គិតដល់ឆ្នាំ២០១៩នេះ កម្ពុជាបានចូលរួមពិព័រណ៍ចិន-អាស៊ានបានចំនួន ១៦លើក ទទួលបាននូវផលប្រយោជន៍ជាច្រើនដោយក្រុមហ៊ុនវិនិយោគធំៗរបស់ចិនបានបោះទុនវិនិយោគច្រើនពាន់លានដុល្លារនៅកម្ពុជា
សេដ្ឋកិច្ច September 23, 2019 Chan Sreyny

ប្រទេសចិន៖ កាលពី​រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗមកពីវិស័យសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍន៍ប្រមាណ ២០០ នាក់។ ថ្លែងក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង​ រវាងចិន និងអាស៊ានបានក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយភាគីទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សង្គម និងវិស័យដទៃទៀតដូចជា ហិរញ្ញវត្ថុ ទូរគមនាគមន៍ និងព័ត៌មានវិទ្យា e-Commerce វិនិយោគ ធនាគារ ឲ្យមានភាពរីកចម្រើន។

តាមរយៈដៃគូយុទ្ធសាស្ត្រនេះ បានជំរុញទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន ឲ្យមានសន្ទុះកើនឡើងក្នុងទំហំទឹកប្រាក់ប្រមាណ ៥៨៧,៨៧ ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឲ្យអាស៊ានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់ទី២ របស់ប្រទេសចិន។ ទន្ទឹមនឹងនេះចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ម-ចិន លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍វប្បធម៌ ការទូត និងរវាងប្រជាជន មានការរីកចម្រើនជាលំដាប់ ដោយឈរលើស្មារតី គោរពជឿទុកចិត្ត គ្នាទៅវិញទៅមកស្របតាមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ។

ជាមួយគ្នានេះដែរលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ បានជំរុញឲ្យទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបាន ៦,៤៥៧ លានដុល្លារកាលពីឆ្នាំ ២០១៨។ ដោយប្រទេសចិនឈរនៅលំដាប់ទី១ នៃការវិនិយោគនៅកម្ពុជា ដែលកាលពីឆ្នាំ ២០១៨ កន្លងទៅ ចិនបានដាក់ទុនវិនិយោគប្រមាណ ៣,៥៩៤​ លានដុល្លារ លើវិស័យកាត់ដេរ អគ្គិសនី​ រោងចក្រម៉ាស៊ីនកិនស្រូវ កសិ-ឧស្សាហកម្ម រ៉ែ និងថាមពល សំណង់ និងធ្យូងថ្ម។ រីឯចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាក៏មានការកើនឡើងរហូតដល់ជាង ២ លាននាក់កាលពីឆ្នាំមុនផងដែរ។

លើសពីនេះទៅទៀតកម្ពុជាបានគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាននេះ ជាក់ស្ដែងកន្លងមក កម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះបានចំនួន ១១លើកមកហើយ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី នេះជាចំនួនច្រើនជាងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានដទៃ។ មិនតែប៉ុណ្ណោះ​គិតចាប់ពីឆ្នាំ២០០៤ មកដល់ឆ្នាំ ២០១៩ នេះ កម្ពុជាបានចូលរួមពិព័រណ៍ចិន-អាស៊ានបានចំនួន ១៦លើក ដោយទទួលបាននូវផលប្រយោជន៍ជាច្រើនដូចជាបានធ្វើឲ្យទំនិញកម្ពុជាបានជ្រៀតចូលទីផ្សារចិន កម្ពុជាបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មបានចំនួន ៤ ទីតាំងក្នុងខេត្តចំនួនផ្សេងៗគ្នា។ ហើយតាមរយៈពិព័រណ៍នេះមានក្រុមហ៊ុនវិនិយោគធំៗរបស់ប្រទេសចិនបានបោះទុនវិនិយោគច្រើនពាន់លានដុល្លារនៅកម្ពុជា និងជាវេទិកាសម្រាប់ទាក់ទាញ និងកៀរគរទេសចរចិនចូលមកកំសាន្តប្រទេសកម្ពុជាផងដែរ៕