០០ តោនប៉ុណ្ណោះ។
ចំពោះវត្ថុធាតុដើមក្នុងការផលិតស្ករសប្រទេសឥណ្ឌូនេស៊ីកំណត់យកស្មើនឹងពន្ធនាំចូលរបស់ឥណ្ឌាជាមួយបណ្ដាប្រទេសផ្សេងដូចជាអូស្រ្តាលី និងថៃ។ ជាមួយគ្នានេះសម្រាប់ការនាំចូលអង្ករ ឥណ្ឌូនេស៊ីនឹងផ្តល់អាទិភាពដល់ផលិតផលរបស់ប្រទេសឥណ្ឌាជាពិសេសទៅលើប្រភេទអង្ករ Basmati។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នប្រទេសទាំងពីរកំពុងមានគោលបំណងរកប្រាក់ចំណូលចំនួន ៥០ ពាន់លានដុល្លារក្នុងពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៥ ៕
អត្ថបទ៖ លីនី


